២យប់ចោរ​គាស់​ផ្ទះ​ពលរដ្ឋ​២កន្លែងក្នុង​ស្រុក​អន្លង់​វែង​​

ខេត្ត​ឧត្តរមានជ័យ ​៖ ​លំនៅ​ឋាន​ពលរដ្ឋ​២​កន្លែង​ត្រូវ​ក្រុម​ចោ​រគាស់​ចូល​យក​ទ្រ​ព្យ​សម្បត្តិ​ និង​លុយ​អស់​ជា​ច្រើន ​​កាលពី​រំលង​អធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​២៨​ ធ្នូ​ ២០១៥​​ នៅ​ភូមិ​អូរ​ចិ​ញ្ជៀ​ន ​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ​​។

ម្ចាស់​លំនៅ​ឋាន​ទី​១​-ឈ្មោះ​ឡុ​ង ណា​រិ​ន ​ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ មុខរបរ​ជា​អាជីវករ​លក់​ត្រី​ក្នុង​ផ្សារ​ចាស់​ មាន​ទីលំនៅ​ក្នុងភូមិ-​ឃុំ​កើតហេតុ​បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង​៧​យប់ ​ថ្ងៃ​ទី​២៧ ​ធ្នូ​ ២០១៥ ​រូប​គាត់ និង​ប្តី​ព្រមទាំង​កូន​បាន​ចូល​ដេក​ទាំងអស់​គ្នា​ ដោយ​មិន​បានដឹង​ខ្លួន​ដូច​ជា​ត្រូវ​ថ្នាំ​សណ្តំ​អ៊ីចឹង លុះ​ទៀប​ភ្លឺ ស្រាប់​តែឃើញ​ទ្វារផ្ទះ​ចំហ​ដោយសារ​ស្នាដៃ​ក្រុម​ចោរ​គាស់​ទ្វារផ្ទះ​ចូល​យក​លុយ​ចំនួន​១.៧០០​ដុល្លា​អា​មេ​រិ​ក លុយ​ខ្មែរ​ចំនួន​១២​លាន​រៀល​ និង​ទូរស័ព្ទ​ដៃ​ម៉ាក​Samsung​ មួយ​គ្រឿង​តម្លៃ​២៨០​ដុល្លារ​។

ម្ចាស់​លំនៅ​ឋាន​ទី​២​-ឈ្មោះ​សុត សៀង​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ មុខរបរ​លក់​គ្រឿង​សង្ហា​រឹម​ ​រស់នៅ​ភូមិ​ជាមួយ​ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុម​ចោ​រគាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​អស់​លុយ​ខ្មែរ​ចំនួន​២​លាន​រៀល​នឹង​ទូរស័ព្ទ​ដៃ​ម៉ាក I.Phone​ ចំនួន​៦​គ្រឿង ​ទូរស័ព្ទ​ម៉ាក​ Sanmsung​ ចំនួន​១​គ្រឿង​ផង​ដែរ​។

​ពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្នុងស្រុក​អន្លង់​វែង​បាន​រៀបរាប់​ថា នៅ​ក្នុងស្រុក​នេះ​តែងតែ​កើត​មាន​ករណី​ក្រុម​ចោ​រគាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ជា​ញឹកញាប់​មក​ហើយ និង​ក្រុម​ចោ​ប្លន់​លើ​ករណី​ធំ​ៗ​កន្លង​មក គេ​បាន​សង្កេត​ពុំដែល​ឃើញ​សមត្ត​កិច្ច​​​បង្ក្រាប​បាន​ម្តងណា​ទេ តែបើ​ឃើញ​​បង្ក្រាប​បានជា​ញឹកញាប់​នោះ​ជា​ចោ​រកំប៉ិកកំប៉ុក​លួច​មាន់​ទា ​និង​ចោ​រលួច​ស្បែកជើង​ប៉ុណ្ណោះ​។​ ​

ទាក់ទិន​ក្រុម​ចោ​គាស់​ផ្ទះ​ចូល​យក​ទ្រព្យសម្បត្តិ​ពលរដ្ឋ​២​ខ្នង​ផ្ទះ​នេះ​កោះសន្តិភាព​បាន​ទូរស័ព្ទ​ជួប​លោក​វរសេនីយ៍ទោ​ស៉ឹ​ម វណ្ណៈ​ អធិការ​ស្រុក​អន្លង់​វែង​ នៅ​ថ្ងៃ​ទី​២៨​ ធ្នូ​ ២០១៥ នេះ ​លោក​បាន​ឆ្លើយ​បំភ្លឺ​ថា លោក​ទៅ​រៀន​នៅ​ឯ​ប្រទេស​វៀតណាម​ហើយ​ លោក​ទើប​ចេញ​មក​ដល់​ទឹកដី​កម្ពុជា​វិញ​នៅ​រសៀល​នេះ​ ចំណែក​ក្នុង​ករណី​ចោ​រគាស់​ផ្ទះ​លោក​នៅពុំ​ទាន់​ទទួល​ព័ត៌​មាននៅ​ឡើយ​ទេ​៕​​