រដ្ឋសភា និងក្រសួង សេដ្ឋកិច្ច ជួបពិភាក្សា លើសេចក្តីព្រាងច្បាប់ ចំនួន២

ភ្នំពេញ៖ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ លោកបណ្ឌិតរដ្ឋ ជាម យៀប ជាប្រធាន បានជួប ប្រជុំជាមួយលោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាគ្នា ទៅលើចំណុចមួយចំនួន នៃសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ និងសេចក្តីព្រាងច្បាប់ ស្តីពីគណនេយ្យនិងសវនកម្ម។

ក្នុងជំនួប នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅវិមានរដ្ឋសភាវង្សី វិស្សុត បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ បានបញ្ជូនមក សុំការអនុម័តពីរដ្ឋសភា គឺជាការឆ្លុះបញ្ចាំងអំពី លទ្ធផលនៃការអនុវត្តច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាល ដែលបានគោរពទាំងស្រុង ទាំងកាលវសាន ទាំងខ្លឹមសារ នៃមាត្រា៧៨ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើការបូកសរុប ទិន្នន័យចំណូលនិងចំណាយថវិកា ដែលត្រូវបានកត់ត្រា ដោយគណនេយ្យករសាធារណៈ និងមានការផ្ទៀងផ្ទាត់ អំពីភាពត្រឹមត្រូវនៃ ទិន្នន័យទាំងនេះ ក្នុងកម្រិតថវិកាថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ដោយឡែកសេចក្តីព្រាងស្តីពី គណនេយ្យនិងសវនកម្ម ដែលត្រូវបានលើកយកមកពិភាក្សាដែរនោះ លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានមានប្រសាសន៍ថា ការរៀបចំសេចក្តីព្រាងនេះ ដើម្បីជំរុញអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្មនេះយ៉ាងសកម្មដោយផ្តើមចេញពី ការកសាងមូលដ្ឋានគ្រឹះ សម្រាប់ការចុះកិច្ចបញ្ជីការគណនេយ្យ និងការធ្វើសវនកម្ម។

លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការទី២ បានមានប្រសាសន៍ថា គណៈកម្មការទី២ នឹងបញ្ជូនសេចក្ដីព្រាង ច្បាប់ទាំងពីរ គឺសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ដែលមាន៣ជំពូក ចែកចេញជា១២មាត្រា និងសេចក្តីព្រាងច្បាប់ ស្តីពីគណនេយ្យនិងសវនកម្ម មាន១៣ជំពូកចែកចេញជា៣៩មាត្រា ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេចដាក់បញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ៕