រុស្ស៊ី៖ ទណ្ឌកម្មអាមេរិក នឹងនាំឲ្យ ទំនាក់ទំនង ប្រទេសទាំងពីរ កាន់តែយ៉ាប់

មូស្គូ៖ លោករដ្ឋមន្ត្រី ការបរទេសរុស្ស៊ី ស៊ឺហ្គៃ ឡារ៉ូវ កាលពីថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០១៥ បាន រំលឹក ថាទណ្ឌកម្ម អាមេរិក ដែលបានដាក់មកលើ ប្រទេសរុស្ស៊ី កន្លងមកនេះ នឹងបន្តរារាំង កិច្ចសហប្រតិបត្តិការ ជាច្រើនរវាង ប្រទេសទាំងពីរ ជាពិសេសលើបញ្ហា អន្តរជាតិ ដែលតម្រូវ ឲ្យ មហាអំណាចសកលលោក ដើរតួនាទីរួមគ្នា ជាធ្លុងមួយនោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ នេះទៀតថា អំឡុងពេលនៃកិច្ចសន្ទនា តាមទូរស័ព្ទជា មួយនឹង លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃើរី លោកឡារ៉ូវ បានសង្កត់ ធ្ងន់ថា “ទណ្ឌកម្ម ដែលចង់កៀប សង្កត់រុស្ស៊ី ឲ្យដើរផ្លូវទាល់ច្រកនោះ នឹងមិននាំឲ្យ នរណា ម្នាក់ សម្រេចលទ្ធផល តាមការចង់បាននោះឡើយ។”
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ សប្តាហ៍មុនសហរដ្ឋអាមេរិក បានសម្រេចបន្ថែមទណ្ឌកម្មរបស់ ខ្លួនទៀត ទៅលើ ប្រទេសរុស្ស៊ី ដែលវាបានកើតឡើងមួយថ្ងៃបន្ទាប់ពីសហគមន៍អឺរ៉ុប បាន ប្រកាសថា នឹងបន្តអនុវត្តន៍ ទណ្ឌកម្ម សេដ្ឋកិច្ច របស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី រហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៦។

យ៉ាងណាក៏ដោយ មហាអំណាចទាំងពីរ នៅតែលើកយកបញ្ហាប្រឈម របស់អន្តរជាតិមួយ ចំនួនមកពិភាក្សា ដូចជា ការដោះស្រាយវិបត្តិនយោបាយនៅស៊ីរី, អ៊ុយក្រែន, ក៏ដូចជាការ សម្រេចឲ្យបាននូវការអនុវត្ត កិច្ចព្រមព្រៀង នុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់៕

រុស្ស៊ី៖ ទណ្ឌកម្មអាមេរិក នឹងនាំឲ្យ ទំនាក់ទំនង ប្រទេសទាំងពីរ កាន់តែយ៉ាប់