វិចារណកថាៈ ព្រៃសហគមន៍ និងព្រៃការពារ រងការបំផ្លាញ កាន់តែខ្លាំងក្លា

 មកដល់ពេលនេះ បទល្មើសបំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ និងខេត្តពោធិ៍សាត់ជាដើម នៅតែប្រឈមនឹងការបំផ្លាញយ៉ាង ពេញបន្ទុក ។ មន្ត្រីអាជ្ញាធរ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត មិនចាត់វិធានការទប់ស្កាត់ បទល្មើសប្រកបដោយប្រសិទ្ធភាពនៅឡើយទេ ហើយឈ្មួញ និងក្រុមជនល្មើសមួយចំនួន នៅតែអាចធ្វើអ្វីៗ តាមអំពើចិត្ត ។ ប្រការនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងបណ្តាខេត្តដូចរៀបរាប់ឈ្មោះខាងលើ សម្តែង សេចក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបទល្មើសបំផ្លាញព្រៃ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរស់នៅរបស់ ពួកគាត់។ សូម្បីតែដើមច្បោះជ័រ ដែលជាមុខរបរប្រពៃណីរបស់ជនជាតិដើមភាគតិច ក៏ត្រូវក្រុមជនល្មើសកាប់ រំលំអារច្រៀក ដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់យ៉ាងអនាធិបតេយ្យ ។

 ប្រជាពលរដ្ឋរស់នៅក្នុងស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមប៉ាង និងស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថា បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ក្នុងមូលដ្ឋានរបស់ពួកគាត់ នៅតែកើតឡើងយ៉ាងពេញបន្ទុក ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការ បង្ក្រាបបទល្មើសឲ្យបានទាន់ ពេលវេលា ឡើយ។ ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកទាំង៣នេះ បានឲ្យដឹងថា ឈើប្រណីត និងឈើប្រភេទលេខ១ ដូចជា ធ្នង់ បេង នាងនួន សុក្រំ ផ្ចឹក ស្រឡៅ ជាដើម ស្ទើរគ្មានសល់ក្នុងព្រៃសហគមន៍ ព្រៃការពារ និងព្រៃអភិរក្ស តទៅទៀតទេ ។ ឈ្មួញធំៗ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធអាច កាប់ឈើ និងអារច្រៀកដឹកជញ្ជូន ធ្វើអាជីវកម្មខុសច្បាប់យ៉ាងគគ្រឹកគគ្រេង គ្មានញញើតអ្វីទាំងអស់។ ប្រជាសហគមន៍ការពារព្រៃឈើ បានឲ្យដឹងទៀតថា សូម្បីតែបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិក៏ គ្មានមន្ត្រីអាជ្ញាធរ មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើណា ចាត់វិធានការទប់ស្កាត់នោះទេ ។

 ជនជាតិដើមភាគតិចរស់នៅក្នុងស្រុកលំផាត់ ស្រុកអណ្តូងមាស ស្រុកតាវែង និងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថា បទល្មើសកាប់ឈើប្រណីត នៅក្នុងព្រៃសហគមន៍ ព្រៃការពារ និងឧទ្យានជាតិវីរៈជ័យ ដឹកជញ្ជូនទៅ លក់នៅប្រទេសវៀតណាម នៅតែបន្តកើតឡើងយ៉ាងរាលដាល គ្មានសមត្ថកិច្ចណាបង្ក្រាប ឡើយ។ ជនជាតិដើមភាគតិចរស់នៅក្នុងស្រុកកែវសីមា ស្រុកអូររាំង ស្រុកកោះញែក និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា សកម្មភាពកាប់ឈើប្រណីត ឈើប្រភេទលេខ១ ក្នុងតំបន់អភិរក្សជីវៈចម្រុះ ព្រៃការពារ និងព្រៃដែនជម្រកសត្វ ក្នុងមូលដ្ឋានរបស់ពួកគាត់ដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម នៅតែបន្តកើតមានយ៉ាងរាលដាលដដែល។ ជនជាតិដើមភាគតិចរស់នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បានបញ្ជាក់ដូចគ្នាថា នៅពេលពួកគាត់ប្រើកាំបិត ពូថៅ ចូលព្រៃកាប់អុសដុត ឬកាប់ឈើតិចតួចមកជួស ជុលលំនៅដ្ឋាន ត្រូវមន្ត្រីរដ្ឋបាលព្រៃ និងមន្ត្រីបរិស្ថានបង្ក្រាបយ៉ាងកំរោល ចំណែកឈ្មួញប្រើរណារយន្ត អាររំលំដើមឈើ និងដឹកជញ្ជូនចេញពីព្រៃខូចផ្លូវ បាក់ស្ពានខ្ទេចខ្ទីអស់ គ្មាននរណាបើកភ្នែកមើល ឬចាត់វិធានការទប់ស្កាត់នោះទេ។

 ចំណែកប្រជាសហគមន៍ការពារព្រៃឈើ ក្នុងស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ព្រៃសហគមន៍ និងព្រៃការពារក្នុងមូលដ្ឋានពួកគាត់ កំពុងប្រឈមនឹង មហន្តរាយគួរឲ្យ ព្រួយបារម្ភ។ ជនជាតិដើមភាគតិចកួយរស់នៅក្នុងបណ្តាស្រុកខាងលើ បានឲ្យដឹងថា ដើមច្បោះជ័រជាមុខរបរប្រពៃណីរបស់ពួកគាត់ កំពុងត្រូវក្រុមជនល្មើសកាប់រំលំ អារច្រៀក ដឹកជញ្ជូនចេញពីព្រៃ យ៉ាងសុខស្រួល ដោយមានការឃុបឃិតជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា ឈើប្រណីត និងឈើប្រភេទលេខ១ ក្នុងព្រៃព្រះរកា ដែលលាតសន្ធឹងរាប់សិបម៉ឺនហិកតា ក្នុងស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ កំពុងប្រឈមនឹងការកាប់ធ្វើអាជីវកម្មខុសច្បាប់ កាន់តែខ្លាំងឡើងៗហើយ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាបបទល្មើសឡើយ។

 នៅក្នុងសណ្តាន់ ខេត្តកំពង់ធំ ប្រជាសហគមន៍ការពារព្រៃឈើ បានឲ្យដឹងថា ព្រៃឡង់ក្នុងមូលដ្ឋានពួកគាត់ ត្រូវជនល្មើសកាប់បំផ្លាញដឹកជញ្ជូនតាមរថយន្តយីឌុបធំៗ ដោយគ្មានញញើតអ្វីទាំងអស់ ។ ប្រជាសហគមន៍ ការពារព្រៃឡង់ បានឲ្យដឹងថា មន្ត្រីអាជ្ញាធរ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចជាច្រើនស្ថាប័នឃុបឃិតគ្នា ជាប្រព័ន្ធ ទើបបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ នៅតែកើតមានឥតឈប់ឈរ ។ រីឯ ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកវាលវែង ស្រុកក្រវាញ និងស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏បានឲ្យដឹងដែរថា បទល្មើសកាប់ឈើ ប្រណីត និងឈើប្រភេទលេខ១ ដឹកជញ្ជូនចេញពីព្រៃ នៅតែកើតឡើងយ៉ាងពេញបន្ទុកដដែល។ ប្រជាពលរដ្ឋបានរិះគន់ថា សមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបតែប្រជាពលរដ្ឋ ចូលព្រៃកាប់ អុសដុត ឬកាប់ឈើតូចៗ យកទៅសាងសង់រោងបាយ ឬជង្រុកស្រូវប៉ុណ្ណោះ ចំណែកឈ្មួញធំៗ កាប់ឈើ ប្រណីត និងឈើប្រភេទលេខ១ ដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់យ៉ាងពេញបន្ទុក គ្មានសមត្ថកិច្ចណាប៉ះពាល់ ទាល់តែសោះ៕