វិភាគខ្លី៖ តម្លៃប្រេង នឹងបន្តនៅទាប ដដែល ដល់ចុងឆ្នាំ ២០១៦

ញូយ៉ក៖ បើតាមក្រុមអ្នកវិភាគពី តម្លៃប្រេងទូទាំងពិភពលោក បានឲ្យដឹងថា តម្លៃប្រេង សម្រាប់ឆ្នាំ ២០១៦ ខាងមុខនេះ នឹងនៅតែបន្ត រក្សាតម្លៃទាបដដែល បើទោះបីជាពេលនេះ តម្លៃរបស់វា មានការធ្លាក់ចុះរហូតដល់ ៣០ភាគទៅហើយក៏ដោយ ។ នេះបើតាមបទ វិភាគ ខ្លីរបស់សារព័ត៌មានស៊ិនហួ នៅថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០១៥។

តាមការវិភាគឲ្យដឹងទៀតថា តម្លៃប្រេងធ្លាក់ចុះជាសកលបែបនេះ វានឹងផ្តល់ផលប្រយោជន៍ ដល់ក្រុមហ៊ុន និង សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ លោក ចេសុន ប័រដូហ្វ នាយកនៃ មជ្ឈមណ្ឌលនយោបាយថាមពលសកល នៃមហាវិទ្យាល័យ កូឡុំប៊ី បាននិយាយថា “តម្លៃ ប្រេងនឹងបន្តស្ថិតនៅរង្វង់ទាប ចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ ២០១៦។ វានឹងជួយឲ្យ ប្រជាជនអាមេរិក ចំណេញ ១០០ដុល្លារជាមធ្យមក្នុងមួយខែៗ ពីការធ្លាក់ចុះនេះ។

គួរបញ្ជាក់ថា អង្គការ OPEC រហូតមកដល់បច្ចុប្បន្ននេះ នៅតែបន្តការផលិតប្រេង ៣១,៧ លានបារ៉ែល ក្នុងមួយ ថ្ងៃដដែល ដោយមិនខ្វល់ពីការក្រឡុកតម្លៃប្រេងនៅលើទីផ្សារ អន្តរជាតិ ដែល កំពុងធ្លាក់ចុះ និង បង្កឲ្យប្រទេស ជាច្រើនជួបបញ្ហានោះឡើយ។ ដោយឡែក នៅឆ្នាំ ២០១៦ ខាងមុខនេះ សង្វាក់ផលិតកម្មប្រេង ក៏នឹងមិនមាន ការធ្លាក់ចុះនោះដែរ ហើយវាមាន តែកើន ឡើងរហូតដល់ ៣១,៨លានបារ៉ែល ក្នុងមួយថ្ងៃផងក៏ថាបាន៕