ប្រធានរតនាគារ ខេត្តរតនគិរី រងការចោទប្រាន់ថា បានកាត់លុយ លទ្ធកម្ម ៥% ចំនួន ២៦មន្ទីរ

រតនគិរី៖ ប្រធានរតនាគារ ខេត្តរតនគិរី លោក កេន ចន្ធី ត្រូវបានមន្ទីរមួយ ចំនួនទម្លាយថា បានកាត់លុយលទ្ធកម្ម ពីមន្ទីរចំនួន ២៦ ជុំវិញខេត្ត តាំងពីឆ្នាំ ២០០៣ រហូតដល់បច្ចុប្បន្ន ទើបសល់លុយទិញដី រាប់សិបហិចតា សង់ផ្ទះសំណាក់ តម្លៃរាប់សែនដុល្លារ។

មន្ត្រីគណនេយ្យ នៅតាមមន្ទីរ មួយចំនួន សូមមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះថា ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន ប្រធានរតនាគារ បានកាត់លុយលទ្ធកម្ម (លុយចាយមុនរួច ទូរទាត់សងរតនាគារជាក្រោយ) ពីមន្ទីរចំនួន២៦ ក្នុងខេត្តរតនគិរី។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោម ២៦មន្ទីរ ដែលមានអាទិភាពខ្ពស់ដូចជាមន្ទីរ អប់រំយុវជន និងកីឡា មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរសាធារណការ និងដឹកជញ្ជូន ជាដើម បើកលុយលទ្ធកម្មក្នុង ១ជុំ ចាប់ពី ៣០លាន ទៅ ៣០០លានរៀល ក្នុងមួយឆ្នាំ (មាន៤ជុំ)។

ប្រភពព័ត៌មានដដែល បានបន្តឲ្យដឹងទៀតថា ទង្វើបែបនេះហើយ ទើបលោក កេន ចន្ធី ប្រធានរតនាគារខេត្តរតនគិរី មានលុយទិញដី ជាច្រើនកន្លែង និងសង់ផ្ទះសំណាក់តម្លៃរាប់សែនដុល្លារ មានទីតាំងកណ្ដាលទីរួមក្រុងបានលុង។

ជុំវិញនិងការចោទប្រកាន់ កាត់លុយលទ្ធកម្ម ៥% ចំនួន ២៦មន្ទីរ ចាប់តាំងឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ននេះ ប្រធានរតនាគារខេត្ត លោក កេន ចន្ធី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនៅវេលាម៉ោង ២និង៥០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥យ៉ាងខ្លីថា ព័ត៌មានមិនត្រឹមត្រូវ ព្រោះរូបលោកទើបឡើងតំណែងក្រោយឆ្នាំ២០០៣ ហើយពុំមានការកាត់លុយលទ្ធកម្ម ៥% តាមមន្ទីរនោះដែរ។

ប្រភពព័ត៌មានដោយឡែកទៀតបានប្រាប់ឲ្យដឹងថា លោក កេន ចន្ធី បានបើកក្រុមហ៊ុនឯកជន ដើម្បីទទួល ម៉ៅការគម្រោងផ្សេងៗ ក្នុងខេត្ត ក្រោមរូបភាពចងមុងដេញថ្លៃ៕

ប្រធានរតនាគារ ខេត្តរតនគិរី រងការចោទប្រាន់ថា បានកាត់លុយ លទ្ធកម្ម ៥% ចំនួន ២៦មន្ទីរ