ការ​ប្រកួត​ជើងឯក DJ ត្រៀម​ធ្វើ​ជា​លើក​ដំបូង​នៅ​កម្ពុជា

ការ​ប្រកួត​ជើងឯក DJ ត្រៀម​ធ្វើ​ជា​លើក​ដំបូង​នៅ​កម្ពុជា

ឆាប់ៗ​នេះ នឹង​មាន​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក DJ នៅ​ប្រទេស​កម្ពុជា​លើក​ដំបូង ដែល​មាន​ឈ្មោះ​ថា Cambodian DJ Championship 2016 ។

 

លោក Raindy ប្រធាន​ផ្នែក​ទីផ្សារ​បាន​និយាយ​ថា អ្នក​ប្រឡូក​ក្នុង​អាជីព​នេះ​ទាំង​អស់ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា អាច​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ប្រកួតប្រជែង​បាន។ លោក​បន្ត​ថា បេក្ខជន​ទាំង​អស់​ត្រូវ​មាន​សមត្ថភាព Mix ភ្លេង​ដោយ​ខ្លួន​ឯង និង​ធ្លាប់​មាន​ស្នាដៃ​នា​ពេល​កន្លង​មក មិន​ថា​តែ​អ្នក​បំពេញ​ការងារ​តាម​ក្លឹប​កម្សាន្ត ឬ​តាម​ស្ថានីយ​វិទ្យុ​នោះ​ទេ។

 

ការ​ប្រកួត​ជើងឯក DJ ត្រៀម​ធ្វើ​ជា​លើក​ដំបូង​នៅ​កម្ពុជា

 

ដោយ​ឡែក សម្រាប់​សមាសភាព​គណៈកម្មការ​ផ្ដល់​ពិន្ទុ​វិញ មាន​ជនជាតិ​ខ្មែរ ២ រូប និង​ជនបរទេស ២ រូប​មក​ពី​អាហ្វ្រិក និង​ប្រទេស​ឥណ្ឌា ដោយ​ពួក​គេ នឹង​ផ្ដល់​ពិន្ទុ​យ៉ាង​សុក្រឹត​ដល់​បេក្ខភាព​ទាំង​អស់ ផ្អែក​តាម​សមត្ថភាព និង​ទេព​កោសល្យ។ លោក​បន្ត​ថា អ្នក​មាន​ចំណាត់​ថ្នាក់​លេខ១ ទទួល​បាន​ទឹក​ប្រាក់ ១០ លាន​រៀល ចំណាត់​លេខ២ ទទួល​បាន​ទឹក​ប្រាក់ ៦ លាន​រៀល ចំណាត់​ថ្នាក់​លេខ៣ ទទួល​បាន ៤ លាន​រៀល និង​ចំណាត់​ថ្នាក់​លេខ៤ ទទួល​បាន​ទឹក​ប្រាក់ ២លាន​រៀល។

 

ប្រធាន​ផ្នែក​ទីផ្សារ​ដដែល​អះអាង​បន្ថែម​ទៀត​ថា មាន​មធ្យោបាយ ២ យ៉ាង ដើម្បី​ចូលរួម​ប្រកួតប្រជែង ដោយ​ទៅ​យក​ពាក្យ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត Rock និង​ចូល​ទៅ​កាន់​គេហទំព័រ www.cambodiandj.com ដើម្បី​ចុះ​ឈ្មោះ​ចូលរួម។ ម្យ៉ាង​ទៀត ក៏​នឹង​មាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២៩ ខែ ធ្នូ ២០១៥ វេលា​ម៉ោង ២ ​រសៀល​នៅ​មជ្ឈមណ្ឌលកម្សាន្ត Rock ​​ផង​ដែរ ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​នេះ៕

 

អត្ថបទ៖ សំ ជំនាញ