អាឡេវ ៖ សង្ស័យ «ឯវំ» ហើយ!

តេជោ​សែន​មុន​នេះ​បន្តិច​បាន​ថ្លែង​សារ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ថា​ ចាប់​ពី​ឆ្នាំ​២០១៦​នេះ​ត​ទៅ​នឹង​កាត់​ដៃ​ស្តាំ​ចោល​ ប្រសិន​បើ​​សម្តេច​សុំ​ឱ្យ​មាន​ការ​លើក​លែង​ទោស​ជា​លើក​ទី​៣​ឱ្យ​អ្នក​ណា​មួយ​ ។

ទោះ​បី​នាយក​រដ្ឋ​មន្ត្រី​ដ៏​មាន​ឥទ្ធិ​ពល​ តេ​ជោ​សែន​ ប្រកាស​ធ្ងន់​អស្ចារ្យ​មិន​បញ្ចេញ​ឈ្មោះ​បុគ្គល​ណា​ក៏​ដោយ​...​ក៏​មហា​ជន​បាន​ដៅ​យ៉ាង​​ច្បាស់​ថា​ គ្មាន​អ្នក​ណា​ក្រៅ​ពី​ឈ្មោះ​លោក​ សម រង្សុី​ មេ​បក្ស​ប្រឆាំង​ដ៏​សោះ​កក្រោះ​នេះ​ឡើយ​ ។

ប្រសិន​ដូច្នោះ​មែន​ ជីវិត​នយោ​បាយ​លោក​ សម រង្សុី ដែល​កន្លង​មក​រស់​រាន​ដោយ​សារ​ការ​សុំ​ឱ្យ​លើក​លែង​ទោស​ពី​សំណាក់​តេជោ​សែន​នោះ​ ពិត​ជា​«អវំសិរោ​»ហើយ​...​ពិត​ជា​បាន​​​បញ្ចប់​ជា​ស្ថាពរ​ហើយ​ ។ អ្នក​នយោ​បាយ​សញ្ជាតិ​២​របស់​លោក សម រង្សុី​ ពេល​នេះ​ចប់​មែន​ទែន​ហើយ​...​ប្រសិន​បើ​នៅ​សង្ស័យ​ដោយ​ប្រការ​ណា​មួយ​ទៀត​នោះ​ ក៏​ប្រហោង​ផ្លូវ​នោះ​ មិន​ខុស​ពី​ប្រហោង​ម្ជុល​ដែរ​...​មិន​ធម្មតា​ទេ​ ម្ចាស់​ថ្លៃ​ !

នែ៎ ! អ្នក​នយោ​បាយ​ណា​ក៏​ដោយ​...​បើ​ដើរ​ចំ​ផ្លូវ​ខុស​ហើយ​...​ខុស​មួយ​ជីវិត​...​ខុស​ផ្តាំ​ប្រពន្ធ​ ផ្តាំ​កូន​...​ប៉ុណ្ណឹង​ហើយ​បើ​លោក​ សម​ រង្សុី នៅ​មិន​អស់​ចិត្ត​ទៀត​...​ច្បាស់​ជា​ទ្រាំ​រស់​នៅ​រហូត​ដល់​ជរា​ពាធ​នៅ​ក្រៅ​ប្រទេសទៅ​ហោង​​មិន​ខាន​ឡើយ​ ។

តាម​ទស្សនៈ​របស់​អ្នក​នយោ​បាយ​ខ្មែរ​ខ្លះ​និយាយ​ថា មិន​ទាន់​អស់​ផ្លូវ​ដើរ​...​មិន​ទាន់​អស់​សង្ឃឹម​រឿង​ឈ្នះ​នៅ​ឡើយ​ទេ​ សម្រាប់​លោក​ សម រង្សុី...​នៅមាន​ផ្លូវ​ឈ្នះ​ច្រើន​ណាស់​...​ខ្លាច​ក្រែង​តែ​គាត់​ចិត្ត​មិន​ដាច់​ប៉ុណ្ណោះ​ ។

ផ្លូវ​ដើរ​មួយ​ល្អ​ណាស់​ ! មិន​បាច់​ពឹង​ដៃ​ស្តាំ​តេជោ​សែន​ នាំ​តែ​គាត់​កាត់​ចោល​ទេ​...​នោះ​គឺ​លោក សម រង្សុី មាន​ចិត្ត​ក្លាហាន​...​ដើរ​ចូល​គុក​តាម​សាល​ក្រម​តុលា​ការ​...​អនុវត្ត​ទោស​ផ្ទាល់​ខ្លួន​...​សង​ទោស​ឱ្យ​រួច​រាល់​...​ប្រាកដ​ជា​មាន​ការ​អាណិត​...​ប្រាកដ​ជា​អាច​ស្តា​​ឈ្មោះ​នយោ​បាយ​ឡើង​វិញ​​មិន​ខាន​ឡើយ​ ។

កុំ​ភ្លេច​ថា​ អ្នក​នយោ​បាយ​...​ប្រសិន​ស្រមៃ​​ចង់​ធ្វើ​ធំ​...​ចង់​ដឹក​នាំ​ប្រទេស​ ត្រូវ​តែ​មាន​ប្រវត្តិ​ជាប់​គុក​ ជាប់​ច្រវាក់​មួយ​គ្រា​សិន​...​តើ​ហ៊ាន​ទេ ?

តេ​ជោ​​សែន​ក៏​ធ្លាប់​ត្រូវ​យួន​ចាប់​ដាក់​គុក​នៅ​ស្រុក​យួន​ដែរ​...​ទម្រាំ​បាន​ក្លាយ​ជា​មេ​ដឹក​នាំ​ប្រទេស​ ។

តើ​លោក​ សម រង្សុី ក្លាហាន​ទេ ? បុរស​មាន​សញ្ជាតិ​២​រស់​នៅ​តែ​ក្នុង​ប្រទេស​ឋាន​សួគ៌​លោកិយ​ ទំនង​បែប​ចិត្ត​មិន​លុះ​ទេមើល​ទៅ​ ? បើ​ដូច្នោះ​មែន​ ជីវិត​នយោ​​បាយ​របស់​គាត់​សង្ស័យ​ត្រូវ ​«​ឯវំ​» ពី​ពេល​នេះ​​ទៅ​យ៉ាង​ពិត​ប្រាកដ​ ៕