សៀវភៅ​លាក់​អាថាន់​ (ភាគ​ទី១)

សៀវភៅ​លាក់​អាថាន់​ (ភាគ​ទី១)

ភាគ​ទី​១​

 

ស្រមោល​ខ្មៅ​នៃ​ព្រះ​ចន្ទ​ងងឹតងងល់​ជះ​គ្រប​សន្ធប់​មក​លើ​រាងកាយ​បុរស​មាឌ​ធំធាត់​ដែល​អង្គុយ​ប្រណម​លើក​ដៃ​ទាំង​ពីរ​សំពះ​ទូល​ទៅ​លើ​មេឃ។
គាត់​សង្រួម​ស្មិងស្មាធិ៍​តែ​ម្នាក់​ឯង គិត​អ្វី​តែ​ម្នាក់​ឯង ធ្វើ​ឱ្យ​មនុស្ស​ជុំវិញ​គាត់​ខំ​នៅ​ស្ងាត់​ស្ងៀម​​ដោយ​មិន​ហ៊ាន​សូម្បី​ដកដង្ហើម​ឱ្យ​ឮ​ផង។
ខណៈ​ពេល​ដែល​រាងកាយ​បុរស​នោះ​​ផ្ដើម​​រង្គើ​ញាប់ញ័រ​ អ្នក​ទាំង​ឡាយ​ដែល​អង្គុយ​ហែហម​បង្ហាញ​ភាព​ភិតភ័យ ហើយ​ញាក់ញ័រ​ដែរ។

តា​នោះ​ស្រាប់​តែ​​បែរ​ក្រោយ​​មក​វិញ ហើយ​ផ្ទុះ​សូរ​សំណើច​ក្អាកក្អាយ​ដូច​ជា​សំណើច​ពួក​មនុស្ស​វិកល​ចរិត។ គ្រប់​គ្នា​ឱន​មុខ​ មាន​អ្នក​ណា​ហ៊ាន​ពិនិត្យ​អាការ​របស់​តា​នោះ​ទៅ?
បុរស​នោះ​ចាប់ផ្ដើម​​ស្រែក​សន្យា​ទៅ​កាន់​មេឃ​ឮ​ៗ​ថា៖
«បិតា​នៃ​យើង​! លោក​ខែ​ខ្មៅ​ដ៏​មាន​មហិទ្ធិឫទ្ធិ!​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ បន្ទាប់​ពី​ថ្ងៃ​លិច​នា​ល្ងាច​ស្អែក​ រាងកាយ​​សត្រូវ​ទាំង​អស់​របស់​យើង​នឹង​ត្រូវ​បាន​សម្លាប់​​បង់​! សមរភូមិ​នេះ​ត្រូវ​តែ​ប្រយុទ្ធ​ឱ្យ​បាន​សម្រេច! លទ្ធផល​ចុងក្រោយ​មាន​តែ​មួយ​​គត់​សម្រាប់​អ្នក​មិន​ដើរ​តាម​យើង គឺ​​សេចក្ដី​​​​ស្លាប់!»

 

នេះ​ជា​បទ​បញ្ជា​នៃ​ពួក​អ្នក​រៀន​អាគម​ងងឹត ​ពុំ​នោះ​ទេ កម្លាំង​អនុភាព​នៃ​វិជ្ជាការ​ងងឹត​នេះ​នឹង​បក​​មក​សម្លាប់​សាមី​ខ្លួន​ឯង​វិញ។
​ពុទ្ធោ​អើយ! បើ​បុរស​នេះ​មិន​ក្រោក​ចេញ​មក ហើយ​ស្រមោល​ងងឹត​នៃ​ព្រះចន្ទ​ខ្មៅ​មិន​បាន​បន្សាត់​ទៅ​បាត់​ យើង​មិន​បាន​ដឹង​ទេ​ថា មនុស្ស​នៅ​ពី​មុខ​គាត់​ទាំងអស់​ក្លាយ​ជា​សាកសព​បាត់​ទៅ​ហើយ​។
អូ​ព្រះ​?

​ពួកគេ​ទាំង​នេះ​គឺ​សុទ្ធ​តែ​ជា​​អ្នក​​បម្រើ​ស្មោះ​របស់​តា​នេះ​បាន​ហែហម​កំដរ​​តា​នេះ​រៀន​វិជ្ជា​សិល្ប៍ ហើយ​ចុង​ក្រោយ​បែរ​ជា​បាន​ការ​សង​គុណ​មួយ ​គឺ​​ក្លាយ​ជា​អ្នក​ត្រូវ​បូជា​យញ្ញ?​? មេធ្មប់​​​ឈរ​សម្លឹង​បណ្ដា​អ្នក​ស្លាប់​ ហើយ​ងក់ក្បាល​ហាក់​​ពេញចិត្ត​នឹង​ទង្វើ​ខ្លួន​ឯង​ទៀត?​។
ត្រូវ​ហើយ នេះ​​គឺ​ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​មេ​ធ្មប់​កំណាច​ដែល​បាន​ស្មិងស្មាធិ៍​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ធ្វើ​ពិធី​ប្ដូរ​ព្រលឹង​របស់​គេ ប៉ុន្តែ​វា​ប្រហែល​ជា​ថ្ងៃ​ដ៏​ងងឹត​សម្រាប់​មនុស្ស​ល្អ​ៗ​នៅ​ក្នុង​ទីក្រុង​នេះ។
ជា​​មួយ​នឹង​ការ​មក​ដល់​មិន​ចេះ​ឈប់​ឈរ​នៃ​បច្ចេកវិទ្យា​ឌីជីថល ​​វិជ្ជាការ​​ខ្មៅ​ងងឹត​នៃ​មន្ត​អាគម​អូម​អាម​ប្រើ​សម្រាប់​សម្លាប់​ជីវិត​ នៅតែ​មាន​គេ​លួចលាក់​បន្តវេន​នៅ​លើ​ផែនដី​នេះ។​ គួរ​ជឿ​រឿង​នេះ​ដែរ​ឬ​ទេ​?

 

ចុច​ត្រង់​នេះ​ដើម្បី​អាន​រឿង​បន្ត…

 

សៀវភៅ​លាក់​អាថាន់​ (ភាគ​ទី១)