ទីក្រុងប៉េកាំង ឈានដល់​តំណាក់កាល ខ្វះហ្គាស ប្រើប្រាស់

ប៉េកាំង៖ ក្រុងប៉េកាំង បានកំណត់ បរិមាណឧស្ម័នធម្មជាតិ សម្រាប់ការប្រើប្រាស់ នៅតាម អគារសាធារណៈ និង បានផ្អាកការផ្គត់ផ្គង់ ទៅឲ្យសហគ្រាស ឧស្សាហកម្មផ្សេងទៀត ជាបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃសៅរ៍ ដោយ សារតែ ទីក្រុង ដែលធ្លាប់ប្រឈមខ្យល់ពុល កម្រិតខ្ពស់បំផុតមួយនេះ បាន និងកំពុងជួបការ ខ្វះខាតហ្គាស ជាបណ្តោះអាសន្ន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០១៥ នេះដោយ យោងតាមសេចក្តី ថ្លែងការណ៍ពីគណៈកម្មាធិការក្រុងទទួលបន្ទុក ផ្នែករដ្ឋបាល និង បរិស្ថាន ឲ្យដឹងថា ការនាំចូលឧស្ម័នធម្មជាតិ ដោយក្រុមហ៊ុនប្រេងជាតិចិនហៅកាត់ថា (CNPC) បានអាក់ខាន ដោយសារតែខ្យល់ពុល យ៉ាងធ្ងន់ធ្ងរ វាយប្រហារភាគខាងជើង ប្រទេស ទើបបណ្ដាល ឲ្យជួបការខ្វះខាតបែបនេះ។

នាវាដឹកឧស្ម័ន របស់ក្រុមហ៊ុននេះ បានបរាជ័យក្នុងការទម្លាក់ឧស្ម័ន នៅពេលមកដល់កំពង់ផែ ប៉ុន្ដែស៊ីតុណ្ហភាព នៅតាមអាគារសាធារណៈ នឹងត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់ សម្រាប់តំបន់ ដែលរងផលប៉ះពាល់ខ្លាំង រួមមាន កន្លែងការងារ ហាងលក់ដូរទំនិញ នាយកដ្ឋាន និង កន្លែងកម្សាន្ត នានាផ្សេងទៀត។ បច្ចុប្បន្ន រដ្ឋាភិបាលកំពុង ចាត់ វិធានការ ដើម្បីធានាឲ្យបាន នូវការផ្គត់ផ្គងឡើងវិញក្នុងរដូវរងារ ដែលជាតម្រូវការចាំបាច់ មិនអាចខ្វះ បាននោះ៕

ទីក្រុងប៉េកាំង ឈានដល់​តំណាក់កាល ខ្វះហ្គាស ប្រើប្រាស់