ស៊ឹ​ម ប៊ុ​ន​ឆៃ ហាលអាវ​ក្រោម​ដៃ​គង់ ហូ​វ គួរ​ឱ្យ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជម្រុះ​សម្រាប់​ស​ប្ដា​ហ៍​ទី​៣ នៅ​ក្នុង​ព្រឹត្តិការណ៍​«​ជើងឯក​Tiffy Super Fight វគ្គ​២» ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម កីឡាករ​ជើង​ខ្លាំង និង​ល្បីឈ្មោះ​យូរ​មក​ហើយ ស៊ឹ​ម ប៊ុ​ន​ឆៃ បាន​ក្លាយជា​អ្នក​ហាលអាវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល កាលពី​យប់​ថ្ងៃ​ទី​២៧ ធ្នូ ម្សិល​ម៉្ងៃ ។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុ​សិ៍្ដ​លេខ​៥​នេះ  កីឡាករ​វ័យក្មេង​គង់ ហូ​វ បាន​ទទួល​ការ​សរសើរ​ហួស​ពី​ការ​ស្មាន​បន្ទាប់​បាន​ឈាន​ចូល​វគ្គ​១៦​នាក់​ដូច​ការ​គ្រោងទុក បើ​ទោះជា​អ្នក​កាន់ជើង​ចំពោះ​អ្នក​ចាញ់​ខ្លះ បាន​លើក​ឡើង​ថា​ជា​ការ​ផ្ដល់​ពិន្ទុ​បំបាក់​ស៊ឹ​ម ប៊ុ​ន​ឆៃ នោះ​ក៏​ដោយ ។

ព្រឹត្តិការណ៍ «​ជើងឯក​Tiffy Super Fight​វគ្គ​២»​ដែល​ទើប​ដំណើរការ​នោះ ត្រូវ​គេ​កត់​សម្គាល់ថា កាន់តែ​មាន​អ្នក​ទស្សនា​ចាប់អារម្មណ៍​ទ្វេ​ដង​នៅ​បរិវេណ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥​ជ្រោយចង្វា ។ ការ​ប្រកួត​សម្រាប់​ស​ប្ដា​ហ៍​ទី​៣​នេះ កាន់តែ​មាន​វត្តមាន​កីឡាករ​ខ្លាំង​ៗ​បង្ហាញខ្លួន​ក្នុង​ចំណោម​បេក្ខភាព​សរុប​៣២​រូប​ដែល​ចូលរួម​ប្រកួត ។ អ៊ីចឹង​ហើយ​ទើប​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​ហាក់​ធ្វើ​ឲ្យ​មានការ​ជក់ចិត្ត​កាន់តែ​ច្រើន មិន​ថា​ក្នុង​រង្វង់​អ្នក​ចូល​ចិត្ត​កីឡាករ​ហាលអាវ ឬ​កីឡាករ​ដែល​បាន​ឡើង​ទៅ​វគ្គ​១៦​នាក់​នោះ​ទេ ។ ជាក់ស្ដែង​វត្តមាន​កីឡាករ​៤​រូប ដែល​បាន​ឡើង​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ​កាលពី​យប់ម្សិល​ម៉្ងៃ គឺ​បង្ហាញ​កាន់តែ​ច្បា​ស់ថាបាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​បែកញើស​ដោយសារ​បុក​ពោះ​ទម្រាំ​រក​ឃើញ​អ្នក​ឈ្នះ​២​នាក់​បន្ត​ទៅ​កាន់​កៅអី​១៦​នាក់​ដែល​ជា​ជុំ​ទី​២​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​នោះ ។

កីឡាករ​ស៊ឹ​ម ប៊ុ​ន​ឆៃ មក​ពី​ក្លិប​ព្រៃ​ទទឹង​ខេត្តបាត់ដំបង ដែល​ត្រូវ​គេ​ព្យាករ​ភាគច្រើន​ថា​នឹង​ឡើង​ទៅ​កាន់​វគ្គ​បន្ត​១៦​នាក់​ដោយ​មិន​លំបាក បាន​ក្លាយជា​អ្នក​បរាជ័យ​ខុស​ពី​ការ​គ្រោងទុក​ក្រោម​ដៃ​កីឡាករ​ជើង​ថ្មី និង​វ័យក្មេង​ដែល​ទើបតែ​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន ។ កីឡាករ​គង់ ហូ​វ មក​ពី​ក្លិប​កង​អន្តរាគមន៍​លេខ​២ នៃ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​មាន​ប្រវត្តិ​ឡើង​ប្រកួត​តិចតួច​នៅឡើយ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​កោតសរសើរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មានសំណាង​វាយ​បំ​បុក​ជើង​ខ្លាំង ។

ការ​ប្រកួត​គូ​នេះ មិន​ខុស​ពី​ជើង​ចាស់​ប៉ះ​ជើង​ថ្មី​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​មាន​ចំណុច​ខុស​ប្លែក គឺ​កីឡាករ​ជើង​ថ្មី​បាន​ប្រដៅ​ជើង​ចាស់​ដោយ​មិន​សំចៃ​ដៃ ដោយ​បាន​ទាំង​វាយបំបាក់​កីឡាករ​ស៊ឹ​ម ប៊ុ​ន​ឆៃ ដែល​មាន​ប្រវត្តិ​ឡើង​ប្រកួត​កម្រិត​ជាតិ​និង​អន្តរជាតិ​រាប់​មិន​អស់​ឲ្យ​ធ្លាក់​ក្នុង​អន្លង់​ត្រូវ​ហាលអាវ ហើយ​បាត់បង់​ឱកាស​ឈាន​ឡើង​ទៅ​វគ្គ​១៦​នាក់ ដែល​ជា​វគ្គ​ទី​២​ដែល​សមាសភាព​ទាំង​៣២​រូប​ចង់បាន ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​កីឡាករ​គង់ ហូ​វ ត្រូវ​គេ​មើលឃើញ​ថា​មាន​សន្ទុះ​វាយ​ល្អ​ទាំង​កែង ម៉ាត់ និង​ជង្គង់ មុត​ស្រួច ក្នុង​ការ​វាយ​ទម្លាក់​កីឡាករ​បង្គោល​ខៀវ ។ ទាំង​ជើង​ទាំង​ដៃ កីឡាករ​ជើង​ថ្មី​បង្គោល​ក្រហម​រស់​រវើក​ព្រម​គ្នា ទើប​អាច​ធ្វើ​ឲ្យ​កីឡាករ​ជើង​ចាស់​ស៊ឹ​ម ប៊ុ​ន​ឆៃ ទប់​មិន​ជាប់​ហើយ​ក្លាយជា​អ្នក​ចាញ់​ប្រៀប ។

បើ​ទោះជា​ក្នុង​ទឹក​ទី​៣ កីឡាករ​រូប​នេះ​អាច​ស្ដារ​ដើម​បាន​ខ្លះ ក៏​ឱកាស​នៅ​វគ្គ​ចុង​ក្រោយ​នៅ​តែ​ត្រូវ​បាត់បង់ ដែល​មាន​ន័យ​ថា​កីឡាករ​ស៊ឹ​ម ប៊ុ​ន​ហ៊ី​ម ត្រូវ​រង​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង ដោយ​ក្រៅពី​បាត់​ឱកាស​ឈាន​ឡើង​ឆ្ពោះទៅ​តំណែង​ជើងឯក និង​ប្រាក់​លាន​ហើយ ក៏​ត្រូវ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ត្រូវ​កីឡាករ​គង់ ហូ​វ វ័យក្មេង​វាយបំបាក់​ធ្វើ​ឲ្យ​ធ្លាក់​ក្រេ​ឌី​ត​ទៀត​ផង ។

លោក​សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​ប៉ុស្ដិ៍​លេខ​៥ បាន​កោតសរសើរ​ចំពោះ កីឡាករ​គង់ ហូ​វ បន្ទាប់​ពី​គេ​អាច​វាយបំបាក់​កីឡាករ​ល្បីឈ្មោះ​យូរ​មក​ហើយ​គឺ ស៊ឹ​ម ប៊ុ​ន​ឆៃ ឲ្យ​ហាលអាវ​នៅ​លើ​សង្វៀន ។ លោក​ថា​ការ​ប្រកួត​ដណ្ដើម​ជើងឯក​ក្នុង​រដូវ​កាល​ទី​២​របស់​ក្រុមហ៊ុន​Tiffy​នេះ កីឡាករ​ទាំង​៣២​រូប​ដែល​បាន​ជ្រើសរើស​យក​មក​ប្រកួត​នៅ​លើ​សង្វៀន គឺ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ប្រចាំ​ក្លិប​នានា​មក​ពី​ទូ​ទាំង​ប្រទេស​ទាំងអស់ ។ លោក​ថា ក្នុង​ចំណោម​កីឡាករ​ដែល​ចូល​ប្រកួត ទោះជា​ឈ្នះ ឬ​ចាញ់ គឺ​សុទ្ធតែ​ល្អ និង​គួរ​ឲ្យ​ស្ដាយ​ទាំងអស់ ។ អ៊ីចឹង​ហើយ​ទើប​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​នេះ គឺ​ច្បាស់​ណាស់​ថា​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត ហើយ​អ្នក​ឈាន​ឡើង​ទៅ​វគ្គ​បន្តបន្ទាប់ នឹង​ទទួល​បាន​ក្រេ​ឌី​ត​នៅ​លើ​សង្វៀន ។ ជាក់ស្ដែង​វត្តមាន​ឈាន​ឡើង​របស់​គង់ ហូ​វ និង​ការ​ធ្លាក់​ចេញ​របស់​ស៊ឹ​ម ប៊ុ​ន​ឆៃ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​ពួក​គេ​ជា​ជើង​ខ្លាំង ។

សម្រាប់​មួយគូ​ទៀត​ដែល​ដណ្ដើម​ជើងឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដូច​គ្នា កីឡាករ​សេង ហៀ​ង មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ជា​អ្នក​ឈាន​ឡើង​ទៅ​វគ្គ​១៦​នាក់ បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ​ល្បីឈ្មោះ​ដូច​គ្នា​គឺ​យិ​ន បូ​រិ​ន មក​ពី​ក្លិប​អាស៊ី​កីឡា ។ ទោះបី​យ៉ាងណា​ទាំង គង់ ហូ​វ និង​សេង ហៀ​ង នៅ​មិន​ទាន់​ប្រាកដ​ពី​ជោគវាសនា​សម្រាប់​វគ្គ​បន្ត​នោះ​ទេ
បើ​ទោះជា​បាន​អង្គុយ​កៅអី​១៦​នាក់​នា​ពេល​នេះ​ក្ដី ៕