ទិន្នផល​អំបិល​កម្ពុជា​ឆ្នាំ​នេះ​កើន​ឡើង​ដោយ​សារ​ភាព​រាំងស្ងួត​ក្នុង​ប្រទេស

ទិន្នផល​អំបិល​កម្ពុជា​ឆ្នាំ​នេះ​កើន​ឡើង​ដោយ​សារ​ភាព​រាំងស្ងួត​ក្នុង​ប្រទេស

ហ៊ុល សាន ដើរ​កាត់​ស្រែ​អំបិល​នៅ​ក្នុង​ស្រុក​ទឹកឈូក​ ខេត្តកំពត កាលពី​ថ្ងៃ​ពុធ ទី២៣ ខែធ្នូ ឆ្នាំ២០១៥។ (ផន បុប្ផា/VOA)ទោះ​បី​ជា​ស្ថាន​ភាព​រាំង​ស្ងួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ទិន្នផល​ស្រូវ ​និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត​ក៏​ដោយ​ ក៏​អ្នក​ផលិត​អំបិល​នៅ​ខេត្ត​កំពត​ និង​ខេត្ត​កែបបាន​ទទួល​ផល​យ៉ាង​ច្រើន​ដោយ​សា​តែ​មាន​ភ្លៀង​ធ្លាក់​តិច​តួច។ កែប—

ទោះ​បី​ជា​ស្ថាន​ភាព​រាំង​ស្ងួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ទិន្នផល​ស្រូវ ​និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត​ក៏​ដោយ​ ក៏​អ្នក​ផលិត​អំបិល​នៅ​ខេត្ត​កំពត​ និង​ខេត្ត​កែប ​បាន​ទទួល​ផល​យ៉ាង​ច្រើន​ដោយ​សា​តែ​មាន​ភ្លៀង​ធ្លាក់​តិច​តួច។

អ្នក​ផលិត​អំបិល​ និង​សមាគម​អំបិល​ក្នុង​ខេត្ត​ ដែល​ស្ថិត​នៅ​ជាប់​សមុទ្រ​នេះ​ បាន​ប្រាប់​VOA ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថា​ ភាព​រាំង​ស្ងួត​បាន​ធ្វើ​ឲ្យ​ផលិត​ផល​អំបិល​របស់​ពួក​គាត់​កើន​ឡើង​ទ្វេ​ដង។

​លោក​ ប៊ុន​ បារាំង​ នាយក​ប្រតិបត្តិ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត​ និង​ខេត្ត​កែប​បាន​និយាយ​ថា​ សហគមន៍​ផលិត​អំបិល​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​នេះ​ផលិត​ទិន្នផល​អំបិល​បាន​ប្រមាណ​១៧ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៥​នេះ​ គឺ​ស្មើ​នឹង​ជិត​ពីរ​ដង ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៤​ និង​ឆ្នាំ​កន្លង​មក។

«ឆ្នាំ២០១៤​ និង​២០១៥ ​វា​រាំង​ពី​ខែ​មួយ​ដល់​ខែ​៦។​ អញ្ចឹង​វា​រាំង​បាន​យូរ។ វា​រាំង​ដល់​ទៅ​៦​ខែ​អញ្ចឹង ​យើង​ផលិត​បាន​ដល់​ទៅ​១៧ម៉ឺន​តោន​ បូក​នឹង​អំបិល​សល់​ចាស់​៩​តោន​ អញ្ចឹង ​វា​២៦​ ម៉ឺន​តោន»។

ជា​មួយ​គ្នា​នោះ​ដែរ​ លោក ​ហ៊ុល ​សាន ​ជា​កម្មករ​ធ្វើ​ការ​នៅ​ស្រែ​អំបិល​ខេត្ត​កំពត ​បាន​និយាយ​ថា ​ឆ្នាំ​នេះ​ផលិតផល​អំបិល​នៅ​ស្រែ​របស់​លោក​បាន​កើន​ឡើង។

«បើ​មាន​ភ្លៀង ​យើង​ធ្វើ​មិន​សូវ​បាន​ផល​ទេ។​ វា​រលាយ​អស់»។​

លោក​បាន​បន្ថែម​ថា​ ការ​ផលិត​អំបិល​របស់​លោក​កើន​ឡើង​ពីរ​ដង​ពី​១០០០តោន​កាល​ពី​ឆ្នាំ​មុន​មក​ជាង​២០០០តោន​ក្នុង​ឆ្នាំ​នេះ។

ផ្ទុយ​ពី​កសិករ​ដែល​ដាំ​ដុះ​ផលិត​ផល​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា ​លោក ​ប៊ុន​ បារាំង​សង្ឃឹម​ថា ​នៅ​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ មិន​មាន​ភ្លៀង​ដូច​ឆ្នាំ​២០១៤​ និង​២០១៥។

លោក​ក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ទិន្នផល​អំបិល​នៅ​ក្នុង​ចុង​ឆ្នាំ​២០១៥​ និង​២០១៦​ នឹង​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត ​ប្រសិន​បើ​មិន​មាន​ភ្លៀង​ដូច​ឆ្នាំ​២០១៤​ និង២០១៥។

«អាស្រ័យ​លើ​អាកាសធាតុ ​ប្រសិន​បើ​អាកាសធាតុ​រាំង​ យើង​អាច​ផលិត​បាន​ច្រើន។ ​បើ​សិន​ជា​មាន​ភ្លៀង​ធ្លាក់​ វា​ផលិត​បាន​តិច»។

បើ​ទោះ​ជា​ទទួល​បាន​ផល​អំបិល​ច្រើន​នៅ​ក្នុង​ឆ្នាំ​នេះ​ក៏​ដោយ ​ក៏​លោក ​ប៊ុន​ បារាំង មាន​ប្រសាសន៍​ថា​ ការ​ផលិត​អំបិល​នៅ​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត ​ហើយ​កម្ពុជា​មិន​មាន​បច្ចេកវិទ្យា​ ដែល​អាច​ផលិត​អំបិល​សម្រាប់​ផ្គត់ផ្គង់​ការ​នាំ​ចេញ​ក្រៅ​ប្រ​ទេស​បាន​នៅ​ឡើយ​ទេ។

លោក​បន្ថែម​ថា កម្ពុជា​ក៏​នៅ​មិន​អាច​ប្រកួត​ប្រជែង​នឹង​ផលិតផល​អំបិល​នាំ​ចូល​ពី​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម​បាន​នៅ​ឡើយ​ដែរ។

ការ​ផលិត​អំបិល​តាម​របៀប​ប្រពៃណី​បាន​ផ្ដល់​ការ​ងារ​ដល់​ប្រជាជន​កម្ពុជា​យ៉ាង​ហោច​ណាស់​ចំនួន​ជាង​៤៥០០​នាក់។ នេះ​បើ​យោង​តាម​ លោក​ ប៊ុន​ បារាំង​ នៃ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត​ និង​ខេត្ត​កែប។

លោក​ ប៊ុន​ បារាំង​ បាន​ប្រសាសន៍​ថា ​សហគមន៍​របស់​លោក​លក់​ចេញ​អំបិល​១០ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំៗ ​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​អំបិល​នៅ​ក្នុង​ស្រុក។

លោក​បន្ថែម​ថា ដោយ​សារ​ផលិតផល​អំបិល​មាន​ការ​កើន​ឡើង​ តម្លៃ​អំបិល​បាន​ធ្លាក់​ពី​៨០​ដុល្លារ​ក្នុង​មួយ​តោន​កាល​ពី​ឆ្នាំ​២០១៤ មក​ត្រឹម​តែ​៥០​ដុល្លារ​ក្នុង​មួយ​តោន​ក្នុង​ឆ្នាំ​នេះ។

«អ្នក​ផលិត​យើង​នៅ​ខ្វះ​ថវិកា។ ផែន​ការ​មាន​កម្រិត ​អញ្ចឹង​យើង​មិន​អាច​នាំ​ចេញ​បាន​ទេ​ បាន​លក់​តែ​ក្នុង​ស្រុក​ខ្មែរ»។

ប្រជាជន​កម្ពុជា​ប្រហែល​៨០​ភាគ​រយ ដែល​ប្រកប​របរ​កសិកម្មបាន​ត្អូញត្អែរ​យ៉ាង​ខ្លាំង​អំពី​ភាព​រាំងស្ងួត ​ដែល​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​សកល​លោក។

ភាព​រាំង​ស្ងួត​នេះ​ធ្វើ​ឲ្យ​ប៉ះ​ដល់​ទិន្នផល​ដំណាំ​របស់​ពួក​គាត់។ ផ្ទុយ​ទៅ​វិញ ​ផលិត​ផល​អំបិល​ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​កម្ដៅ​ព្រះ​អាទិត្យ​បាន​ទទួល​ផល​គាប់​ប្រសើរ៕