កម្ពុជា ទទួលចំណូល ពីវិស័យជលផល ជាង៣ពាន់លានរៀល រយៈពេល១១ខែ

ភ្នំពេញ៖ ប្រទេសកម្ពុជា បានទទួលចំណូលពីវិស័យជលផល ចំនួន ៣.៤១១.៦៤៦.៩៧៥រៀល ស្មើ៩៥.៩៥% នៃផែនការ៣.៥៥៤.២៨១.២៥០រៀល សម្រាប់រយៈពេល១១ខែ ឆ្នាំ២០១៥ ប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៤ កើនឡើងចំនួន៤៣០.៧១៩.៩៩៣រៀល។

យោងតាមរបាយកាណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ការនាំចេញផលនេសាទ ក្នុងខែវិច្ឆិកា អនុវត្តចំនួន៧០០តោនសរុប រយៈពេល១១ខែ បានចំនួន៨.៥០០តោនស្មើ៥៦,៦៧% នៃផែនការ១៥.០០០តោន ប្រៀបធៀបរយៈពេលក្នុងដូចគ្នាក្នុងឆ្នាំ២០១៤ ថយចុះចំនួន២,៥០០តោន, ផលនេសាទកែច្នៃ ក្នុងខែវិច្ឆិកា អនុវត្តបានចំនួន៥០០តោន សរុបរយៈពេល១១ខែ បានចំនួន៤.៧០០តោនស្មើ៩៤%នៃផែនការ៥.០០០តោន ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ ថយចុះចំនួន១ .៣០០តោន។

ចំណែកការត្រួតពិនិត្យ និងបង្រ្កាបបទល្មើស នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ មានចំនួន២៩៣ករណី ក្នុងនោះបទល្មើសទឹកសាបចំនួន២៧៥ ករណី និងបទល្មើសសមុទ្រចំនួន១៨ករណី, ចុះរុះរើនិងបំផ្លាញចោលវត្ថុតាង បទល្មើសជលផលរួមមាន របាំងស្បៃមុងនិងសាច់អួន ប្រវែង១២៥.២០៧ម៉ែត្រ លូស្បៃមុងនិងសាច់អួនចំនួន២.២៨៤មាត់ បង្គោល ចម្រឹងចំនួន៥៩.០០៤ដើម ឧបករណ៍ឆក់ត្រី ចំនួន២៩គ្រឿងរបាំងព្រួល ប្រវែង៤៩៧ម៉ែត្រ៕