គជប នឹងមាន​អគ្គលេខាធិការ​ថ្មី មិនមែនជា​លោក​ទេព​នីថា​!

ភ្នំពេញ: នៅ​ថ្ងៃ​ផុតកំណត់​ទទួល​ពាក្យ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ គឺមាន​អ្នក​ដែល​បានដាក់​ពាក្យសុំ​ឈរឈ្មោះ ជា​មុខតំណែង​អគ្គលេខាធិការ គជប ចំនួន ២៤ នាក់ និង​អ្នក​ដែល​បានដាក់​ពាក្យសុំ​ឈរឈ្មោះ ជា​មុខ​តំណាង​អគ្គលេខាធិការរង មាន​ចំនួន ១០០ នាក់ ក្នុងនោះ មាន​ស្ត្រី ៤ នាក់​។ ក្នុងចំណោម​បេក្ខជន​ដាក់​ពាក្យសុំ​ឈរឈ្មោះ ជា​អគ្គលេខាធិការ គជប ទាំង ២៤ នាក់​នោះ ក៏មាន​លោក ទេព នីថា អគ្គលេខាធិការ​គជប សព្វថ្ងៃ ផងដែរ​។​

​តាមច្បាប់ គជប ដែលមាន​សមាសភាព​ចំនួន ៩ រូប នឹងធ្វើ​ការពិនិត្យ​លើ​ពាក្យសុំ​ឈរឈ្មោះ​របស់​បេក្ខជន​ទាំងអស់ រួច​នឹងធ្វើ​ការសម្រេច​ទៅតាម​នីតិវិធី​ច្បាប់​។ នោះ​គឺ​ការសម្រេច​ជ្រើសរើស​អគ្គលេខាធិការ​គ​ជប ចំនួន ១ រូប និង​អគ្គលេខាធិការរង គជប ចំនួន ៤ រូប នឹងត្រូវ​គជប ដែលមាន​សមាសភាព ៩ រូប ជា​អ្នកសម្រេច ដោយ​មតិ​ភាគច្រើន​ដាច់ខាត ពោលគឺ ៥០% បូក ១ ឬ​សំឡេង​ចាប់ពី ៥ រូប​ឡើងទៅ​។​

​ក្នុងន័យនេះ សមាសភាព​គជប​ថ្មី ទាំង ៩ រូប ដែល​បាន​បង្កើតឡើង កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥ បើ​គិតពី​កូ​ត្តា គឺ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ៤ រូប គណបក្ស​សង្គ្រោះ​ជាតិ ៤ រូប និង ១ រូប គឺ​លោក​ហង្ស ពុទ្ធា មកពី​អង្គការ​សង្គម​ស៊ីវិល​។ ដូច្នេះ ការសម្រេច​ក្នុង​សំឡេង​ភាគច្រើន​ដាច់ខាត ត្រូវការ​សំឡេង ចាប់ពី ៥ រូប​ឡើងទៅ​។​

​តំណែង​អគ្គលេខាធិការ​ថ្មី គជប បើ​ស្តាប់​តាម​លោក ហង្ស ពុទ្ធា សមាជិក​គជប ទី​៩ ដែល​មកពី​សង្គម​ស៊ីវិល ហាក់ដូចជា ចង់​ឲ្យ​មានទឹក​ថ្មី ចូលមក​ជំនួស​លោក ទេព នីថា ក្នុង​តំណែង​អគ្គលេខាធិការ ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​កន្លងមក ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង​មួយ​នេះ​។

​លោក ទេព នីថា ទោះបីជា​អនុវត្ត​កិច្ចការងារ​រៀបចំ​ការបោះឆ្នោត តាម​ជំនាញ​ក៏ដោយ ក៏​លោក ត្រូវបាន​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង រិះគន់ ពាក់ព័ន្ធ​នឹង​ការរៀបចំ​ដំណើរការ​បោះឆ្នោត​ច្រើន​អាណត្តិ​រួចមកហើយ ក្នុង​ការងារ​ជាមួយនឹង​អតីត​ប្រធាន​គជប លោក អ៊ឹម សួស្តី​។​

​ម្យ៉ាងទៀត នៅពេល​រដ្ឋសភា បោះឆ្នោត​ជ្រើសតាំង​ឲ្យ​ដឹកនាំ​គជប កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៥ លោក ស៊ិ​ក ប៊ុន​ហុក អតីត​សមាជិក​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ប្រកាស​ពី​ការតាំង​ចិត្ត ដឹកនាំ​ធ្វើ​កិច្ច​ការរៀបចំ​ការបោះឆ្នោត ក្នុង​កំណែទម្រង់​ថ្មី ប្រកបដោយ​តម្លាភាព យុត្តិធម៌​ពិតប្រាកដ ដើម្បី​ទុក​កេរ្តិ៍ឈ្មោះ ក្នុង​ជីវិតចុងក្រោយ​របស់លោក​។​

​សរុបមក តាម​ឆន្ទៈ​របស់​សមាសភាព​គ​ជប​ទាំង ៩ រូប ពិសេស​តាម​មតិ​សមាជិក​គជប ទី​៩ លោក​ហង្ស​ពុទ្ធា ដែលជា​សន្លឹក​អាត់​សំខាន់ ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត ដើម្បី​បាន​សំឡេងគាំទ្រ ភាគច្រើន​ដាច់ខាត នៅក្នុង​ស្ថាប័ន​គជប គឺ​ច្បាស់​ណាស់​ថា គជប នឹង​ត្រូវមាន​អគ្គលេខាធិការ​ថ្មី ដែល​មិនមែនជា​លោក ទេព នីថា​។

​ការជ្រើសតាំង​អគ្គលេខាធិការ​ថ្មី ដែល​មិនមែនជា​លោក ទេព នីថា ដើម្បី​ជម្រះ​មន្ទិលសង្ស័យ និង​ការចោទប្រកាន់​ដដែលៗ មកកាន់​គជប ថា​លម្អៀង និង​លួច​បន្លំ​សន្លឹកឆ្នោត​តទៅទៀត ត្បិត​អី ចាប់តាំងពី​គជប​ថ្មី ក្រោម​អាណត្តិ​របស់លោក ស៊ិ​ក​ប៊ុន​ហុក បាន​កែទម្រង់ វះកាត់​ការងារ​ជាច្រើន​រួចមកហើយ ក្នុង​បំណង​តែមួយគត់ គឺ​រៀបចំ​ការបោះឆ្នោត ដោយ​តម្លាភាព ឥត​លម្អៀង សេរី និង​យុត្តិធម៌ ដូចដែល​សភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន ជួយ​ជ្រោមជ្រែង​កិច្ចការ​បោះឆ្នោត ធ្វើយ៉ាងណា​ឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា ដូច​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ពិតប្រាកដ​។​

​យ៉ាងណាក៏ដោយ លទ្ធផល​ពិតប្រាកដ ក្នុងការ​ជ្រើសតាំង​អគ្គលេខាធិការ​គជប ១​រូប និង​អគ្គលេខាធិការរង​គជ​ប ៤ រូប នឹងត្រូវ​គជប ប្រកាស​នៅ​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០១៦៕​

គជប នឹងមាន​អគ្គលេខាធិការ​ថ្មី មិនមែនជា​លោក​ទេព​នីថា​!
លោកទេពនីថា អគ្គលេខាធិការ គជប