សហជីព​ស្នើ​ឲ្យ​អាស៊ាន​បង្កើត​បទដ្ឋាន​ការងារ​សម្រាប់​កម្មករ​ក្នុង​តំបន់​ទាំង​មូល

ក្រុម​សហព័ន្ធ​សហជីព​កម្មករ ដែល​បម្រើ​ការ​ក្នុង​វិស័យ​សេវាកម្ម​នៅ​កម្ពុជា ចង់​បាន​បទដ្ឋាន​ការងារ​មួយ​សម្រាប់​កម្មករ​ក្នុង​តំបន់​អាស៊ាន។ ក្នុង​គោលដៅ​នេះ ក្រុម​ការងារ​ថ្នាក់​ជាតិ​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​សេវា​និយោជិក​អាស៊ាន អាសេទុក (ASETUC) ធ្វើ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លើក​យក​ពង្រាង​កិច្ចព្រមព្រៀង​អាស៊ាន​ស្ដីពី​ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​កម្មករ ទៅ​ពិភាក្សា​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ដទៃ​នៅ​កិច្ច​ប្រជុំ​អាស៊ាន​ខាង​មុខ។

ក្រុម​កម្មករ​ក្នុង​វិស័យ​សេវាកម្ម ដឹក​នាំ​ដោយ​ក្រុម​ការងារ​ថ្នាក់​ជាតិ​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​សហជីព​សេវា​និយោជិក​អាស៊ាន ហៅ​កាត់​ថា អាសេទុក (ASETUC) លើក​ឡើង​ថា យន្តការ​របស់​អាស៊ាន​ដែល​មាន​ស្រាប់​នៅ​ពេល​បច្ចុប្បន្ន មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ការពារ​សិទ្ធិ​ការងារ​របស់​កម្មករ​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល​នៅ​ឡើយ។

ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​កម្ពុជា នៃ​អាសេទុក និង​ជា​ប្រធាន​ស្ដីទី​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា (CICA ) លោក ប៊ុត កុសល្យ ពន្យល់​ពី​សារសំខាន់​នៃ​កិច្ច​ព្រមព្រៀង​នេះ​ថា ទោះ​បី​ជា​បច្ចុប្បន្ន ប្រទេស​ជា​សមាជិក​អាស៊ាន​នីមួយៗ និង​អាស៊ាន​ជា​រួម មាន​ក្របខ័ណ្ឌ​ច្បាប់​ធានា​ការពារ​សិទ្ធិ​កម្មករ​រួច​ហើយ​ក៏ដោយ ក៏​ច្បាប់​ទាំង​នោះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ ព្រោះ​ថា ក្របខ័ណ្ឌ​ច្បាប់​ដែល​មាន​ស្រាប់ មិន​មាន​វិសាលភាព​គ្រប​ដណ្ដប់​លើ​កម្មករ​ឲ្យ​បាន​គ្រប់​វិស័យ​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល។

លោក ប៊ុត កុសល្យ គូស​បញ្ជាក់​ថា សារសំខាន់​បំផុត​នៃ​កិច្ច​ព្រមព្រៀង​នេះ គឺ​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ថ្នាក់​តំបន់​លើក​ស្ទួយ និង​ការពារ​សិទ្ធិ​កម្មករ។ គណៈកម្មការ​នេះ មាន​ភារកិច្ច​ពិនិត្យ​តាម​ដាន​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ និង​មាន​អំណាច​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​កម្មករ ក្នុង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់៖ «»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ធ្នូ។

អាស៊ាន ឬ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​មាន​សមាជិក ១០​ប្រទេស មាន​ប្រជាជន​សរុប​ជាង ៦០០​លាន​នាក់ ក្នុង​នោះ ៦០% ជា​កម្មករ។

សេចក្ដី​ថ្លែងការណ៍​របស់​អាសេទុក លើក​ឡើង​ថា សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន អាច​លេច​ជា​រូប​រាង​ពិត​ប្រាកដ​បាន លុះត្រា​តែ​អាស៊ាន​គោរព​បទដ្ឋាន​ការងារ​របស់​កម្មករ​បាន​ត្រឹមត្រូវ។

ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​កម្ពុជា នៃ​អាសេទុក លោក ប៊ុត កុសល្យ សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា ដែល​ជា​សមាជិក​ចុង​ក្រោយ​នៃ​អាស៊ាន នឹង​ពិចារណា​លើ​ពង្រាង​កិច្ច​ព្រមព្រៀង​នេះ ដោយសារ​កម្ពុជា មាន​ចំនួន​កម្មករ​ច្រើន បើ​ធៀប​នឹង​ចំនួន​កម្មករ​ប្រទេស​ដទៃ៖ «»។

ក្រុម​ការងារ​នៃ​ក្រុម​ប្រឹក្សា​សហជីព​សេវា​និយោជិក​អាស៊ាន តំណាង​ឲ្យ​កម្មករ​កម្ពុជា លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ក្រុម​ការងារ​របស់​ខ្លួន នឹង​ដាក់​ពង្រាង​កិច្ច​ព្រមព្រៀង​នេះ​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ខែ​មករា ឆ្នាំ​២០១៦ ហើយ​សង្ឃឹម​ថា ក្រសួង​នឹង​ឆ្លើយ​តប​ជា​វិជ្ជមាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។