តុលាការ​ខេត្ត​បន្ទាយមានជ័យ​កោះ​ហៅ​កម្មករ​អូស​រទេះ​២​នាក់​បំភ្លឺ​រឿង​បាតុកម្ម

កម្មករ​អូស​រទេះ​ប្រុស​ស្រី​ចំនួន ២​នាក់​នៅ​ក្រុង​ប៉ោយប៉ែត ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​របស់​ចៅក្រម​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ឆ្លើយ​បំភ្លឺ​រឿង​ធ្វើ​បាតុកម្ម​តវ៉ា ដែល​បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យ​សាធារណៈ នៅ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ប៉ោយប៉ែត កាល​ពី​ខែ​ឧសភា កន្លង​ទៅ។

កម្មករ​ទាំង​នោះ មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​ទម្លាក់​កំហុស​លើ​ពួក​គេ ដើម្បី​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​នោះ។

កម្មករ​អូស​រទេះ លោកស្រី រ៉ាន ស្រីមុំ រស់នៅ​សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ធ្នូ ថា លោកស្រី​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ចំពោះ​សាលា​ដំបូង​ខេត្ត​ចេញ​ដីកា​កោះ​ហៅ​លោកស្រី​បែប​នេះ ដោយ​លោកស្រី​អះអាង​ថា លោកស្រី​ពុំ​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ពី​មុន​មក​នោះ​ទេ។

លោកស្រី​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​បាតុកម្ម​តវ៉ា​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា កន្លង​ទៅ គឺ​ជា​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ដោយសារ​មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំ​ក្រុង​ប៉ោយប៉ែត តម្រូវ​ឲ្យ​ពួក​គាត់​បង់​ពន្ធ​លើ​ការ​ដឹក​ទំនិញ​ចេញ​ចូល​ច្រើន ដោយ​មិន​មាន​ប្រាក់​ចំណេញ​នោះ៖ «កាល​ពី​មុន តុលាការ​កោះ​ហៅ​ខ្ញុំ​ម្ដង​ហើយ តែ​ឲ្យ​ត្រឡប់​ទៅ​វិញ។ ខ្ញុំ​មិន​ដឹង​ថា មូលហេតុ​អី​បាន​ជា​តុលាការ​កោះ​ហៅ​ខ្ញុំ​ទៅ​សាកសួរ​ម្ដង​ទៀត​សោះ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ គឺ​លោក ឯក ប៉ូលិហ្វីល ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ធ្នូ។

ដីកា​កោះ​ហៅ​ចំនួន​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ដែល​ចុះ​ហត្ថលេខា​ដោយ លោក ឯក ប៉ូលិហ្វីល ចៅក្រម​ស៊ើបសួរ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃ​ទី​៧ ធ្នូ បាន​កោះ​ហៅ លោកស្រី រ៉ាន ស្រីមុំ និង​លោក ហ៊ុល កញ្ញា ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ នៅ​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥។ ដីកា​នេះ បង្គាប់​ឲ្យ​អ្នក​ទាំង​ពីរ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ជា​កំហិត។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា តុលាការ​គួរ​ចាត់​វិធានការ​ទៅ​លើ​សមត្ថកិច្ច ដែល​បង្ក​ហិង្សា​បណ្ដាល​ឲ្យ​កម្មករ​ម្នាក់​រង​របួស​ធ្ងន់ តាម​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ ប្រសើរ​ជាង​ការ​កោះ​ហៅ​អ្នក​ទាំង​ពីរ​នាក់​ដែល​សាច់ញាតិ​ជន​រង​របួស​ទៅ​សាកសួរ​បែប​នេះ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង ដែល​តុលាការ​ធ្វើ​បែប​នេះ គឺ​មិន​អាច​រក​យុត្តិធម៌​ឲ្យ​ជន​ដែល​ត្រូវ​សមត្ថកិច្ច​វាយ​ធ្វើ​បាប​រហូត​ដល់​សន្លប់​នៅ​កន្លែង​នោះ​បាន​ទេ»

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​កម្មករ​អូស​រទេះ ដែល​ពួក​គេ​តវ៉ា​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា កន្លង​ទៅ បណ្ដាល​ឲ្យ​កម្មករ​អូស​រទេះ​ម្នាក់​រង​របួស​ធ្ងន់ ដោយសារ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប និង​សន្តិសុខ​គយ​ម្នាក់​រង​របួស​ស្រាល និង​បង្ក​ឲ្យ​ខូច​រថយន្ត​នៅ​ស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ​ចំនួន ៧​គ្រឿង ព្រម​ទាំង​កញ្ចក់ របង ទ្វារ​បង្អួច​ស្នាក់ការ​គយ ខូចខាត​មួយ​ចំនួន​ទៀត។ ក្រោយ​មក ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​បង្ក​ហិង្សា​នោះ។ ទន្ទឹម​គ្នា​នេះ តុលាការ​ក៏​បាន​ចេញ​ដីកា​កោះ​ហៅ​កម្មករ​អូស​រទេះ​សាកសួរ​ជា​បន្តបន្ទាប់ ហើយ​រហូត​មក​ទល់​ពេល​នេះ តុលាការ​ពុំ​ទាន់​សម្រេច​ឲ្យ​ភាគី​ណា​មួយ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។