​មាន​ប៉ៃលិន​ មាន​ទីផ្សារ​នៅ​ប្រទេស​ចិន​

តាំងពី​សម័យ​ដើម​រហូតមកដល់​បច្ចុប្បន្ន​នេះ ប៉ៃលិន​ត្រូវបាន​គេ​ចាត់ទុកជា​ខេត្ត​មួយ​ដែលមាន​ដំណាំ​ហូប​ផ្លែ​ដ៏​សម្បូរបែប ដោយឡែក​ដំណាំ​មៀន​ក៏​ជា​ដំណាំ​ហូប​ផ្លៃ ដែល​គេ​បាន​ដាំ​ភាគច្រើន​នៅក្នុង​ទឹកដី​នៃ​ខេត្ត​ប៉ៃលិន ។ បច្ចុប្បន្ននេះ​មៀន​ប៉ៃលិន​កំពុង​តែមាន​ទីផ្សារ​នៅ​ប្រទេស​ចិន ដោយមាន​ក្រុមហ៊ុន​ចិន​បានមក​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​ប្រជាកសិករ ដោយ​ក្នុង​មួយឆ្នាំៗ​ផ្លែ​មៀន​ប៉ៃលិន​រាប់រយ​ពាន់​តោន​ត្រូវបាន​គេ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ។ បច្ចុប្បន្ន​ប្រជាកសិករ​ខេត្ត ប៉ៃលិន​ដែលមាន​ដាំ​ដំណាំ​មៀន និង ដំណាំ​ហូប​ផ្លែ​ដទៃទៀត បាន​ប្រមូលផ្តុំ​គ្នា​ចងក្រង​ជា​សហគមន៍ ដើម្បី​ជួយ​សម្រួល​ដល់​ការរក​ទីផ្សារ​ផ្លាស់ប្តូរ​បទពិសោធ​ដាំ​ដុះ ដាក់​ភាគហ៊ុន​ជាមួយគ្នា និង សកម្មភាព​ផ្សេងៗ​ទៀត ។

​មាន​ប៉ៃលិន​ មាន​ទីផ្សារ​នៅ​ប្រទេស​ចិន​

លោក ស្រេង ស្រៀ​ង ប្រធាន​សហគមន៍​អភិវឌ្ឍ​ផលិតផល​ផ្លែ​មៀននៅ​ខេត្ត​ប៉ៃលិន​មានប្រសាសន៍ថា នៅ​ឆ្នាំ ២០១៤ សហគមន៍​របស់លោក ប្រមូល​ផល​ផ្លែ​មៀនបាន​ទម្ងន់ ១.២១៥ តោន នៅ​រដូវ​ប្រមូល​ផល​ឆ្នាំនេះ ។ ក្នុងចំណោម​នេះ​មាន​ផ្លែ​មៀន​ទម្ងន់ ៥៣៤ តោន ត្រូវបាន​លក់​ក្នុងស្រុក និង ទម្ងន់ ៦៧៦ តោន​ទៀត ត្រូវបាន​នាំចេញ​ទៅ​លក់ នៅ​ប្រទេស​ចិន ។ សហគមន៍​របស់លោក​បាន​បង្កើត ឡើង​នៅ​ឆ្នាំ ២០០៩ បច្ចុប្បន្ននេះ​សហគមន៍​មាន​សមាជិក​ចំនួន ១៧២ នាក់ មាន​ផ្ទៃដី​ដាំ​មៀន​សរុប ទំហំ ៧៤៦ ហិកតារ កើនឡើង ៣៤៣ ហិកតារ ។ លោក​រំពឹងថា នៅ​ឆ្នាំ ២០១៥ ការផលិត​ផ្លែ​មៀន សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន​នឹង​កើនឡើង ជិត ២.០០០ តោន ។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​តម្រូវការ​ផ្លែ​មៀន​មានការ​កើនឡើង​រហូត ហើយ​តម្លៃ​របស់​វា​មាន​ស្ថិរ​ភាពជា​រៀងរាល់ឆ្នាំ ។

កាលពី​ឆ្នាំ ២០១២ សហគមន៍​ប្រមូល​ផល​ផ្លែ​មៀនបាន​ជាង ៥០០ តោន ឆ្នាំ ២០១៣ ប្រមូល​ផល​ផ្លែ​មៀនបាន ៩០០ តោន ដោយឡែក​នៅ​ឆ្នាំ ២០១៤ សហគមន៍​ប្រមូល​ផល មៀនបាន ១.២១៥ តោន និង នៅ​ឆ្នាំ ២០១៥ រំពឹង ថា​ការប្រមូល​ផល​ផ្លែ​មៀន​នឹង​កើនឡើង​ជិត ២.០០០ តោន សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ។ ដំណាំ​មៀន​នេះ​បន្ទាប់ពី​ដាំ​ហើយ​រយៈពេល​បី​ឆ្នាំ ទើប​ចេញ​ផ្កា ហើយ​បន្ទាប់ពី​ផ្កា​រយៈពេល ៧ ខែ ទើប​យើង​អាច​ប្រមូល​ផល​ផ្លែ​មៀន​យកទៅលក់​នៅ​ទីផ្សារ​ជាតិ និង អន្តរជាតិ ។ ​ការបង្កើត​សហគមន៍​អភិវឌ្ឍ​ផលិតផល​ផ្លែ មៀន​នេះ គឺ​បានទទួល​ផលប្រយោជន៍​ច្រើន ដូចជា ពួកគាត់​បានទទួល​ប​ទ​ពិសោធ លើកកម្ពស់​មុខរបរ ប្រចាំថ្ងៃ និង ជួយ​រក​ទីផ្សារ​ឱ្យ​ពួកគាត់ ។

​មាន​ប៉ៃលិន​ មាន​ទីផ្សារ​នៅ​ប្រទេស​ចិន​

បច្ចុប្បន្ននេះ​ខេត្ត​ដែល​សម្បូរ​ដំណាំ​មៀន​ជាងគេ គឺ​ខេត្ត​នៅ ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា ដូចជា ខេត្ត​ប៉ៃលិន នៅ​ស្រុក​សាលា​ក្រៅ និង តំបន់​ជាប់​នឹង ទីក្រុង​ប៉ៃលិន ខេត្តបាត់ដំបង ស្រុក​រតនមណ្ឌល ខេត្តបន្ទាយមានជ័យ ស្រុក​មង្គលបុរី ភ្នំ​តូច​ភ្នំ​ធំ ។ បច្ចុប្បន្ននេះ​សហគមន៍​របស់លោក​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​នៅ​ខេត្ត​គ័ង​ស៊ី ប្រទេស​ចិន គឺ​មានន័យថា ក្រុមហ៊ុន​ចិន​ជួយ​ជា​សម្ភារ​ជួយ​បង្រៀន​បច្ចេកទេស​ការដាំ​ដុះ​ពូជ​ដើម​មៀន ហើយ​បន្ទាប់ពី​មៀន​ផ្តល់​ផល គឺ​ក្រុមហ៊ុន​ចិន​ជា​អ្នកប្រមូល​ទិញ​តាម​តម្លៃ​ទីផ្សារ​កម្ពុជា ។ មុនពេល​បញ្ជូន​ផលិតផល​ផ្លែ មៀន​ទៅ​ប្រទេស​ចិន​គឺ​ត្រូវ​បញ្ជូនទៅ​វេច​ខ្ចប់​នៅ​ប្រទេស​ថៃ​ជាមុនសិន​ទើប​ដឹកជញ្ជូន​យកទៅ​ប្រទេស ចិន ។

ការប្រមូលទិញ​ផ្លែ​មៀន​ពី​ប្រជាកសិករ​រាល់ថ្ងៃ នេះ​ក្នុង​មួយ​គីឡូក្រាម​មានតម្លៃ ៤០ បាទ (៥.០០០ រៀល​) ។ លោក ស្រេង ស្រៀ​ង មានប្រសាសន៍​បន្តទៀត​ថា​«​ក្រុម​សហគមន៍​របស់ខ្ញុំ​ចាប់ផ្តើម​រក​ទីផ្សារ នាំចេញ​ផលិតផល​ផ្លែ​មៀននៅ​ឆ្នាំ ២០១១ ដោយមាន​ទស្សនវិស័យ​ជួយ​រក​ទីផ្សារ​ទាំង​ទីផ្សារ​ក្នុងស្រុក និង ទីផ្សារ​ខាងក្រៅ​ស្រុក ក៏ដូចជា​ដាក់​ភាគហ៊ុន​ជួយ​បង្រៀន និង ចែក​រំំ​លែ​ក​បទពិសោធ​ពី​ការថែទាំ ការដាំដុះ និង ការប្រមូល​ផល ការលើកកម្ពស់ តម្លៃ​នៅ​ទីផ្សារ ឬ រក្សា​តម្លៃ​ទីផ្សារ​ឱ្យនៅ​ថេរ និង ផ្តល់ប្រាក់​កម្ចី​ដល់​កសិករ​ណា​ដែល​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការដាំដុះ និង នៅមាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត​» ។

​មាន​ប៉ៃលិន​ មាន​ទីផ្សារ​នៅ​ប្រទេស​ចិន​

លោក សួន ជុំ ជា​កសិករ និង ជា​ម្ចាស់​ចម្ការ​មៀននៅ​ភូមិ​អូរ​ឈើ​ក្រម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា ក្រៅ​ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ពី​របៀប​ដាំ​មៀន​នេះ​ថា​«​ដំណាំ​មៀន​ជាទូទៅ​គេ​ចូលចិត្ត​ដាំ​នៅ​តំបន់​ខ្ពង់រាប ឬ តំបន់ភ្នំ វា​មិនអាច​ដាំ​នៅតាម​វាលស្រែ ឬ តំបន់​លិច​ទឹក​បានទេ ។ បន្ទាប់ពី​ជ្រើសរើស​ដី ដែល​សមស្រប​នឹង​ដាំ ដូចជា​នៅ​តំបន់​ខ្ពង់រាប​គឺ​ត្រូវ ជ្រើសរើស​ពូជ​មៀន ប៉ុន្តែ​ជាទូទៅ​ប្រជាកសិករ​ជ្រើស​យក​ពូជ​មៀន​ពី​ប្រទេស​ថៃ ។ មៀន​នេះ​មានពូជ​ជាច្រើន​ប្រភេទ​ផងដែរ តែ​ប្រជាកសិករ​ភាគច្រើន​ចូល ចិត្ត​ដាំ​ពូជ​អ៊ី​ដរ​(​ភាសា​ថៃ​) គឺជា​ពូជ​ល្អ និង ស្រាល ឆាប់​បាន​ប្រមូល​ផល ឬ តម្រូវ​តាម​ទីផ្សារ ។ បន្ទាប់ពី​រើស​ពូជ​រួចហើយ យើង​យក​វា​មក​ដាក់​ផ្សាំ ហើយ​វិធី​ផ្សាំ​មាន​បី​ប្រភេទ គឺ​ផ្សាំ​ដោយ​គ្រាប់​ផ្សាំ​ដោយ​ខ្នែង (​មែក​ខ្ចីៗ​) និង ផ្សាំ​ដោយ​កាត់​មែក​ចាស់ៗ រួច​កាត់​ជា​កំណាត់ៗ​ប្រវែង​ជាង ២ តឹក ។

ការ​ផ្សាំ​ដោយ​គ្រាប់​មាន​រយៈពេល ៣ ខែ ឬ ៥ ខែ និង ផ្សាំ​ដោយ មែក​មាន​រយៈពេល ៦ ឬ ៧ ខែ មុនពេល​យើង​យក ដើម​មៀន​ដែល​ផ្សាំ​នោះ​ទៅ​ដាំ យើង​ត្រូវ​រៀបចំ​ដី ឱ្យ​ហើយ ដោយ​កាប់​ជា​រណ្តៅ​ជា​ជួរ​មាន​គម្លាត​ពីរ​ណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ​ប្រវែង ៤ x ៦ ម៉ែត្រ ជម្រៅ​ជិត ៥ តឹក និង ដាក់​លាមក​គោ ឬ ជី​ខាងក្រោម មុននឹង​ដាក់​ដាំ​ដើម​មៀន ។ ក្រៅពីនេះ​យើង​រៀបចំ ប្រព័ន្ធ​ទឹក និង មើលថែទាំ​វា​ជាប្រចាំ​ថ្ងៃ ។ បន្ទាប់ពី​ដាំ​ហើយ​រយៈពេល ៣ ឆ្នាំ ទើប​វា​អាចមាន​ផ្កា​ជា​លើកដំបូង​បន្ទាប់ពី​ផ្កា​ហើយ​រយៈពេល ៧ ខែ ទើប យើង​អាច​ប្រមូល​ផល​វា​យកទៅលក់​នៅ​ទីផ្សារ​» ។ លោក​បញ្ជាក់​បន្ថែមទៀត​ថា​«​នៅពេល​ដើម មៀន​ធំ​ពេញវ័យ​ហើយ​យើង​អាច​បញ្ជា​ឱ្យ​វា​ផ្លែ ឬ ផ្កា​នៅ​រដូវ​ណា​ក៏បាន គឺ​យើង​ត្រូវ​បាញ់ថ្នាំ​បំប៉ន សរីរាង្គ​ដើម​របស់​វា​ដើម្បី​ជំនួយ​ឱ្យ​វា​ឆាប់​មាន​ផ្កា​ផ្លែ ដែល​អនុវត្ត​ទៅតាម​លក្ខណៈ​បច្ចេកទេស​ពី​ប្រទេស ថៃ ។

​មាន​ប៉ៃលិន​ មាន​ទីផ្សារ​នៅ​ប្រទេស​ចិន​

ខ្ញុំ​ដាំ​ដំណាំ​មៀន​នេះ​ចាប់តាំងពី​ឆ្នាំ ២០០៩ ដាំ​លើ​ផ្ទៃដី​ទំហំ ៥ ហិកតារ ដោយ​ដាំ​បាន​ដើម​មៀន ចំនួន ៦០០ ដើម ហើយ​ក្នុង​មួយឆ្នាំ​ខ្ញុំ​ប្រមូល​ផល បាន​ពី ៥ ទៅ ១០ តោន ដោយ​តម្លៃ​របស់​វា​មួយ​គីឡូក្រាម​ថ្លៃ ៤០ បាទ​(៥.០០០ រៀល​) ។ កាលពីមុន​ខ្ញុំ​តែងតែ​លក់​ឱ្យ​ក្រុមហ៊ុន និង ទីផ្សារ​ក្នុងស្រុក ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះ​ប្រជាកសិករ​បាន​ចងក្រង​គ្នា​ជា​សហគមន៍ ដើម្បី​ងាយស្រួល​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​» ។ តាម​ធម្មតា​គេ​ចាប់ផ្តើម​ប្រមូល​ផល ឬ បេះ​ផ្លែ​មៀន​ចន្លោះ​ពី​ខែធ្នូ​រហូតដល់​ខែមីនា តែ​ដើម្បី​រត់តាម​តម្រូវការ​ទីផ្សារ​គេ​អាច​បាញ់ថ្នាំ​បញ្ជា​វា​ឱ្យ​ផ្កា ឬ ផ្លែ នៅ​ខែ ឬ រដូវ​ណា​ក៏​បានដែរ ។ តា​ង៉ែ​ន (​មៀន​ប៉ៃលិន​) មាន​ប្រយោជន៍​ប្រឆាំង​អាការរោគ ធុញថប់ មួម៉ៅ ជួយ​ឱ្យ​របួស​ឆាប់​ជាសះស្បើយ ជួយ​ឱ្យ​ចរន្តឈាម​ក​រត់​បានល្អ ការពារ​ជម្ងឺ​ស្លេកស្លាំង និង ជួយ​ថែរក្សា​សុខភាព​ស្បែក​ឱ្យនៅ​ក្មេង​ជាង​វ័យ ៕​សុ​ទ្ឋ គឹម​សឿន​

 

​ ​