រដ្ឋាភិបាល​​​យក​​​ផ្លូវ​​​វេង​​​ស្រេង​​​មក​​​គ្រប់​​​គ្រង​​​វិញ​​​ ដោយ​​​ឈប់​​​យក​​​លុយទៀត

មិន​​​ដល់​​​មួយ​​​ខែ​​​ផង​​​បន្ទាប់​​​ពី​​​ក្រុម​​​ហ៊ុន​​​​​​ភ្នំពេញ​​​​​​ថូល​​​វេ (Phnom Penh Tollway) បាន​​​ចាប់​​​ផ្តើម​​​យក​លុយ​ពី​​​អ្នក​​​ធ្វើ​​​ដំណើរ​​​​​​តាម​​​ផ្លូវ​​​វេង​​​​​​ស្រេងដែលមាន​រោង​ចក្រ​រាប់​រយ​អម​​​​តាម​ដង​ផ្លូវ​​​​​​​​​​នៅ​​​ជាយ​​​រាជ​​​ធានី លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​ សែន បាន​​​ប្រកាស​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា រដ្ឋាភិបាល​​​នឹង​​​ទិញ​​​​​​យក​កិច្ច​​​សន្យា​​​​​​វិនិ​​​យោគ​​​​​​ពី​​​ក្រុម​​​ហ៊ុន​​​ឯកជន​​​នេះមក​វិញ​​​​ ហើយ​បញ្ឈប់​​​ការ​​​យក​​​​​​លុយ​​​តាម​​​​​​បញ្ជរ​​​បង់​​​ប្រាក់​​​​​​​​​​​ដើម្បី​​​​ជា​​​កា​​​ដូ​​​ឆ្នាំ​​​ថ្មី​​​ជូន​​​ប្រជា​​​ពល​​​រដ្ឋ​​​​ ។ 

ពេល​​​ថ្លែង​​​នៅ​​​​​​ក្នុង​​​ពិធី​​​ប្រគល់​​​សញ្ញា​​​បត្រ​​​​​​នៅ​​​កោះ​​​ពេជ្រ​​​ លោក ហ៊ុន សែន​​​ បាន​​​លើក​​​ឡើង​​​ថា កិច្ច​​​សន្យា​​​គ្រប់​​​គ្រង​​​ផ្លូវ​​​​រយៈ​​​ពេល​​​៣០​​​​​​​​​ឆ្នាំ​​​របស់​​​ក្រុម​​​ហ៊ុន ថូល​​​វេ ដែល​​​ចំណាយ​​​ប្រាក់​​​ស្ថាបនា​​​អស់​​​១០,៥​​​លាន​​​ដុល្លារ​​​​​​ត្រូវ​​​ចាត់​​​ទុក​​​​​​ជា​​​មោឃៈ​​​ គិត​ត្រឹម​​​​​​ពាក់​​​កណ្តាល​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ទៅ​ ហើយលោកបាន​​​​ជំរុញ​​​ឲ្យ​​​រោង​​​ចក្រ​​​យក​​​​ប្រាក់​​​ដែល​​​សល់​​​ពី​​​ការ​​​បង់​​ថ្លៃ​​​លើ​​​​​ការ​​​ប្រើ​​​ប្រាស់​​​ផ្លូវ​​​នេះ​​​​ទៅ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ឲ្យ​​​កម្មករ​​​ ឬ​​​យ៉ាង​​​ហោច​​​ណាស់​​​រៀប​​​ចំ​​​ពិធី​​​ជប់​​​លៀង​​​មួយ​​​ឲ្យ​​​ពួក​​​គាត់​​​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​គឺ​​​ជាការ​​​សម្រេច​​​ចិត្ត​​​ភ្លាមៗ​​​ ប៉ុន្តែ ខ្ញុំ​​​គិត​​​ថា វា​​​គឺជា​​​ការ​​​សម្រេច​​​ចិត្ត​​​ដ៏​​​ត្រឹម​​​ត្រូវ​​​”។​លោក ​​​​​​បាន​​​បន្ថែម​​​ថា លោក​​​បាន​​​ពិភាក្សា​​​​ជា​​​មួយ​​​លោក ប៉ា សុជាតិ​​​វង្ស អភិបាល​​​រាជ​​​ធានី​​​ភ្នំពេញ ​​​និង​​​លោក អូន ព័ន្ធ​​​មុនីរ័ត្ន​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញ​​​វត្ថុ​​​ ដែល​​​នឹង​​​ជួយ​សម្រួល​​​កិច្ចការ​​​​នេះ​​​រួច​​​ហើយ​​​។

លោក​​​បាន​​​​ថ្លែង​ថា “ខ្ញុំ​​​បាន​​​ប្រាប់​​​ [ពួក​​​គាត់] ឲ្យ​​​យក​​​វា​​​ត្រឡប់​​​មក​​​វិញ​​​ ហើយ ​​​[យើង​​​] នឹង​​​សង​​​ប្រាក់​​​ដល់​​​អ្នក​​​ស្ថាបនា​​​វិញ​​​ ប៉ុន្តែ ការ​​​យក​​​លុយ​​​​​​​​​ត្រូវ​​​បញ្ឈប់​​​ចាប់​​​ពី​​​ពាក់​​​កណ្តាល​​​យប់​​​[ថ្ងៃអាទិត្យ​​​] ទៅ​​​”។

​​​ផ្លូវ​​​ឧស្សាហកម្ម​​​ប្រវែង​​​៦,៥​​​គីឡូ​​​ម៉ែត្រ​​​នេះ​​​ត្រូវ​​​បាន​​​ពង្រីក​​​ដល់​​​​​​២៨​​​ម៉ែត្រ​​​ ហើយ​​​​​​វា​​​ត្រូវ​​​បាន​​​ស្ថាបនា​​​ឡើងវិញ​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ដើម្បី​​​សម្រួល​​​ដល់​ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​រថយន្ត​​​ធំៗ​​​ ដែល​​​ដឹក​​​សម្លៀក​​​បំពាក់​​​ និង​​​ស្បែក​​​ជើង​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​រាប់​​​រយ​​​ដែល​​​ស្ថិត​​​នៅ​​​តាម​​​បណ្តោយ​​​ផ្លូវ​​​នេះ​​​ ក៏​​​ដូច​​​ជា​​​សម្រាប់​​​រថ​​​យន្ត​​​រាប់​​​រយ​​​ ដែល​​​ដឹក​​​ជញ្ជូន​​​កម្មករ​​​រាប់​​​មឺុន​​​នាក់​​​​​​​​​ ទៅ​​​ធ្វើ​​​ការ​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​។​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១ ​​​ខែ​​​ធ្នូ​​​ ក្រុម​​​ហ៊ុន ថូលវេ បាន​​​ចាប់​​​ផ្តើម​​​យក​​​លុយ​​​ ​​​ក្នុង​​​ចន្លោះ​​​ពី​​​ ០,២៥ ដុល្លារ ដល់​​​២,៥០​​​ដុល្លារ​​​ អាស្រ័យ​​​តាម​​​ប្រភេទ​​​រថយន្ត។

នៅ​​​ក្នុង​​​សុន្ទរកថា​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ម្សិល​​​មិញ លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា ​​​ឥឡូវ​​​នេះ អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​​​​មាន​​​ប្រាក់​​​សល់​ច្រើន​​​​ដែល​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ដំឡើង​​​ប្រាក់​​​ខែ​​​ ឬ​​​រៀប​​​ចំ​​​ពិធី​​​ជប់​​​លៀង​​​ឲ្យ​​​​​​កម្មករ​​​ ឬ​​​បុគ្គលិក​​​នៅ​​​ថ្ងៃ​​​ទិវា​​​ពល​​​កម្ម​​​​ ​ដែល​​​ជា​​​រឿយ​​​ៗ​​​គេ​​​តែង​​​តែ​​​ឃើញ​​​កម្មករ​​​រាប់​​​ពាន់​​​នាក់​​​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​ទាម​​​ទារ​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ល្អ​​​ប្រសើរ​​​ជាង​​​មុន​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​នៅ​​​កន្លែង​​​តវ៉ា​​​ទូទាំង​​​ពិភព​​​លោក​​​នៅ​​​ថ្ងៃ​​​ទី​​​១ ខែ​​​ឧសភា ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រោង​​​ចក្រ​​​ដែល​​​ទទួល​​​បាន​​​ប្រយោជន៍​​​ពី​​​ចំណាត់​​​ការ​​​នេះ​​​គួរ​​​តែ​​​យក​​​លុយ​​​នេះ​​​ទៅ​​​ធ្វើ​​​ឲ្យ​​​ជីវភាព​​​រស់​​​នៅ​​​ប្រចាំ​​​ថ្ងៃ​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​ប្រសើរ​​​ឡើង​​​ ឬ​​​យ៉ាង​​​ហោច​​​ណាស់​​​យក​​​លុយ​​​នេះ​​​ទៅ​​​រៀប​​​ច​​ំពិធី​​​ជប​​​់​​​លៀង​​​ប្រចាំ​​​ឆ្នាំ​​​នៅ​​​ខែ​​​ឧសភា​​​”។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សារ​​​បង្ហោះ​​​តាម​​ទំព័រ​​​​ហ្វេស​​​ប៊ុក​​​​​​​​​របស់​​​លោក​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​សម្រេច​​​ទិញ​​​យក​​​កិច្ច​​​សន្យា​​​វិនិយោគ​​​ពី​​​ក្រុម​​​ហ៊ុន​​​ ថូល​​​វេ​​​មក​​​វិញ​​​ ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​​ត្អូញ​ត្អែរ​​​​ពី​​​ប្រជា​​​ពល​​​រដ្ឋ​​​រស់​​​នៅ​​​តាម​​​បណ្តោយ​​​ផ្លូវ​​​វេង​​​ស្រេងនេះ​​​​។

លោក​​​បាន​​​សរសេរ​​​ថា “វា​​​ជា​​​កាដូ​​​ឆ្នាំ​​​ថ្មី​​​ជូន​​​ជន​​​រួម​​​ជាតិ​​​”។

លោក ហ៊ុន​​​ សែន មិន​​​បាន​​​បញ្ជាក់​​​ថា តើ​​​ក្រុម​​​ហ៊ុន ថូល​​​វេ នឹង​​​ទទួល​​​បាន​​​សំណង​​​ប៉ុន្មាន​​​ឡើយ​​​សម្រាប់​​​ការ​​​បាត់​​​បង់​​​កិច្ច​​​សន្យា​​​របស់​​​ខ្លួន​​​។  ក្រុមហ៊ុន ថូល​​​វេ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។

លោក ឡុង ឌីម៉ង់ អ្នកនាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ បាន​​​បញ្ជាក់​​​ថា សាលា​​​រាជ​​​ធានី​​​បាន​​​ទទួល​​​បទ​​​បញ្ជា​​​ពី​​​ការ​​​ិយាល័យ​​​របស់​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ប៉ុន្តែ ថា ប្រាក់​​​ដែល​​​នឹង​​​ត្រូវ​​​សង​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន ថូល​​​វេ វិញ​​​នៅ​​​មិន​​​ទាន់​​​មាន​​​ការ​​​​​​ពិភាក្សា​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា សាលា​​​រាជ​​​ធានី​​​នឹង​​​បង្កើត​​​គណៈកម្មការចំពោះ​​​កិច្ច​​​​​​ដែល​​​មាន​​​សមាសភាព​​​ជា​តំណាង​​​មក​​​ពី​​​ក្រសួង​​​សេដ្ឋកិច្ច​​​ និង​​​ហិរញ្ញ​​​វត្ថុ​​​ សាលា​​​រាជធានី​​​ ក្រុម​​​ហ៊ុន ថូល​​​វេ  និង​​​ស្ថាប័ន​​​ពាក់​​​ព័ន្ធ​​​ផ្សេង​​​ៗ​​​ទៀត​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ “ដើម្បី​​​ពិនិត្យ​​​កិច្ច​​​សន្យា​​​នេះ​​​ហេតុដ​​​ូច្នេះ​​​ យើង​​​អាច​​​វាយ​​​តម្លៃ​​​បាន​​​ថា តើ​​​ប្រាក់​​​ចំនួន​​​ប៉ុន្មាន​​​ត្រូវ​​​សង​​​ទៅ​​​ក្រុមហ៊ុន​​​វិញ​​​”។

លោក ហ៊ុន​​​​​ សែន ក៏​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សុន្ទរកថា​​​របស់​​​លោក​​​ផង​​​ដែរ​​​ថា លោក​​​បាន​​​ពិភាក្សា​​​ពិគ្រោះ​​​យោបល់​​​ជា​​​មួយ​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ហិរញ្ញវត្ថុ អំពី​​​បញ្ជរ​​​បង់​​​ប្រាក់​​​នៅ​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​៤​​​ ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​លោក ​​​ អឹុង ប៊ុនហូវ អតីត​​​រដ្ឋលេខាធិការ​​​ក្រសួង​​​​​​សាធារណការ​​​ និង​​​ដឹក​​​ជញ្ជូន​​​ និង​​​ដែល​​ក៏​ធ្វើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​រស់​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ខឹង​​​ដែរ​​​នោះ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​​​​ថា ការ​​​យក​​​​​​វា​​​​​​មក​​​​​​គ្រប់​​​​​​ គ្រង​​​ដោយ​​​រដ្ឋ​​​វិញ “មិន​​​អាច​​​ទៅ​​​រួច​​​ទេ” ​​​​​​៕ស៊ុយឈាង​

The post រដ្ឋាភិបាល​​​យក​​​ផ្លូវ​​​វេង​​​ស្រេង​​​មក​​​គ្រប់​​​គ្រង​​​វិញ​​​ ដោយ​​​ឈប់​​​យក​​​លុយទៀត appeared first on ខេមបូឌា ដេលី.