មន្ត្រី​សង្ឃ​ទូទាំងប្រទេស​នឹង​ជួបជុំគ្នា​ពិភាក្សា​ពី​កិច្ចការ​សាសនា​ប្រចាំឆ្នាំ

​នៅ​ថ្ងៃទី​២៩ ខែធ្នូ​ស្អែក​នេះ ក្រសួង​ធម្មការ​និង​សាសនា នឹង​រៀបចំ​អនុ​សំ​វច្ចរ​មហាសន្និបាទ​លើក​ទី​២៤ នៅ​សាលចតុមុខ​។ អនុ​សំ​វច្ចរ​មហាសន្និបាត គឺជា​ការជួបជុំ​របស់​ព្រះសង្ឃ​ទូទាំងប្រទេស ដែល​ត្រូវបាន​រៀបចំឡើង​ម្តង​ក្នុង​មួយឆ្នាំ​។ ការជួប​ជួប​របស់​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​នេះ គឺ​ដើម្បី​ពិភាក្សាគ្នា​ពី​កិច្ចការ​សាសនា ប្រចាំឆ្នាំ​។

​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា លោក សេង សុ​មុនី បាន​លើកឡើងថា ព្រះសង្ឃ​ប្រមាណ​ជាង ៨០០​អង្គ និមន្ត​ចូលរួម​ក្នុង​អនុ​សំ​វច្ចរ​មហាសន្និបាត​លើក​ទី​២៤ នៅថ្ងៃនេះ​។ លោក​បន្ថែមថា ព្រះសង្ឃ​ដែល​និមន្ត​មក​ចូលរួម គឺជា​មន្ត្រី​សង្ឃ ដែល​ឋានៈ​ចាប់ពី​ព្រះ​អនុគណ​ស្រុក [​មាន​ឋានៈ​ស្មើនឹង​ចៅហ្វាយស្រុក​] ឡើងទៅ នៅ​ទូទាំង​២៥ រាជធានី​ខេត្ត​។

​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖« ការប្រជុំ​នេះ គឺ​យកតែ​ព្រះ​អនុគណ​ស្រុក​ឡើងលើ នៅ​ទូទាំងប្រទេស​។ ការប្រជុំ​ហ្នឹង ដើម្បី​ស្តាប់​ការ​បូកសរុប លទ្ធផល​ការងារ​របស់​ព្រះសង្ឃ ក្នុងការ​ប្រតិបត្តិ​អស់​រយៈពេល​មួយឆ្នាំ​នេះ​។ បើ​មានការ​ខ្វះខាត និង​មាន​ចំណុច​ណា​ដែល​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា ព្រះសង្ឃ​នឹង​លើក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នោះ ហើយ​កែលម្អ​ឡើងវិញ​»៕