និស្សិតជ័យលាភី មិនខ្វល់ការរិះគន់ថា សញ្ញាបត្រគ្មានតម្លៃ ប្រការសំខាន់ មានចំណេះ ដឹងពិតប្រាកដ

ភ្នំពេញ៖ និសិ្សតទើបទទួលសញ្ញាបត្រពី នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ហាក់មិនចាប់អារម្មណ៍ទៅនឹងពាក្យនិន្នាទាមុសារ របស់បុគ្គលមួយចំនួន ដែលបានរិះគន់មកលើគុណភាពអប់រំ និងសញ្ញាបត្រគ្មានតម្លៃ។

និស្សិត បញ្ញា រ័ត្នពិស្សុត ដែលទើបទទួលសញ្ញាបត្របរិញ្ញាបត្រនីតិសាស្រ្ត ពីសាកលវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃ ចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០១៥ថា លោកបានព្យាយាមរៀនសូត្រ ដោយមិនខ្លាចនឿយហត់ ទោះត្រូវឆ្លៀតពេលពីការងារ៨ម៉ោង ក្នុង១ថ្ងៃនិងអស់ថាមពលពីក្នុងខ្លួនយ៉ាងណាក្តី។

និស្សិត រ័ត្នពិស្សុត ដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ឯកទេសស្ថាបត្យកម្ម និងគណនេយ្យ ព្រមទាំងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករដ្ឋបាលសាធារណៈផងដែរនោះ បានថ្លែងថា ការរិះគន់ពីតម្លៃសញ្ញាបត្រជារឿងមួយ ប៉ុន្តែសំខាន់អ្វីដែលសំខាន់គឺលោកច្បាស់ខ្លួនឯងថា បានក្រេបជញ្ជក់ចំណេះដឹង ពីការបង្ហាត់បង្ហាញពីសាស្រ្តាចារ្យ ក៏ដូចជាស្វ័យសិក្សាដោយខ្លួនឯង។

លោក ពិស្សុត បានថ្លែងថា “សញ្ញាបត្រនេះ មិនមែនបានមក ដោយមិនមានការលះបង់ពេលវេលា ទ្រព្យធននោះទេ ។ ក្រុមគ្រួសារខ្ញុំ បានលើកទឹកចិត្តដល់ខ្ញុំ ឲ្យបន្តការសិក្សា ទោះជាដឹងថា ខ្ញុំ បំពេញការងារអស់រយៈពេល៨ម៉ោង ក្នុង១ថ្ងៃយ៉ាងណាក្តី អ្វីដែលសំខាន់ គឺត្រូវរៀនៗ គ្មានទីបញ្ចប់”។

សម្រាប់និស្សិត ដឿន រតនា និស្សិតម្នាក់ទៀត ដែលទើបទទួលសញ្ញាបត្របរិញ្ញាប័ត្រផ្នែកនីតិសាស្រ្តផងដែរនោះ បានថ្លែងថា លោកពិតជាមានមោទនដែលការខិតខំប្រឹងប្រែងរបស់លោកក្នុងរយៈពេល៤ឆ្នាំ ហើយបានទទួលសញ្ញាបត្រនៅថ្ងៃនេះ។  

និសិ្សតរូបនេះ បានថ្លែងថា “ជាកិត្តិយសសំរាប់ខ្ញុំ និងក្រុមគ្រួសារ ហើយសូមអរគុណលោកគ្រូ អ្នកគ្រូសាស្រ្តាចារ្យទាំងអស់ ដែលបានបង្ហាត់បង្រៀនមិនគិតពីការណឿយហត់ ដល់និស្សិតយើងខ្ញុំ ហើយខ្ញុំនឹងខិតខំយកចំណេះវិជ្ជាដែលខ្ញុំមាន ទៅបំពេញការងារ ទាំងក្របខណ្ឌរដ្ឋ និងវិស័យឯកជន ឲ្យបានល្អតាមលទ្ធភាពដែលអាចធ្វើទៅបាន”។

ទោះជាបែបណាក្តី និស្សិត ដឿន រតនា ក៏បានផ្តែផ្តាំ ចង់អោយនិស្សិតទាំងអស់ ត្រូវខិតខំស្រាវជ្រាវបន្ថែមលើការបង្រៀនរបស់សាស្រ្តាចារ្យ ហើយគួរតែសិក្សាភាសាបរទេសបន្ថែមដើម្បីងាយស្រួលរកការងារក្រោយ សមាហរណកម្មអាស៊ាន។

និស្សិតនៅប្រទេសកម្ពុជា ភាគច្រើនលើសលប់ បានបញ្ចប់ការសិក្សានៅក្នុងប្រទេស និងបានបន្តការសិក្សានៅក្រៅប្រទេស។

គួរបញ្ជាក់ថា នៅក្នុងពិធីចែកសញ្ញាបត្រដល់ជ័យលាភីនិស្សិតនៃសាកលវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាព្រឹកថ្ងៃ ចន្ទ ទី២៨ខែធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញខ្លួនមកពាំងនិស្សិតទាំងអស់នៅកម្ពុជា ដែលបាននិងកំពុងសិក្សា ក៏ដូចជាបញ្ចប់ការសិក្សា ពីការរិះគន់ពីសំណាក់មេដឹកនាំគណបក្សប្រឆាំង ដែលបានរិះគន់មកលើគុណភាពអប់រំ ជាពិសេសថា សញ្ញាបត្រគ្មានតម្លៃ៕

និស្សិតជ័យលាភី មិនខ្វល់ការរិះគន់ថា សញ្ញាបត្រគ្មានតម្លៃ ប្រការសំខាន់ មានចំណេះ ដឹងពិតប្រាកដ

និស្សិតជ័យលាភីបរិញ្ញាបត្រនីតិសាស្រ្ត លោក បញ្ញា រត័្នពិស្សុត ថតរូបអនុស្សាវរីយ៍ ជាមួយមិត្តភក្រ

ព្រមទាំងសាស្រ្តាចារ្យ

និស្សិតជ័យលាភី មិនខ្វល់ការរិះគន់ថា សញ្ញាបត្រគ្មានតម្លៃ ប្រការសំខាន់ មានចំណេះ ដឹងពិតប្រាកដ

និស្សិតជ័យលាភីបរិញ្ញាបត្រនីតិសាស្រ្ត លោក ដឿន រតនា

និស្សិតជ័យលាភី មិនខ្វល់ការរិះគន់ថា សញ្ញាបត្រគ្មានតម្លៃ ប្រការសំខាន់ មានចំណេះ ដឹងពិតប្រាកដ