បុរស​ម្នាក់​មាន​សតិ​មិន​គ្រប់​ចង​.​ក​បញ្ចប់ជីវិត បង្ក​ភ្ញាក់ផ្អើល​ទាំង​ព្រឹក

ខេត្ត​កណ្តាល ៖ បុរស​​មាន​សតិ​មិន​គ្រប់​ម្នាក់បាន​យក​ក្រណាត់​អាវ​មក​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​​​ម៉ោង​០៥ និង​២០​នាទី​​ព្រឹក​ថ្ងៃ​ទី​​២៨ ធ្នូ ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ខាងក្រោយ​សាលាឆទាន​ ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៣០០​ម៉ែត្រ ក្នុងភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ធូ សុផល អាយុ​៤៧​ឆ្នាំ មិន​មាន​​ប្រពន្ធ​ទេ រស់នៅ​ជាមួយ​បងប្អូន​ក្នុងភូមិ​-​ឃុំ​ខាងលើ ប៉ុន្តែ​ដោយ​ជន​រង​គ្រោះ​មាន​សតិ​មិន​គ្រប់​ ចេះ​តែ​យក​មុង​កន្ទេល​ដើរ​ដេក​តាម​ផ្លូវ ។ ប្រភព​បន្ត​ថា កន្លង​មក ជន​រង​គ្រោះ​បាន​ព្យាយាម​សម្លាប់​ខ្លួន​២-៣​ដង​ហើយ តែ​មិន​បាន​សម្រេច​ទេ ដោយសារ​បងប្អូន​ឃាត់​ទាន់ ។

លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ធ្នូ នោះ ជន​រង​គ្រោះ​យក​មុង​មក​ចង​ដេក​នៅ​រោង​សាលាឆទាន​ខាងលើ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ភ្ញាក់ផ្អើល​ថា ជន​រង​គ្រោះ​យក​ក្រណាត់​អាវ​ចង​.​ក​ជាប់​នឹង​ធ្នឹម​រោង​សាលាឆទាន​ស្លាប់​បាត់​ទៅ​ហើយ ។