ប្រធានាធិបតី​អីុ​រ៉​ង់​អំពាវនាវ​ដល់​សាសនិក​អ៊ិ​ស្លា​ម​ឱ្យ​កែប្រែ​មុខមាត់​អ៊ិ​ស្លា​ម

ប្រធានាធិបតី​អីុ​រ៉​ង់ លោក​ហា​សាន់ រ៉ូ​ហា​នី បាន​ស្នើ​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ដល់​សាសនិក​អ៊ិ​ស្លា​ម​ឱ្យ​កែ​លម្អ​មុខមាត់​នៃ​សាសនា​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​ស្រអាប់​ដោយសារ​អំពើ​ហិង្សា​របស់​បណ្តា​ក្រុម​ជ្រុលនិយម​ដូច​ជា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ស៊ុន​នី​ត​ជាដើម ។

ក្នុង​ឱកាស​នៃ​សន្និសីទ​មួយ​ស្តី​ពី​ឯកភាព​របស់​អ៊ិ​ស្លា​ម​នៅ​ទីក្រុង​តេ​ហេ​រ៉​ង់​ប្រមុខរដ្ឋ​អីុ​រ៉​ង់​ថ្លែង​ថា ពេល​នេះ​យើង​មាន​កាតព្វកិច្ច​យ៉ាង​ធំ​បំផុត​មួយ​កែប្រែ​មុខមាត់​របស់​អ៊ិ​ស្លា​ម​ក្នុង​មតិ​សាធារណៈ​ពិភពលោក ។

សុន្ទរកថា​របស់​លោក​ត្រូវ​បាន​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ ។ នេះ​ជា​ពាក្យពេចន៍​ខុស​ពី​ធម្មតា​ចេញពី​មាត់​របស់​មេដឹកនាំ​អីុ​រ៉​ង់​មួយ​រូប ខណៈ​ដែល​សាធារណរដ្ឋ​អ៊ិ​ស្លា​ម​ស៊ី​អីុ​ត​អីុរ៉ង់​ចាត់​ទុក ខ្លួន​ជា​អ្នកមាន​ឥទ្ធិពល​ក្នុង​ផ្ទៃ​ពិភព​អ៊ិ​ស្លា​ម ហើយ​ជា​រឿយ​ៗ​ចាត់​ទុក​ពួក​សត្រូវ​របស់​សាសនា​ថា ជា​អ្នក​ទទួលខុសត្រូវ​លើ​បណ្តា​បញ្ហា​នៅ​មជ្ឈិម​បូ​ពា ។

លោក​រ៉ូ​ហា​នី ថ្លែង​ទៀត​ថា តើ​យើង​នឹក​ស្មាន​ដល់​ដែរ ដែល​ពុំ​មែន​ពួក​សត្រូវ​តែ​ជា​ក្រុម​តូច​មួយ​មក​ពី​ពិភព​អ៊ិ​ស្លា​ម ហើយ​ប្រើ​ភាសា​អ៊ិ​ស្លា​ម​បែរជា​ហៅ​សាសនា​អ៊ិ​ស្លា​ម​ថា ជា​សាសនា​សម្លាប់​មនុស្ស ប្រើ​ហិង្សា រំពាត់ខ្សែតី​ធ្វើ​ទារុណកម្ម និង​អយុត្តិធម៌ ?

ប្រធានាធិបតី​អីុ​រ៉​ង់​បន្ត​ថា បណ្តា​គោលការណ៍​របស់​អ៊ិ​ស្លា​ម​គឺ​ប្រឆាំង​អំពើ​ហិង្សា និង​លទ្ធិ​ជ្រុលនិយម​របស់​បណ្តា​ក្រុម​ដូច​ជា​រដ្ឋ​អ៊ិ​ស្លា​ម​ជាដើម ។ លោក​ក៏​រិះគន់​ផង​ដែរ​ចំពោះ​ការ​នៅ​ស្ងៀមស្ងាត់​របស់​បណ្តា​ប្រទេស​អ៊ិ​ស្លា​ម​ប្រឈម​មុខ​នឹង​ការ​សម្លាប់​រង្គាល ព្រមទាំង​ថ្លុកឈាម​នៅ​ស៊ី​រី អីុរ៉ា​ក់ និង​យេ​ម៉ែ​ន​ជា​ជម្លោះ​ដែល​អីុ​រ៉​ង់​ចូលរួម​ក្នុង​កម្រិត​ផ្សេងៗ៕