ឆ្នាំ​២០១៦ ក្លាយជា​ឆ្នាំ​សំខាន់បំផុត​សម្រាប់​ប្រទេស​ឡាវ​

​ឆ្នាំ ២០១៦ ក្លាយជា​ឆ្នាំ​ពិសេស​និង​សំខាន់បំផុត​សម្រាប់​រដ្ឋ​ក្រីក្រ​នៅ​តំបន់​អាស៊ី​ឡាវ​។ ឡាវ​នឹង​ក្លាយជា​ប្រធាន​ប្តូរ​វេន​របស់​សហគម​ន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​មានន័យថា​វា​ឱកាស​សំខាន់​សម្រាប់​រដ្ឋ​ក្រីក្រ​មួយ​នេះ​ក្នុងការ​ចាត់ចែង​ដោះស្រាយ​បញ្ហា​តំបន់​។ មួយវិញទៀត​គឺ ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មកកាន់​ប្រទេស​ឡាវ ។ ហើយ​សំខាន់បំផុត​នោះ​គឺ​ការផ្លាស់ប្តូរ​សមាជិក​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​នៅក្នុង​សមាជ​បក្ស​លើក​ទី​១០ ក្នុង​ឆ្នាំ ២០១៦​ខាងមុខ​។​គេ​រំពឹងថា ឱកាស​ពិសេស​នេះ​នឹង​ជួយ​ឲ្យ​ឡាវ​ទាញយក​ប្រយោជន៍​ច្រើន​ជាពិសេស​ផ្នែក​សេដ្ឋកិច្ច ក្នុង​ឆ្នាំ​២០១៦ នេះ​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖


​ថ្ងៃ ២​ធ្នូ ឆ្នាំ ១៩៧៥ កងកម្លាំង​កុម្មុយនីស្ត​ផា​ថេត​ឡាវ​ដែល​គាំទ្រ​ដោយ​វៀតណាម បាន​ផ្តួល​រលំ​របបរាជានិយម និង​ផ្លាស់ប្តូរ​ឈ្មោះ​ជា​ផ្លូវការ​ទៅជា «​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​»​។ តាំងពី​ឈ្នះ​សង្គ្រាម​រហូតមកដល់​ប​ច្ចុ​ប្បន្ន រយៈពេល​៤០​ឆ្នាំ​ហើយ​ដែល​ប្រជាជន​ឡាវ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​បក្ស​កុម្មុយនីស្ត ប៉ុន្តែ​ឡាវ​ប្រែ​មុខមាត់​ថ្មី ស្គាល់​វិបុលភាព​នៃ​សេដ្ឋកិច្ច ស្ថិរភាព​នយោបាយ សន្តិសុខ និង​សន្តិភាព​ផងដែរ​។ ការរីកចម្រើន​និង​ការលូតលាស់​នៃ​សង្គម​ឡាវ​កើតឡើង​ក្រោយ​ប្រទេស​នេះ​ចាប់ផ្តើម​អនុវត្ត​កំណែទម្រង់សេដ្ឋកិច្ច នៅ​អំឡុង​ទស​ត្ស​រ៍ ១៩៨០​។​

​នៅក្នុង​ឆ្នាំ ២០១៦​ខាងមុខនេះ ឡាវ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា ក្នុង​តំបន់ និង​កាន់តែ​លេចមុខ​លេច​មាត់​ខ្លាំង​លើ​ឆាក​អន្តរជាតិ​មួយកម្រិត​ទៀត​ដោយ​ក្លាយជា​ប្រធាន​អាស៊ាន​។ គេ​ឃើញថា​ឆ្នាំ ២០១៦  ក្រៅពី​ត្រៀមខ្លួន​ធ្វើជា​ប្រធាន​ប្តូរ​វេន​នៃ​អង្គការ​តំបន់ អាស៊ាន រដ្ឋ​គ្មាន​សមុទ្រ​មួយ​នេះ​ក៏​ត្រៀមខ្លួន​ដើម្បី​ពង្រឹង​ចំណង​ការទូត​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​កាន់តែ​ប្រសើរឡើង​ក្នុងពេល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មក​ទស្សនកិច្ច​នៅក្នុង​ប្រទេស​នេះដែរ​។

១. ឡាវ​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​កុម្មុយនីស្ត​ឆ្នាំ​ថ្មី​
​ឆ្នាំ ២០១៦ នេះ បក្ស​កុម្មុយនីស្ត​ឡាវ​នឹង​បើក​សមាជជាតិ​លើក​ទី​១០ ដើម្បី​ជ្រើសរើស​សមាសភាព​នៃ​ក្បាលម៉ាស៊ីន ដឹកនាំ​ថ្មី​ផងដែរ​។ គេ​រំពឹងថា ក្បាលម៉ាស៊ីន​ថ្មី​នឹង​ដឹកនាំ​នាវា​ឡាវ​ទៅរក​ភាព​រីកចម្រើន​កាន់តែខ្លាំង​ថែមទៀត​ផង​។ ការផ្លាស់ប្តូរ​សមាជិក​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ​នេះ ក៏​នឹង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​រដ្ឋ​ផងដែរ ប៉ុន្តែ​គេ​មិន​ឃើញថា​មានការ​ខ្លាំង​ឡើយ​។ ខណៈដែល​សមាជ​កាន់តែ​ខិត​មកដល់ សមាជិក​បក្ស​ចាប់ផ្តើម​ពិភាក្សាគ្នា​ពី​ការកែសម្រួល​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៦ ដល់​២០២០, យុទ្ធសាស្ត្រ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ឆ្នាំ ២០១៥ ដល់ ២០២៥ និង​លិខិតបទដ្ឋាន​សំខាន់​មួយចំនួន​ដើម្បី​ធានា​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឡាវ​។ បើតាម​របាយការណ៍​ធ​នាគារ​ពិភពលោក សេដ្ឋកិច្ច​ឡាវ​មាន​កំនើន​ជា​មធ្យម ៧​ភាគរយ​គិត​ត្រឹម​ឆ្នាំ ២០១៤ ។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ ក្រៅពី​រៀបចំ​គោលនយោបាយ​ធ្វើអោយ​កំណើន​សេដ្ឋកិច្ចជាតិ​រីកលូតលាស់​រហ័ស រដ្ឋាភិបាល​ឡាវ​បច្ចុប្បន្ន​ក៏​ព្យាយាម​ធ្វើយ៉ាងណា​ជំរុញអោយមាន​ការកាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​សង្គម និង​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ តាមរយៈ​ការលើកកម្ពស់​វិស័យ​អប់រំ បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត លើកកម្ពស់​សេវា​សុខាភិបាល សង្វាក់​ផលិតកម្ម អភិបាលកិច្ច​ល្អ ពាណិជ្ជកម្ម​ជាដើម​ផង​។ ប្រជាជន​ឡាវ តាមមើលទៅ​ហាក់បីដូចជា​ពេញចិត្ត​នឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី Thongsing Thammavong និង​បក្ស​កុម្មុយនីស្ត​ឡាវ​ផងដែរ​។

២. ឡាវ​ជា​ប្រធាន​អាស៊ាន ក្នុងពេល​សមាហរណកម្ម​កើតឡើង
​ក្រៅពី​ការផ្លាស់ប្តូរ​នយោបាយ​ដឹកនាំ​ក្នុងស្រុក ឡាវ​ក៏​នឹង​ដើរតួនាទី​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០១៦ ស្រប​ពេលដែល​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន​ចាប់ផ្តើម​ដំណើរការ​។ ក្នុងនាម​ជា​ប្រធាន​អាស៊ាន ប្រទេស​ឡាវ​នឹងមាន​លទ្ធភាព​ដឹកនាំ​កិច្ចប្រជុំ​អន្តរជាតិ​ជាច្រើន​ដែលមាន​មេដឹកនាំ​ប្រទេស​អាស៊ាន និង​បណ្តា​ប្រទេស​ជា​ដៃគូ​សន្ទនា​ចូលរួម​ផង​។ ចាប់ពី​ពាក់កណ្តាល​ឆ្នាំ ២០១៦ ដល់​ចុងឆ្នាំ ឡាវ​នឹង​ទទួលបន្ទុក​រៀបចំ​កិច្ចប្រជុំ​ជា​ស៊េរី មាន​ទាំង​កិច្ចប្រជុំ​កំពូល​ពីរដង វេទិកា​តំបន់​អាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា  និង​កិច្ចប្រជុំ​ជាច្រើន​ផ្សេងទៀត​។​

​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឡាវ ត្រូវផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា​ប្រឈម​ជាច្រើន​របស់​អាស៊ាន  ក្នុងនោះ​មានដូចជា​ការដាក់​ដំណើរការ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម បញ្ហា​ប្រឈម​នានា​ក្រោយ​សមាហរណកម្ម បញ្ហា​សន្តិសុខ​តំបន់​ដូចជា​សមុទ្រ​ចិន​ខាងត្បូង ភេរវកម្ម ជាដើម​។​

៣.​ទស្ស​កិច្ច​របស់លោក អូ​បា​ម៉ា មកកាន់​ឡាវ  ពង្រឹង​ចំណង​ការទូត​
​មួយវិញទៀត ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ក្នុងពេលដែល​លោក​ត្រូវ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ផង​។ តែ​ទស្សនកិច្ច​របស់លោក  បា​រ៉ា​ក់ អូ​បា​ម៉ា មកកាន់​ប្រទេស​ឡាវ​ឆ្នាំ ២០១៦ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ព្រោះ​លោក អូ​បា​ម៉ា​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ដែល​មក​ទស្សនកិច្ច​នៅ​ឡាវ​ក្នុង​រយៈពេល ៦​ទសវត្ស​ន៍ ពោលគឺ​តាំងពី​បង្កើត​ចំណង​ការទូត​ជាមួយគ្នា​ឆ្នាំ ១៩៥៥ ។

​ពាក់ព័ន្ធ​ដំណើរ​ទស្សន​កិច្ច​របស់លោក អូ​បា​ម៉ា ប្រឹក្សា​សន្តិសុខ​ជាតិ​រង Ben Rhodes បាន​អះអាងថា អាមេរិក​កំពុង​ក្លាយជា​ដៃគូ​មួយ​គួរ​ឲ្យ​ទុកចិត្ត​និង​ពិតប្រាកដ​របស់​ឡាវ​។  ទំនាក់ទំនង​ទ្វេភាគី​រវាង​ឡាវ និង​អាមេរិក​កាន់តែ​ល្អប្រសើរ ហើយ​ភាពជា​ដៃគូ​លើ​ការអភិវឌ្ឍ​កា្ល​យ​ជា​ចំណុច​ស្នូល​ផងដែរ​។ ហើយ​សហរដ្ឋអាមេរិក ផ្តោតលើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា​សុខាភិបាល ចំណីអាហារ និង​ការអប់រំ​ជា​មូលដ្ឋាន​ផងដែរ​៕