អាំង សំអាត ក្លាយជា​ជើង​ខ្លាំង​ទី​8​ចាញ់​កីឡាករ​ថៃ Phun Savath

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​វត្តមាន​បង្ហាញខ្លួន​លើក​ទី​៩​របស់​កីឡាករ​ថៃ Phun Savath បាន​ទទួល​ជ័យជម្នះ​ត្រឡប់​ទៅ​វិញ​ទាល់តែ​បាន បើ​ទោះជា​គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា ។ លទ្ធផល​ចុង​ក្រោយ ក៏​បង្ហាញ​ថា កីឡាករ​អាំង សំអាត ក៏​ក្លាយជា​ជើង​ខ្លាំង​ទី​៨ ដែល​ត្រូវ​កីឡាករ​ថៃ​រូប​នេះ​វាយបំបាក់​ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ដែល​គេ​ប៉ះ​ប្រកួត​ចំនួន​៩​លើក​នៅ​កម្ពុជា​នោះ​ផង​ដែរ ។

លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​បាន​អះអាង​ថា នេះ​ជា​លើក​ទី​៩​ហើយ​ដែល​កីឡាករ Phun Savath បាន​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​គេ​បាន​ក្លាយជា​កីឡាករ​ល្អ​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ។ តួលេខ​របស់​កីឡាករ​រូប​នេះ គឺ​គេ​មក​ប្រកួត​៧​លើក​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​២​លើក​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣ ។ ទោះបី​យ៉ាងណា លោក​ថា​ការ​បង្ហាញខ្លួន​របស់​កីឡាករ​រូប​នេះ គឺ​ចាញ់​តែ​មួយ​លើក​ប៉ុណ្ណោះ ក្រោម​ដៃ​កីឡាករ​បាង កា​យ៉ាក របស់​កម្ពុជា​មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ។ អ៊ីចឹង​ហើយ​ទើប​ការ​យកឈ្នះ​លើ​កីឡាករ​អាំង សំអាត កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៧ ធ្នូ ម្សិល​ម៉្ងៃ គឺជា​ជ័យជម្នះ​លើក​ទី​៨​របស់​គេ ហើយ​ក៏​មាន​ន័យ​ថា​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​រូប​នេះ ត្រូវ​បាន​ចុះបញ្ជី​ថា​ចាញ់​គេ​នៅ​ក្នុង​លេខ​រៀង​ទី​៨​នោះ​ផង​ដែរ ។

លោក​ថា​កីឡាករ​កម្ពុជា​ដែល​ស្ថិត​ក្នុង​បញ្ជី​បរាជ័យ​ក្រោម​ដៃ​របស់​កីឡាករ​ថៃ​រូប​នេះ​រួម​មាន​កីឡាករ​ជើង​ខ្លាំង​ពេជ្រ ម្ទេសខ្មាំង កីឡាករ​សែន រ៉ា​ដេ​ត កីឡាករ​ម៉​ន វិ​រៈ និង​កីឡាករ​ម៉​ន ព្រហ្ម​ម៉ា​ញ​។ ក្នុង​នោះ​កីឡាករ​កម្ពុជា​ដែល​បាន​សាកល្បង​កណ្ដាប់ដៃ​ជាមួយ​គេ ក៏​ត្រូវ​ទ្រម​ខ្លួន​ណាស់​ដែរ បន្ថែម​ពីលើ​លទ្ធផល​បរាជ័យ​នៅ​ក្រោយ​ការ​ប្រកួត ។ លោក​ថៃ អ៊ូ និយាយ​ថា ៖«​តាំងពី​ខ្ញុំ​ដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​(​នៅ​កម្ពុជា​) Phun Savath ខ្ញុំ​យក​មក​៩​លើក​ហើយ មាន​តែ​កីឡាករ​បាង កា​យ៉ាក​មួយ​គត់ ដែល​បាន​ឈ្នះ​គេ​ទាំង​ត្រដាបត្រដួស ក្រៅពី​ហ្នឹង​ចាញ់​ទាំងអស់​» ។

លោក​ថា Phun Savath ជា​កីឡាករ​ល្អ​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ដោយនៅ​ទីក្រុង​បាងកក គេ​ឧស្សាហ៍​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ល្អ​ៗ និង​កីឡាករ​បរទេស​ដែល​រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍​នៅ​ទីនោះ​មិន​ខុស​ពី​កីឡាករ​ល្អ​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។ លោក​ថា ក្នុង​ចំណោម​កីឡាក​ថៃ​ដែល​លោក​បាន​ដឹកនាំ​ឲ្យ​ចុះ​មក​ប្រកួត គឺ​មាន​តែ​គេ​ប៉ុណ្ណោះ ដែល​មាន​តួលេខ​ប្រកួត​ចាញ់​តិច​បំផុត ហើយ​អាច​និយាយ​បាន​ជ័យជម្នះ​របស់​បាង កា​យ៉ាក គឺ​ឈ្នះ​ដោយ​ឱកាស​សំណាង​បំផុត​ដោយសារ​តែ​ការ​ប្រកួត​នៅ​ក្នុង​ពេល​នោះ គឺ​គេ​មាន​បញ្ហា​ជិះឡាន​ផ្លូវ​ឆ្ងាយ​ហើយ​មិនសូវ​ស្រួលខ្លួន ។

លោក​ញាណ សុធី បាន​អះអាង​ថា ក្នុង​ចំណោម​កីឡាករ​ថៃ​ទាំងអស់ លោក​កត់សម្គាល់ ថា​កីឡាករ​Phun Savath មាន​សមត្ថ​ភាពល្អ​ប្រសើរ​ជាងគេ ដោយសារ​តែ​គេ​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ចំនួន​៧​លើក​គឺ​មិន​ដែល​បរាជ័យ​ទាល់តែ​សោះ​។ ជាក់ស្ដែង​សូ​ម្បី​តែ​លោក​បាន​ផ្គូផ្គង​ឲ្យ​ប្រកួត​ជាមួយ​អាំង សំអាត​ដែល​មាន​ប្រវត្តិ និង​បទ​ពិសោធន៍​ប្រកួត​ឈ្នះ​ថៃ​រាប់​មិន​អស់ ក៏​នៅ​តែ​ចាញ់​ខុស​ពី​ការ​គ្រោងទុក​ដដែល ។ លោក​មាន​ប្រសាសន៍​ថា ទម្ងន់​៥៤​គីឡូក្រាម​របស់​កីឡាករ​ថៃ​រូប​នេះ គឺ​ពិបាក​ស្វែងរក​ជើង​ខ្លាំង​កម្ពុជា​ឲ្យ​ប៉ះ​ជាមួយ​ខ្លាំង​ណាស់ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ល្អ​ៗ៨​រូប​ទៅ​ហើយ​ត្រូវ​គេ​វាយបំបាក់​នៅ​លើ​សង្វៀន​ព្រម​គ្នា ។

យ៉ាងណា​ក៏​ដោយ​លោក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​អ្នក​ឈ្នះ​កីឡាករ​Phun Savath បើ​ទោះជា​៨​រូប​ទៅ​ហើយ​រាប់​បញ្ចូល​ទាំង​អាំង សំអាត នោះ​ផង ទើបតែ​ចាញ់​ក្រោម​ដៃ​របស់​គេ ។

សម្រាប់​មួយគូ​អន្តរជាតិ​ទៀត កីឡាករ​យុគ យក្ស​ផ្លែ មក​ពី​ក្លិប​អប់រំ​កាយ និង​កីឡា​ខេត្តបាតដំបង បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​អាច​ផ្ដួល​កីឡាករ​ថៃ​ឈ្មោះ Kham ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ។ ជ័យជម្នះ​របស់​គេ​ធ្វើ​ឲ្យ​មានការ​កត់សម្គាល់​យ៉ាង​ខ្លាំង​ថា​យុគ យក្ស​ផ្លែ បើ​ទោះជា​បាត់​មុខ​យូរ​មិនសូវ​បាន​ឡើង​ប្រកួត​ក៏​នៅ​តែ​មាន​សមត្ថ​ភាពល្អ ហើយ​អាច​ធ្វើ​ឲ្យ​គូប្រកួត​ដួល​ខ្ពោក​នៅ​លើ​សង្វៀន ។ ក្រេ​ឌី​តរបស់​គេ​ក៏​ត្រូវ​ឈាន​ឡើង​មួយ​កម្រិត​បន្ថែម​ទៀត ក្រោយ​ពី​ឈ្នះ​កីឡាករ​ថៃ​ខុស​ពី​ការ​គ្រោងទុក​នេះ​ផង​ដែរ ៕