ទុ​ស្សេ​ចរន្តអគ្គិសនី​ឆេះ​បង្គោល​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​នៅ​ទល់មុខ​ប៉ុស្តិ៍​នគរបាល​បឹង​សាឡា​ង បាន​ពន្លត់​រលត់​ទាំងស្រុង​ហើយ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​អន្តរាគមន៍​ពី​សំណាក់​មន្ត្រី​អគ្គិសនី​កម្ពុជា និង​មន្ត្រី​បង្ការ និង​ពន្លត់​អគ្គិភ័យ បាន​ធ្វើ​ឲ្យ​​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី​ឆេះ​បង្គោល​ភ្លើង​នៅ​ទល់មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​សាឡា​ង រលត់​វិញ​ទាំងស្រុង​ហើយ ដោយ​ពុំ​មាន​រាលដាល​ដល់​​​ផ្ទះ​ប្រជា​ពលរដ្ឋ​ ហើយ​ក៏​គ្មាន​មនុស្ស​ណា​ម្នាក់​រង​​គ្រោះ​ថ្នាក់​​ដោយសារ​ហេតុការណ៍​នេះ​ដែរ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៨ និង​៥៥​នាទី​យប់​ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ មានការ​ទុ​ស្សេ​ចរន្តអគ្គិសនី​បណ្ដាល​ឱ្យ​ឆេះ​បង្គោល​ភ្លើង​មួយ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​ទល់មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​សាឡា​ង នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៦១ ស្ថិត​ក្នុងភូមិ​បឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ហេតុការណ៍​ទុ​ស្ស​ចរន្តអគ្គិសនី​បណ្ដាល​ឱ្យ​ឆេះ​បង្គោល​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​នេះ​មិន​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ ហើយ​ក៏​បាន​ឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ដែរ ដោយសារ​តែ​មានការ​អន្តរាគមន៍​ទាន់​ពេលវេលា​ពី​សំណាក់​មន្ត្រី​អគ្គិសនី​កម្ពុជា និង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ ៕