រថយន្ត​ដឹក​កក​បុក​ពីក្រោយ​រថយន្ត​ដឹក​កម្មករ​ធ្លាក់​មនុស្ស​រាយ​ពេញ​ផ្លូវ ស្លាប់​១ របួសធ្ងន់​-​ស្រាល​ជាង​២០​នាក់

រាជធានី​ភ្នំពេញ ៖ កម្មការិនី​ម្នាក់​បាន​ស្លាប់​, ២​នាក់​របួសធ្ងន់ និង​ជាង​២០​នាក់​ទៀត​រង​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​រវាង​រថយន្ត​ដឹក​ទឹកកក​ធុន​ធំ​មួយ​គ្រឿង បើក​ជែង​ស្តាំ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​កម្មករ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​​​ឱ្យ​ធ្លាក់​កម្មការិនី​ពីលើ​រថយន្ត​រាយ​ពេញ​ថ្នល់ ហើយ​ក៏​ត្រូវ​រថយន្ត​ដឹក​កក​នោះ​កិន​នារីម្នាក់​បែក​ក្បាល​ធ្លាយ​ខួរ​​ស្លាប់​ម្នាក់
​តែ​ម្តង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ២០១៥ ស្ថិត​នៅ​កំណាត់​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ មុខ​ផែស្ងួត​អ៊ុយ​ញ៉ុ​ង ក្នុង​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ហ៊ឹ​ម ផល្លា អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ម្តេ​ញ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ចំណែក​អ្នក​ដឹក​កម្មករ​ឈ្មោះ​រ៉ាត់ បើករថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ចំណុះ​១​តោន​កន្លះ ពណ៌​ខៀវ ពាក់​​ស្លាក​លេខ​ភ្នំពេញ 2AD-0024 ដោយ​ដឹក​កម្មករ​ចំនួន​ជាង​៥០​នាក់ ។ រថយន្ត​ដឹក​ទឹកកក​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​៥​តោន ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-9850 ដោយ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ។