ហា​យ​លែ​ន​ឌ័​របុក​សេ​១២៥​ពីក្រោយ​ស្លាប់​ម្នាក់​របួសស្រាល​ម្នាក់​នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ នៅ​ចំណុច​មុខ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ ចំណែក​បុរស​ម្នាក់​ទៀត​បាន​រង​របួសស្រាល ដោយ​​សារ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​១​គ្រឿង​បុក​ពីក្រោយ​ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង​យ៉ាង​ពេញទំហឹង ហើយ​ប៉ើង​ម៉ូតូ​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​គប់​ជ្រុង​១​គ្រឿង​ទៀត ។ ក្រោយ​ពេល​កើត​ហេតុរថយន្ត​បាន​បើក​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ អត់​ស្លាក​លេខ​១​គ្រឿង​បើកបរ​យ៉ាង​លឿន​តាម​បណ្ដោយ​វិ​ថី​ព្រះ​មុនី​រ៉េ​ត ពី​លិចទៅ​កើត ខណៈ​មក​ដល់​មុខ​វត្ត​ស្ទឹង​មាន​ជ័យ​បម្រុង​នឹង​ឡើង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទៅ​ហើយ​ស្រាប់តែ​បុក​ពីក្រោយ​ម៉ូតូ​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-8668 យ៉ាង​ពេញទំហឹង​ បណ្ដាល​ឲ្យ​បុរស​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ចំណែក​ម៉ូតូ​បាន​ប៉ើង​ទៅ​បុក​ម៉ូតូ​គប់​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1AN-3605 មួយ​គ្រឿង​ទៀត​បណ្ដាល​ឱ្យ​ម៉ូតូ​នោះ​ដួល អ្នកបើកបរ​រង​របួសស្រាល ។ ចំណែក​រថយន្ត​ក៏​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​អន្តរាគមន៍ និង​ធ្វើការ​វាស់វែង ព្រមទាំង​ស្វែងរក​ទំនាក់ទំនង​ទៅ​គ្រួសារ​ជន​រង​គ្រោះ​ដើម្បី​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕