ទណ្ឌិត​ជាប់​ទោស​ពី​បទ​ជួញដូរ​គ្រឿងញៀន​ បែរជា​ទទួល​បានការ​លើកលែងទោស​ទាំង​មាន​ភាព​មិន​ប្រក្រតី​

​ជនជាប់ចោទ​ម្នាក់​ឈ្មោះ​ ថៃ​ សិទ្ធិ​ ហៅ​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ពី​បទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ ដែល​ជា​បទល្មើស​ឧក្រិដ្ឋ​ នា​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១០​ ហើយ​ជនជាប់ចោទ​រូប​នេះ​បាន​ក្លាយជា​ទណ្ឌិត​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​៣៣៤​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ របស់​តុលាការ​កំពូល​ ប៉ុន្តែ​ឥឡូវ​ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រាស់​បង្គាប់​លើកលែងទោស​ឲ្យ​មោ​ន​សេរីភាព​រួច​ផុត​ពី​ទោសទណ្ឌ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៥/១១១៥​ ចុះ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ខណៈ​ទណ្ឌិត​ ថៃ​ សិទ្ធិ​ ទើបតែ​អនុវត្តន៍​ទោស​ក្នុង​ពន្ធនាគារ​បាន​ប្រមាណ​មិន​ដល់​៧១​ខែ​ប៉ុណ្ណោះ​ ។​

​អនុលោម​តាម​មាត្រា​២​ នៃ​ក្រឹត្យ​លេខ​២៨​ក្រ​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​១៩៨៨​ ស្តី​ពី​ការ​បន្ធូរ​បន្ថយទោស​ និង​លើកលែងទោស​ គឺ​ទណ្ឌិត​ឈ្មោះ​ ថៃ​ សិទ្ធិ​ អាច​ត្រូវ​លើកលែងទោស​បាន​លុះត្រា​បាន​ទទួល​រង​ទោស​ចំនួន​២​ភាគ​៣​នៃ​ទោស​សិន​ គឺ​ស្មើនឹង​៨០​ខែ​ ។​ ប៉ុន្តែ​ករណី​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ​ ថៃ​ សិទ្ធិ​ ហៅ​ម៉ា​ប់​ ដែល​មិនមែន​ជា​អ្នកទោស​នយោបាយ​នោះ​ បែរជា​ទទួល​រង​ទោស​បាន​មិន​ដល់​៧១​ខែ​ផង​ ។​

​ដោយឡែក​ អនុលោម​តាម​មាត្រា​៧៥​នៃ​ច្បាប់​ស្តី​ពី​ពន្ធនាគារ​ និង​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៤៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១២​ ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ​ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ធូរ​បន្ថយទោស​ និង​លើកលែងទោស​ គឺ​ការ​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ​ ថៃ​ សិទ្ធិ​ ហៅ​ ម៉ា​ប់​ ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​ និង​វាយតម្លៃ​ពី​គណៈកម្មការ​ថ្នាក់​ជាតិ​នេះ​ ដែល​មាន​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ជា​ប្រធាន​,​ ឯកឧត្តម​ ឧកញ៉ា​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ទទួល​បន្ទុក​កិច្ចការ​ពន្ធនាគារ​ ជា​អនុប្រធាន​អចិន្ត្រៃយ៍​ និង​ឯកឧត្តម​ អ៊ុ​ក​ សា​វុ​ធ​ អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ ជា​អនុប្រធាន​ ព្រមទាំង​មាន​សមាជិក​ចំនួន​៨​នាក់​ទៀត​ ធ្វើ​បែបបទ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ​ និង​សម្រេច​ ដើម្បី​ដាក់​សំណើ​ថ្វាយ​ព្រះមហាក្សត្រ​ ។​

​ការ​លើកលែងទោស​ឲ្យ​ទណ្ឌិត​ជាប់​ទោស​ពី​បទល្មើស​គ្រឿងញៀន​ ដែល​ជា​បទល្មើស​ឧក្រិដ្ឋ​ បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​នានា​ ហើយ​ត្រូវ​បាន​គេ​ផ្តោតអារម្មណ៍​ថា​ អាច​មាន​បង្កប់​ដោយ​អំពើ​ពុក​រលួយ​យ៉ាង​ក្រាស់ឃ្មឹក​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ វា​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់​ ហើយ​មាន​បង្កប់​ដោយ​អំពើ​ពុក​រលួយ​ក៏​សម្បើម​ដែរ​ នៅ​ពេល​ដែល​ទណ្ឌិត​ជាប់​ទោស​ពី​បទល្មើស​ជួញដូរ​គ្រឿងញៀន​ ទទួល​បានការ​លើកលែងទោស​ ខណៈ​ទណ្ឌិត​មួយ​ចំនួន​ទៀត​ដែល​អនុវត្តន៍​ទោស​ក្នុង​ពន្ធនាគារ​បាន​លើស​ពី​២​ភាគ​៣​នៃ​ទោស​រួច​ហើយ​ បែរជា​មិន​ទទួល​បានការ​លើកលែងទោស​ទៅ​វិញ​ ៕​

ទណ្ឌិត​ជាប់​ទោស​ពី​បទ​ជួញដូរ​គ្រឿងញៀន​ បែរជា​ទទួល​បានការ​លើកលែងទោស​ទាំង​មាន​ភាព​មិន​ប្រក្រតី​