ទួ​រី​ស​ក្រឡាប់ ពលករ​ចំណាកស្រុក​របួស​14​នាក់

ទួ​រី​ស​ក្រឡាប់ ពលករ​ចំណាកស្រុក​របួស​14​នាក់

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់​មាន​ពលករ​ក្មេង​ចាស់​-​ប្រុស​ស្រី​ចំនួន​១៤​នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល ស្រែកថ្ងូរ​ដេក​រដូករណែល​កណ្ដាល​ព្រៃ​អែប​ផ្លូវ​នៅ​ក្នុង​ឧប្បត្តិហេតុ​ក្រឡាប់​រថយន្ត​ប្រភេទ​ទួ​រី​ស​១២​កៅអី​១​គ្រឿង កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​២៧​ធ្នូ ត្រង់​ចំណុច​ផ្លូវបំបែក​មួយ​កន្លែង​ក្នុងភូមិ​៣០ ឃុំ​តា​ក្រី ស្រុក​កំ​រៀង ។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន ។

មន្ត្រី​ស្រុក​កំ​រៀង​បានឱ្យ​ដឹង​ថា រថយន្ត​ទួ​រី​ស​ប្រភេទ​១២​កៅអី​នោះ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AG-៩៩៥០ ប៉ុន្តែ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ក្រោយ​ជួប​គ្រោះថ្នាក់ ។ រថយន្ត​នេះ​ដឹក​ពលករ​ចំណាកស្រុក​ក្មេង​ចាស់​-​ប្រុស​ស្រី​ចំនួន​១៤​នាក់ ធ្វើ​ដំណើរ​ចេញពី​ស្រុក​កំ​រៀង ឆ្ពោះទៅ​កាន់​ខេត្តបាត់ដំបង ។ មន្ត្រី​ដដែល​បញ្ជាក់​ថា រថយន្ត​ដែល​ដឹក​អ្នកដំណើរ​ណែន​តាន់តាប់​នោះ បើក​លឿន​ដូច​ហោះ ។ លុះ​ទៅ​ដល់​ចំនុច​កើតហេតុ​ដែល​ជា​ផ្លូវបំបែក​បត់​មិន​ទាន់ ក៏​ជ្រុល​ធ្លាក់​ចេញពី​ផ្លូវ​ក្រឡាប់​តែ​ម្ដង ។ ប្រភព​បាន​បន្ថែម​ថា ភ្លាម​ៗ​អ្នក​ភូមិ​និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ជួយ​ទាញ​ជន​រង​គ្រោះ​ចេញពី​ក្នុង​រថយន្ត និង​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ភ្លាម​ៗ​ដែរ ខណៈ​អ្នកបើកបរ​ដាក់​មេ​ប្រូច​បាត់​ភ្លាម​ៗ​ដែរ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា  រថយន្ត​ទុ​រី​ស​១២​កៅអី​នោះ​ដឹក​មនុស្ស​១៤​នាក់ ជាមួយនឹង​ឥ​វ៉ា​ន់​ញាត់​ណែន​ពេញ​ក្នុង​រថយន្ត  ស្ទើរតែ​រក​កន្លែង​ឱ្យ​មនុស្ស​អង្គុយ​គ្មាន​ផង ។ សាក្សី​បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​នោះ​បើក​លឿន​ដូច​ហោះ ហាក់​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ទេ បើ​ទោះជា​ដឹង​ថា នៅ​ខាង​មុខ​មាន​ផ្លូវបំបែក​ក្ដី​ជា​ហេតុ​នាំ​ឱ្យ​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ក្រឡាប់​ចូល​ព្រៃ​របួស​អ្នកដំណើរ​ទាំងអស់​គ្នា ។

មន្ត្រី​ចរាចរណ៍​និយាយ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​ដោយសារ​ការ​ធ្វេសប្រហែស​របស់​អ្នកបើកបរ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មិន​គិត​គួរ​អំពី​អាយុជីវិត​អ្នកដំណើរ​ជាង​១០​នាក់ ដែល​ពឹងពាក់​លើ​ខ្លួន​ជា​អ្នក​កាន់​ចង្កូតរថយន្ត ។ សមត្ថកិច្ច​បញ្ជាក់​ដែរ​ថា នេះ​ចាត់ទុកជា​សំណាង​ដែរ ដែល​គ្មាន​អ្នក​ស្លាប់​គ្រាន់តែ​រង​របួស តែ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​១៤​នាក់ មាន​៦​នាក់​រង​របួសធ្ងន់ និង​៨​នាក់​ទៀត​របួសស្រាល ក្នុង​នោះ​ក៏​មាន​ក្មេង​អនីតិជន​ប៉ុន្មាន​នាក់​ដែរ ។ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព រីឯ​រថយន្ត​ត្រូវ​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕