អ្នកស្លាប់ ដោយសារព្យុះ នៅសហរដ្ឋអាម៉េរិក កើនឡើង ដល់៤៣នាក់

សហរដ្ឋអាម៉េរិក៖ ខ្យល់ព្យុះ ដែលបានវាយ ប្រហារតំបន់ភាគខាងត្បូង ភាគនារតី និងភាគខាងលិច សហរដ្ឋអាម៉េរិក ក្នុងថ្ងៃបុណ្យគ្រិស្តម៉ាក នាចុងសបា្តហ៍នេះ បានបង្កជាទឹកជំនន់ ខ្យល់ព្យុះ ដែលបណ្តាលឲ្យ មនុស្ស៤៣នាក់ស្លាប់ ការដួលរលំអាគារ និងការកកស្ទះចរាចរណ៍ បង្កភាពរំខានដល់មនុស្ស រាប់លាននាក់ ក្នុងអំឡុងនៃម៉ោង ដែលមាន មនុស្សធ្វើដំណើរច្រើន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ។

បន្ទាប់ពីជួបប្រទះ បញ្ហាអាកាសធាតុមិនអំណោយផល និងការគំរាមកំហែងនានានេះ ជម្រុញឲ្យរដ្ឋាភិបាលនៃរដ្ឋ Missouri និងរដ្ឋNew Mexico ប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន។ លោក Jay Nixon ថ្នាក់ដឹកនាំរដ្ឋ Missouri  កាលពីថ្ងៃអាទិត្យ កន្លងទៅ នេះ បានបញ្ជាក់ថា ភ្លៀងបន្តធ្លាក់ នឹងបណ្តាលឲ្យកម្រិតទឹកជំនន់ដែលមានស្រាប់ កាន់តែមានភាពធ្ងន់ធ្ងរថែមទៀត។
សូមជម្រាបថា បញ្ហាអាកាសធាតុមិនអំណោយផល បណ្តាលឲ្យជើងហោះហើរ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ប្រមាណ១.៥០០ទូទាំងប្រទេស ដោយក្នុងនោះមានជើងហោះហើរជាងពាក់កណ្តាលមកពីក្នុងទីក្រុង Dallas ត្រូវលុបចោល នេះបើយោងតាមគេហទំព័រតាមដានសេវាកម្មហោះហើរ Flight Aware.com៕

អ្នកស្លាប់ ដោយសារព្យុះ នៅសហរដ្ឋអាម៉េរិក កើនឡើង ដល់៤៣នាក់