នៅ​ភ្នំពេញ យប់មិញ និងព្រឹកនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ ៤ ករណី មនុស្ស​ស្លាប់ ៤ នាក់​

ភ្នំពេញ: គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន ៤​ករណី បាន​បណ្តាលអោយ​មនុស្ស ៤​នាក់ ស្លាប់​កាលពី​យប់​ថ្ងៃទី​២៨ ធ្នូ និង​ព្រឹក​ទី​២៩ ​ខែធ្នូ ឆ្នាំ​២០១៥​។ ​តាម​របាយការណ៍ គ្រោះថ្នាក់​ទាំង ៤ ករណី​នោះ កើតឡើង នៅ​ខណ្ឌចំការមន ខណ្ឌមានជ័យ និង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​របាយការណ៍​ប៉ូលិស បានអោយដឹងថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង
​នៅក្នុង​ខណ្ឌចំការមន​៖ នៅវេលា​ម៉ោងជាង ២១​យប់ នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​៣៧០ សង្កាត់​បឹង​កេងកង​១ គ្រោះថ្នាក់​រវាង​ម៉ូតូ សេ​១០០​កូរ៉េ ពណ៌​ក្រហម ស្លាក​លេខ ភព 1AR-9374 បុក​ជាមួយ​ម៉ូតូ វ៉េវ ពណ៌​ខ្មៅ ស្លាក​លេខ កណ្តាល 1N-9807 បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​សេ​១០០ ស្លាប់​នៅ​កន្លែងកើតហេតុ​។ មូលហេតុ ម៉ូតូ​សេ​១០០ បើក​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន​។​

​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ពោធិ​សែន​ជ័យ​៖ នៅវេលា​ម៉ោងជាង ២៣​យប់ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន សាម​តូ ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​កា​កាប គ្រោះថ្នាក់​រវាង​រថយន្ត កូរ៉ូឡា ពណ៌​បៃតង ស្លាក​លេខ ភព 2H-5283 អ្នកបើកបរ​គេចខ្លួន បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក គុប​មូល​សេ​៥០ ពណ៌​ស្លែ ស្លាក​លេខ ៦៣០៨ ភព​១ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់ នៅ​កន្លែងកើតហេតុ​។ មូលហេតុ ម៉ូតូ​បើកបរ មិន​គោរព​សិទ្ធិ ខណៈ​រថយន្ត​បើកផ្លូវ​ត្រង់​។

គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខណ្ឌ​មាន​​ជ័​យ​៖ នៅវេលា​ម៉ោងជាង ២២​យប់ ចំណុច​មុខ​ក្លោងទ្វារវត្ត​ស្ទឹងមានជ័យ ផ្លូវ​ព្រះ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ គ្រោះថ្នាក់​រវាង​ម៉ូតូ ហុងដា គុប​មូល សេ​៥០ ពណ៌​ខៀវ ស្លាក​លេខ ភព 1AN-3605 បុក​ជាមួយ​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ភព 1BY-8668 បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ០១​នាក់ ស្លាប់ នៅ​កន្លែងកើតហេតុ និង ០១​នាក់ ទៀត របួសស្រាល​។ ភាគី​ទាំងពីរ បាន​សម្រួល​គ្នា​បញ្ចប់រឿង នៅ​កន្លែងកើតហេតុ​។ សព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​៖ នៅវេលា​ម៉ោងជាង ៦ ព្រឹក ​ថ្ងៃទី​២៩ ខែធ្នូ នៅ​ចំណុច​លើផ្លូវ​ទំនប់​កប់​ស្រូវ សង្កាត់​ត្រពាំង​ក្រសាំង គ្រោះថ្នាក់​រវាង​រថយន្ត​ដឹក​ទឹកកក បុក រថយន្ត​ដឹក​កម្មករ​ពីក្រោយ បណ្តាល​ធ្លាក់​កម្មករ ០២​នាក់ ក៏ត្រូវ​រថយន្ត​ដឹក​ទឹក​ក​កិន​ស្លាប់ ០១​នាក់ នៅ​កន្លែងកើតហេតុ និង ០១​នាក់​ទៀត​របួសធ្ងន់​៕​