ស្មានថា​​កាន់​កាំភ្លើង​អាកា​ ទូរស័ព្ទ​ប្តឹង​ផ្អើល​សមត្ថកិច្ច​ស្ទើរ​ទូ​ទាំង​ខណ្ឌទួលគោក​ទាំង​យប់

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​យល់​ច្រឡំ​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​សមត្ថកិច្ច​​ស្ទើរ​តែ​ទូ​ទាំង​ខណ្ឌទួលគោក ដោយសារ​តែ​រថយន្ត​​​ឡិច​ស៊ី​ស​៥៧០​ប៉ះ​គ្នា​ជា​មួយ​រថយន្ត​កាម​រី​បា​ឡែ​ន ហើយ​ចុះ​មក​ជជែក​វែកញែក​គ្នា ខណៈ​នេះ​មាន​រថយន្ត​កាម​រី​ឆ្លាម​១​គ្រឿង​ជា​មិត្តភក្តិ​របស់​កាម​រី​បា​ឡែ​ន​មក​ដល់ ក៏​ចុះ​ពី​ឡាន​ដោយ​មាន​កាន់ជើង​កាមេរ៉ា​មក​ជាមួយ​ផង ភ្លាម​ៗ​នោះ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​មើលទៅ​ស្មានថា​កាន់​កាំភ្លើង​អាកា​ក៏​ឡើង​ឡាន​បើក​ចេញ​បាត់ ហើយ​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ នៅ​លើ​ផ្លូវ​រថភ្លើង តាម​បណ្ដោយ​ផ្លូវ​លេខ​២៩៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក ។

បន្ទាប់​ពី​មានការ​ទូរស័ព្ទ​ប្តឹង​ថា​ មាន​គេ​កាន់​កាំភ្លើង​អាកា​មក​គំរាម​ដោយសារ​តែ​គ្រោះថ្នាក់​ប៉ះ​រថយន្ត​គ្នា​បន្តិចបន្តួច​សោះ​បែប​នេះ សមត្ថកិច្ច​ស្ទើរតែ​ទូ​ទាំង​ខណ្ឌទួលគោក​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ហួសចិត្ត​នោះ​គឺ​ពុំ​មាន​កាំភ្លើង​អាកា​ដូច​ការ​រាយការណ៍​ឡើយ គឺ​គ្រាន់តែ​ជើង​កាមេរ៉ា​ដែល​មាន​ដាក់​ស្រោម​ពណ៌​ខ្មៅ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​រួចរាល់​​​ព្រម​ជាមួយនឹង​ការ​ហួសចិត្ត​ផង​នេះ ក៏​បាន​ធ្វើការ​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ទាំងអស់​ថា នេះ​គ្រាន់តែ​ជា​ការ​យល់​ច្រឡំ​ប៉ុណ្ណោះ ការ​ពិត​ពុំ​មាន​យក​កាំភ្លើង​អាកា​គំរាម​នោះ​ទេ គឺ​គ្រាន់តែ​ជា​ជើង​កាមេរ៉ា​ប៉ុណ្ណោះ ព្រោះ​ពួក​គាត់​ទើប​ចេញ​មក​ពី​ស៊ី​ការ​គេ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​ពិនិត្យ​រួច​រាល់​អស់​ហើយ និង​បញ្ជាក់​ថា​គ្រាន់​តែ​ជា​ការ​យល់​ច្រឡំ​នោះ សមត្ថកិច្ច​ក៏​អនុញ្ញាត​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​បន្ត​ដំណើរ​ទៅ​ទៀត​ជា​ធម្មតា តែ​រថយន្ត​កាមរី​បាឡែន​មិន​អាច​បន្ត​ដំណើ​រ​ទៅ​ដោយ​ខ្លួន​ឯង​បាន​ទេ​ដោយសារ​ដាច់​កង់​មុខ​ម្ខាង​ទៅ​ហើយ ៕