មនុស្ស​ម្នាក់​ស្លាប់​និង​១៣​នាក់​របួស​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​អាហ្វហ្គានីស្ថាន

មនុស្ស​ម្នាក់​ស្លាប់​និង​១៣​នាក់​របួស​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​អាហ្វហ្គានីស្ថាន

ម្ចាស់​ហាង​ម្នាក់​មើល​បង្អួច​ដែល​បាក់​បែក​នៅ​ក្នុងហាង​របស់​ខ្លួន​ ដែល​ស្ថិត​នៅ​ក្បែរ​គ្រាប់​បែក​អត្តឃាត​ក្នុង​រថយន្ត​ នៅ​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥។​

មន្ត្រី​នៅ​អាហ្វហ្គានីស្ថាន​និយាយ​ថា​ អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​តាម​ផ្លូវ​មួយ​ ក្បែរ​ព្រលាន​យន្តហោះ​ក្រុង​កាប៊ុល​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដោយ​សម្លាប់​ជន​ស៊ីវិល​ម្នាក់​និង​ធ្វើ​ឲ្យ​របួស​មនុស្ស​១៣​នាក់​ទៀត។​

ក្រុម​តាលីបង់​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ​ ដែល​បាន​ធ្វើ​ឲ្យ​ខូតខាត​អគារ​ជាច្រើន​នៅ​ក្បែរ​នោះ​ដែរ។

ប៉ូលិស​និយាយ​ថា​ គោល​ដៅ​នៃ​ការ​វាយប្រហារ​នោះ​គឺ​ជា​រថយន្ត​កាំម៉ាស់​មួយ​ស្រដៀង​នឹង​រថយន្ត​ ដែល​បុគ្គលិក​សន្តិសុខ​ជាប់​កិច្ច​សន្យា​ប្រើ។​

ការបំផ្ទុះ​គ្រាប់​បែក​នេះកើត​ឡើង​ មួយ​ថ្ងៃ​ក្រោយ​មេបញ្ជាការ​កងទ័ព​ប៉ាគីស្ថាន គឺ​លោក​ឧត្តមសេនីយ៍ Raheel Sharif បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​កាប៊ុល​ ដើម្បី​ត្រៀម​រៀបចំ​កិច្ច​ចរចា​សន្តិភាព​ជា​ថ្មី​ម្តង​ទៀត​ជាមួយ​ក្រុម​តាលីបង់៕