ចិនបង្ហាញ ក្តីខឹងសម្បា បន្ទាប់ពីបាតុករ ហ្វីលីពីនចូល ទស្សនាកោះនៅ សមុទ្រចិន ខាងត្បូង

ប៉េកាំង៖ ប្រទេស ចិននៅថ្ងៃចន្ទនេះ  បានបង្ហាញក្តីខឹងសម្បាជាខ្លាំង បន្ទាប់ពីក្រុមអ្នកធ្វើបាតុកម្ម ជនជាតិហ្វីលីពីន ចុះចតនៅកោះ ក្នុងដែនសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ ហើយត្រូវបានប្រទេស ហ្វីលីពីនប្រកាសថា ជាកម្មសិទ្ធរបស់ខ្លួន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ។

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បាតុករទាំងអស់មានចំនួន៥០នាក់ ដែលភាគច្រើនជានិស្សិត ដែលបានទៅដល់កោះ Thitu ស្ថិតក្នុងប្រជុំកោះ Spratly បានបង្ហាញជំហរប្រឆាំងនឹងរដ្ឋាភិបាលក្រុង ប៉េកាំង ដោយពួកគេបានចោទប្រកាន់ថា ចិនបានបំពានទៅលើតំបន់សេដ្ឋកិច្ចរបស់ប្រទេស ហ្វីលីពីន នេះបើយោងតាមការលើកឡើងរបស់លោក Bugenio Bito-onon ថ្នាក់ដឹកនាំលើកោះនេះផ្ទាល់។

សូមជម្រាបថា រដ្ឋាភិបាលក្រុង ប៉េកាំង បានប្រកាសថា កោះភាគច្រើនក្នុងដែនសមុទ្រចិនខាងត្បូង ជាកម្មសិទ្ធរបស់ខ្លួន ដែលកោះទាំងនោះ ត្រូវបានគេដឹងថាជាប្រភពប្រេង និងឧស្ម័នធម្មជាតិ ជាច្រើនសន្ធឹកសន្ធាប់ ដែលអាចផ្តល់ ប្រភពចំណូលរហូតដល់៥លានលានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ យ៉ាងនេះក្តី ប្រទេស ប្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ក៏បានប្រកាសថាជាកម្មសិទ្ធរបស់ខ្លួនផងដែរ៕