ក្រោយ​បញ្ជា​តាម​ហ្វេ​ស​ប៊ុ​ក សាលា​រាជធានី​ប្រកាស​ឈប់​យកលុយ​នៅ​ផ្លូវ​វេ​ង​ស្រេង

សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី២៨ ខែធ្នូ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការបញ្ឈប់​យក​កម្រៃ​សេវា​លើ​រថយន្ត​ចរាចរ​ឆ្លងកាត់​ផ្លូវ​ចោមចៅ-ស្ទឹងមានជ័យ (ផ្លូវ​វេ​ង​ស្រេង)។ សេចក្តីជូនដំណឹង​នេះ គឺ​ធ្វើតាម​បញ្ជា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​សរសេរ​តាម​ហ្វេ​ស​ប៊ុ​កថា សម្តេច​ជូន​ជា​កាដូ​ឆ្នាំ​ថ្មី​សម្រាប់​ពលរដ្ឋ តាមរយៈ​ការបញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ភ្នំពេញ ថូ​ល​វេ លើ​ការយក​កម្រៃ​សេវា​រថយន្ត​ដែល​ឆ្លងកាត់​ផ្លូវ​នេះ។

កាលពី​វេលា​ម៉ោង៩ និង៤៦នាទី យប់​ថ្ងៃទី២៧ខែធ្នូ សម្តេច ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា សម្តេច​ទើបតែ​ដឹង​ពី​ការយក​លុយ​ពី​ម្ចាស់​រថយន្ត​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង។ សម្តេច​បានដឹង​ដំណឹង​នេះ ពី​ពលរដ្ឋ​ម្នាក់​ដែល​បាន​សំណូមពរ​ដល់​សម្តេច​តាម​ហ្វេ​ស​ប៊ុ​ក ឲ្យ​ជួយ​ដោះស្រាយ។

ក្រោយ​បញ្ជា​តាម​ហ្វេ​ស​ប៊ុ​ក សាលា​រាជធានី​ប្រកាស​ឈប់​យកលុយ​នៅ​ផ្លូវ​វេ​ង​ស្រេងតាមរយៈ​ហ្វេ​ស​ប៊ុ​ក​ដដែល ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជា​ដល់​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ចាត់​កម្លាំង​ធ្វើ Sticker ជូន​ពល ដោយ​មិនចាំបាច់​បង់ប្រាក់​សម្រាប់​រថយន្ត​គ្រួសារ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ និង​ស្ថិតនៅក្នុង​តំបន់​ដែល​ក្រុមហ៊ុន​ធ្វើ​វិនិយោគ។ សម្តេចនាយក​រដ្ឋមន្ត្រី បានសរសេរថា៖ «បងប្អូន​ត្រូវបំពេញ​កា​ត្វ​កិច្ច​បង់ពន្ធ​ផ្លូវ​ជូន​រដ្ឋ​តាម​ការកំណត់​នៃ​ច្បាប់ តែ​មិនត្រូវ​បង់ថ្លៃ​ផ្លូវ​មុខផ្ទះ​បងប្អូន​នោះទេ»។

បន្ទាប់មកទៀត​បុរស​ខ្លាំង​នៅ​កម្ពុជា បាន​សរសេរ​បន្ថែម​នៅលើ​ហ្វេ​ស​ប៊ុ​កថា៖ «ក្រោយពី​បាន​សិក្សា​ល្អិតល្អន់​មួយកម្រិត​ធំ​ថែមទៀត គឺ​រាជរដ្ឋាភិបាល​សម្រេច​ទិញយក​ការវិនិយោគ​ទាំងមូល​នៃ​ផ្លូវ​វេ​ង​ស្រេង​នេះ​មកកាន់​កាប់​ទាំងស្រុង​វិញ។ ខ្ញុំ​បាន​បញ្ជា​ទៅ​សាលាក្រុង និង​ក្រុមហ៊ុន​ឯកជន​ត្រូវ​បញ្ឈប់​យកលុយ​ទាំងស្រុង​ចាប់ពី​ពេលចេញ​ដំណឹង​នេះ ហើយ​ចាប់ពីពេលនេះ​តទៅ គឺ​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ទូទៅ​គឺ​ឈប់​បង់ប្រាក់​តទៅទៀត​ហើយ។ នេះ​គឺជា​កាដូ​សម្រាប់​បងប្អូន​ជនរួមជាតិ​នៅក្នុង​ឆ្នាំ​ថ្មី ២០១៦ នេះ!បងប្អូន​និង​សន្សំ​បាន​ប្រាក់​ដែល​ធ្លាប់​បង់ថ្លៃ​ផ្លូវ​មក​លើក​កំពស់​ជីវភាព​ក្នុង​ក្រុមគ្រួសារ​វិញ»។

បទបញ្ជា​មិន​ដល់២៤ម៉ោង​ស្រួលបួល​ផង សាលា​រា​ធានី​ភ្នំពេញ បាន​ដោះស្រាយ​បញ្ហា​ដែល​រាំ​រៃ​អស់​ជាច្រើន​ឆ្នាំនេះ បាន​រួចរាល់។ តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃទី២៨ ខែធ្នូ សាលា​រាជធានី​ភ្នំពេញ បានប្រកាស​សង​ថវិកា​ជូន​ពលរដ្ឋ​ដែល​បាន​ទិញ​ស្ទីក​ឃ័​រ សម្រាប់​ឆ្លងកាត់​ផ្លូវ ដោយ​ការទូទាត់​សង​ធ្វើ​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន ភ្នំពេញ ថូ​ល​វេ ស្ថិតក្នុង​បុរី​ពិភពថ្មី តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ផ្ទាល់។

ជាមួយគ្នានេះ​ផងដែរ សាលា​រាជធានី​ប្រកាស​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង និង​ធ្វើការ​កែលម្អ​ផ្លូវ​ខាងលើ​តាម​ស្តង់ដារ​បច្ចេកទេស ដើម្បី​ដាក់ជូន​ពលរដ្ឋ​ប្រើប្រាស់​សម្រាប់​ប្រយោជន៍​សាធារណៈ៕