សំណង់​ទ្វារ​ទឹកព្រៃ​ខ្ពស់ ដែល​ជាប់​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ សង្ឃឹមថា​លែង​ខ្វះ​ទឹក​ទៀត​ហើយ

ខេត្ត​បន្ទាយមានជ័យ ៖ សំណង់​ទ្វារ​ទឹកព្រៃ​​ខ្ពស់​ ដែល​ជាប់​ព្រំប្រទល់​ខេត្តបាត់ដំបង​ និង​ខេត្តបន្ទាយមានជ័យ ​គឺ​ប្រជាពលរដ្ឋ​​មា​ន​​សង្ឃឹម​ថា ​​មិន​ខ្វះ​ទឹក​ប្រើប្រាស់​ទៀត​​ឡើយ​ ក្រោយ​ពេល​កសាង​ហើយ​ ។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ​ក្រោយ​ពេល​រាជ​រដ្ឋា​ភិ​បាល​កសាង​សំណង់​ទ្វារ​ទឹក​ព្រៃ​ខ្ពស់​រួចរាល់​​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ ​និង​មិន​ខ្វះ​ទឹក​​ប្រើ​ប្រាស់​ទៀត​ឡើយ​ ព្រោះ​សំណង់​ព្រៃ​ខ្ពស់​ធ្វើ​ឡើង​តាម​ស្តង់ដា​ ដែល​ទប់ទឹក​ទុក​សម្រាប់​ចែកចាយ​​ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ​នៅ​ឆ្នាំ​២០១៤​ និង​២០១៥​ ​ក្នុង​ខេត្តបន្ទាយមានជ័យ​ជួប​ការ​លំបាក​​ខ្វះ​ទឹក​ប្រើប្រាស់​ ហើយ​រំពឹង​ទឹក​សំណង់​ប​វិល​ស្រុក​ប​វិល​ខេត្តបាត់ដំបង​ រាល់​ឆ្នាំ​ដែល​បើក​ទម្លាក់ឱ្យ​​ប្រើប្រាស់​ ។

លោកយឹ​ម ប៊ុ​ន​រ៉ុ​ម ប្រធាន​មន្ទី​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​បាន​ប្រាប់​ថា​​ ​សំណង់​ទ្វារ​ទឹក​ព្រៃ​ខ្ពស់​ ស្ថិត​ឃុំ​ព្រៃ​ខ្ពស់​ស្រុក​ប​វិល​ខេត្​តបាត់ដំបង​ ជាប់​ព្រំប្រទល់​ស្រុក​មង្គល​បុរី​ ខេត្តបន្ទាយមានជ័យ​ ក្រោយ​កសាង​​ហើយ​ទប់ទឹក​ទុក​សម្រាប់​ផ្គត់ផ្គង់​ទឹក​​ជូន​ប្រជា​ពល​រដ្ឋ​ប្រើប្រាស់​​នៅ​​ខេត្តបន្ទាយមានជ័យ​បាន​គ្រប់​គ្រាន់​ មិន​ភ័យ​ខ្វះ​ទៀតទេ ​សង្ឃឹម​ទុក​មុន​អ៊ីចឹងទៅចុះ ។