ឧទ្ធម្ភាគចក្រ​ Harbin​ Z-9​ ដែល​ទិញ​ពី​ចិន​ក្នុង​តម្លៃ​ខ្ពស់​កប់ពពក​ប្រមាណ​២​ឆ្នាំ​សោះ​ ចាប់ផ្តើម​ខូច​ហើយ​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា​ ឧទ្ធម្ភាគចក្រ​ប្រភេទ​ Harbin​ Z-9​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទិញ​ពី​រដ្ឋាភិបាល​ចិន​នា​អំឡុង​ឆ្នាំ​២០១៣​ ចំណាយ​ទឹកប្រាក់​អស់​ជិត​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ (​លុយ​កម្ចី​របស់​ចិន​)​នោះ​ ចាប់ផ្តើម​ខូច​ហើយៗ​កាលពី​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​២.០០០​លាន​រៀល​ (​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​ ពី​ជំពូក​៦០(​ការ​ទិញ​)​មក​ជំពូក​៦១(​សេវាកម្ម​)​របស់​ក្រសួងការពារជាតិ​ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥​ ដើម្បី​ចំណាយ​ជួសជុល​ឧទ្ធម្ភាគចក្រ​ Harbin​ Z-9​ ចំនួន​១១​គ្រឿង​ ។​

​គួរ​រំលឹក​ថា​ នា​អំឡុង​ឆ្នាំ​២០១៣​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ Harbin​ Z-9​ ចំនួន​១២​គ្រឿង​ ពី​រដ្ឋាភិបាល​សម្ព័ន្ធមិត្ត​ប្រទេស​ចិន​ ដោយ​ចំណាយ​ទឹកប្រាក់​សរុប​អស់​ចំនួន​១៩៥​លាន​ដុល្លារ​អា​មេ​រិ​ក​ (​តម្លៃ​១៦,២៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​)​ ប៉ុន្តែ​បច្ចុប្បន្ន​ ឧទ្ធម្ភាគចក្រ​នេះ​នៅ​សល់​តែ​១១​គ្រឿង​ទេ​ ដោយសារ​១​គ្រឿង​ទៀត​បាន​ធ្លាក់​ចូល​ក្នុង​ទឹក​រណ្តៅ​ដី​ជម្រៅ​ជាង​២០​ម៉ែត្រ​ នៅ​សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៤​ សម្លាប់​នាយ​ទាហានជើងអាកាស​កម្ពុជា​ និង​សិក្ខាកាម​ហ្វឹកហ្វឺន​ចំនួន​៤​នាក់​យ៉ាង​អាណោចអាធ័ម​ ព្រមទាំង​រង​របួស​ធ្ងន់ធ្ងរ​ម្នាក់​ទៀត​ ។​

​ឧទ្ធម្ភាគចក្រ​ប្រភេទ​ Harbin​ Z-9​ ផលិត​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៨១​ ដោយ​ក្រុមហ៊ុន​ Harbin​ Airfracft​ Manufacturing​ Corporation​ (HAMC)​ ឋិត​ក្នុង​ក្រុង​ Harbin​ ខេត្ត​ Heilongjiang​ ប្រទេស​ចិន​ ។​

​មជ្ឈដ្ឋាន​ភាគច្រើន​បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ទៅ​លើ​ការ​បញ្ជា​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ Harbin​ Z-9​ នេះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ពី​រដ្ឋាភិបាល​ចិន​ថា​ អាច​មាន​បង្កប់​ដោយ​អំពើ​ពុក​រលួយ​យ៉ាង​ធំ​សម្បើម​ចូល​ខ្ទង់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ ពីព្រោះ​ ៖

១-​មាន​តម្លៃ​ខ្ពស់​ជាង​ទីផ្សារសេរី​រហូត​ដល់​ជាង​២​ដង​ (​ទីផ្សារសេរី​តាម​ការ​ប្រកាស​របស់​គេហទំព័រ​ Neozinfo​ មាន​តម្លៃ​ប្រមាណ​៦​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​ តែ​រាជរដ្ឋាភិបាល​កម្ពុជា​ទិញ​ពី​ចិន​ក្នុង​តម្លៃ​១៦,២៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​ ពោល​គឺ​អាច​ខាតបង់​ថវិកាជាតិ​អស់​ចំនួន​១២៣​លាន​ដុល្លារ​អា​មេ​រិ​ក​ ធ្លាក់​ចូល​ក្នុង​ហោប៉ៅ​មន្ត្រី​ពុក​រលួយ​មួយ​ចំនួន​ លើ​ការ​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ Harbin​ Z-9​ ចំនួន​១២​គ្រឿង​)​ ។​

២-​ឧទ្ធម្ភាគចក្រ​ទើបតែ​ទិញ​ក្នុង​តម្លៃ​ខ្ពស់កប់ពពក​នា​ឆ្នាំ​២០១៣​ និង​មិនសូវ​បាន​ប្រើប្រាស់​វក់វី​ក្នុង​សមរភូមិ​សង្គ្រាម​អ្វី​ឡើយ​ បែរជា​រយៈពេល​ត្រឹម​២​ឆ្នាំ​សោះ​ចាប់ផ្តើម​ខូច​ជា​បណ្តើរៗ​ ដោយ​ចំណាយ​លុយ​ជួសជុល​រហូត​ដល់​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយ​ ។​ មាន​ន័យ​ថា​ គុណភាព​របស់​ឧទ្ធម្ភាគចក្រ​ប្រភេទ​ Harbin​ Z-9​ ផលិត​នៅ​ប្រទេស​ចិន​នេះ​ អាច​មាន​បញ្ហា​ ៕​

ឧទ្ធម្ភាគចក្រ​ Harbin​ Z-9​ ដែល​ទិញ​ពី​ចិន​ក្នុង​តម្លៃ​ខ្ពស់​កប់ពពក​ប្រមាណ​២​ឆ្នាំ​សោះ​ ចាប់ផ្តើម​ខូច​ហើយ​ ឧទ្ធម្ភាគចក្រ​ Harbin​ Z-9​ ដែល​ទិញ​ពី​ចិន​ក្នុង​តម្លៃ​ខ្ពស់​កប់ពពក​ប្រមាណ​២​ឆ្នាំ​សោះ​ ចាប់ផ្តើម​ខូច​ហើយ​ឧទ្ធម្ភាគចក្រ​ Harbin​ Z-9​ ដែល​ទិញ​ពី​ចិន​ក្នុង​តម្លៃ​ខ្ពស់​កប់ពពក​ប្រមាណ​២​ឆ្នាំ​សោះ​ ចាប់ផ្តើម​ខូច​ហើយ​ឧទ្ធម្ភាគចក្រ​ Harbin​ Z-9​ ដែល​ទិញ​ពី​ចិន​ក្នុង​តម្លៃ​ខ្ពស់​កប់ពពក​ប្រមាណ​២​ឆ្នាំ​សោះ​ ចាប់ផ្តើម​ខូច​ហើយ​