KMH Champions League ជំនួប​ក្រុម​បាល់​ទាត់​កំពូល​៣២ ជិត​ចេញ​រូបរាង​ហើយ

KMH Champions League ជំនួប​ក្រុម​បាល់​ទាត់​កំពូល​៣២ ជិត​ចេញ​រូបរាង​ហើយ

ពាន​រង្វាន់​បាល់​ទាត់​​ថ្មី​មួយ​ដែល​ទើប​បង្កើត​ឡើង មាន​ឈ្មោះ​ថា KMH Champions League នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ខែ​មករា​ខាង​មុខ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​កំពូល​នៃ​លីក​បាល់​ទាត់​មិន​អាជីព​៧ ដើម្បី​រក​ប្រាក់​ជា​ជំនួយ​មនុស្ស​ធម៌​នានា។

 

KMH Champions League ជំនួប​ក្រុម​បាល់​ទាត់​កំពូល​៣២ ជិត​ចេញ​រូបរាង​ហើយ

 

អ្នក​រៀប​ចំ​​ព្រឹត្តិការណ៍​បាល់​ទាត់​ពាន​រង្វាន់ KMH Champions League បាន​ឲ្យ​ដឹង​ថា ក្រុម​ទាំង៣២ ដែល​ចូល​រួម​សុទ្ធតែ​មាន​ចំណាត់​ថ្នាក់​ល្អ​មក​ពី​លីគ​ទាំង​៧ ដូច​ជា KMH Cup, DOMREYSOR League, Rooy7 League, Rama League, Holy League, Emperial League និង Bunla Soccer League។ ក្រុម​ដែល​ចូល​រួម​ត្រូវ​បង់​ប្រាក់ ១០០​ដុល្លារ ហើយ​ចប់​ការ​ប្រកួត ប្រាក់​ទាំង​នោះ​នឹង​បង្វិល​ជា​ជំនួយ​មនុស្ស​ធម៌​ដល់​អង្គការ ឬ​ស្ថាប័ន​នានា។

 

ប្រាក់​រង្វាន់​សម្រាប់​ការ​ប្រកួត​នេះ​គឺ ​លេខ​មួយ​នឹង​ទទួល​បាន ៣​ពាន់​ដុល្លារ អម​ដោយ​ពាន​តម្កល់​មួយ ឯ​លេខ​២ ទទួល​បាន ១៥០០​ដុល្លារ និង​លេខ​៣ ទទួល​បាន ៧៥០​ដុល្លារ។ ចំពោះ​ក្រុម​ដែល​ឡើង​ដល់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ទទួល​បាន ៣៥០​ដុល្លារ វគ្គ ៨​ក្រុម​ចុង​ក្រោយ​ទទួល​បាន ១៥០​ដុល្លារ និង​ក្រុម​ដែល​ឡើង​ដល់​វគ្គ ១៦​ក្រុម​ទទួល​បាន ៥០​ដុល្លារ។

 

កម្មវិធី​ប្រកួត​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង បង្កើន​កម្រិត​បាល់​ទាត់​នៅ​កម្ពុជា ក៏​ដូច​ជា​ផ្ដល់​ឱកាស​ដល់​កីឡាករ​វ័យ​ក្មេង​បញ្ចេញ​សមត្ថភាព​លើ​ទីលាន។ មួយ​វិញ​ទៀត ព្រឹត្តិការណ៍​បាល់​ទាត់ KMH Champions League មាន​បំណង​ចង់​ឲ្យ​ក្រុមហ៊ុន អង្គការ បណ្ដាញ​សារព័ត៌មាន និង​ក្លឹប​បាល់​ទាត់​ទាំង​​អស់ ធ្វើការ​ជាមួយ​គ្នា​ដើម្បី​សកម្មភាព​មនុស្សធម៌។ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០១៦ ហើយ​គ្រោង​បញ្ចប់​ទៅ​វិញ​នៅ​ខែ​មិថុនា។

 

ព័ត៌មាន​លម្អិត  Sabay នឹង​ផ្សាយ​ជូន​បន្ទាប់​ពី​សន្និសីទ​នៅ​ថ្ងៃ​ទី៨ ខែ​មករា​ខាង​មុខ។

 

អត្ថបទ៖ គង់ វិសាល