ក្រុម​អ្នកជំនាញ​របស់​អាជ្ញាធរ​​​អប្សរាកំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ និង​ជួសជុល​ប្រាសាទគោក​ចក​

ខេត្តសៀមរាប ​៖ ក្រុម​អ្នកជំនាញនៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការរបស់​អាជ្ញាធរ​ជាតិ​អប្សរាកំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា និង​ជួសជុល​ពង្រឹងប្រាសាទគោក​ចក​ឡើង​វិញ ដោយ​ការងារ​នេះ ចំណាយពេល​ជាង​១​ឆ្នាំ​មក​ហើយ គឺ​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៤​មក​។

មន្ត្រី​ផ្នែក​បុរាណវិទ្យា​ គឺអ្នកស្រី នេ​ត ស៊ី​មន បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៨ ​ធ្នូ​នេះ​ថា ប្រាសាទគោក​ចកជា​សំណង់​ធ្វើ​ពី​ឥដ្ឋដែល​សាង​ឡើងក្នុង​សតវត្ស​ទី​៩ ក្នុង​រាជ្យ​ព្រះបាទ​ជ័យវ​រ្ម័​នទី​៣​។

អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង លោក ហង់​រី ម៉ា​ហ្សា​ល ធ្លាប់​មក និង​បាន​កត់ត្រា​ពី​ការ​ប្រទះ​ឃើញប្រាសាទគោក​ចក​នេះ ក្នុង​ឆ្នាំ​១៩១៩ ហើយ​សាលា​បារាំង​ចុង​បូព៌ា បាន​ចាប់ផ្តើម​សម្អាត​ព្រៃ និង​កាយ​ដី​ដែល​គរ​ក្បែរ​ប្រាសាទចេញ​ជា​រូបរាង​ប្រាសាទ ច្បាស់​ឡើង​វិញ​នៅ​ឆ្នាំ​១៩៥១​។

អ្នកជំនាញ​បុរាណវិទ្យា ដែល​កំពុង​ដឹកនាំ​ធ្វើ​កំណាយនៅ​ប្រាសាទ​នេះ គឺ​លោក ស្រ៊ុ​ន តិច ​​បាន​រៀបរាប់​ថា តាម​រយៈ​កំណាយ​នេះយើង​សង្កេត​ឃើញ​ថា ការ​ខូចខាត​នៃ​ប្រាសាទគោក​ចក​នេះ អាច​បណ្តាល​មក​ពី​មូលហេតុ​ពីរ​យ៉ាង គឺ​ដោយសារ​បញ្ហា​ខឿន និង​ដើមឈើ​ដុះ​ពីលើ ។

ប្រាសាទ​នេះ ត្រូវ​រៀប​ខឿន​ពី​ឥដ្ឋ រួច​បាន​រៀប​ថ្មបាយក្រៀម​ហើយ ទើប​ដាក់​ឥដ្ឋ​មួយ​ជាន់​ទៀត​។ លោក តាន់ សុផល អនុប្រធាន​នាយកដ្ឋាន អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ដែល​ទទួល​បន្ទុក​មើលការងារ​ជួសជុល​ប្រាសាទគោក​ចកបាន​បញ្ជាក់​ថា ក្រុមការងារ​បាន​ចាប់ផ្តើម​ជួសជុល​ប្រាសាទ​នេះ​ជាង​មួយ​ឆ្នាំ​ហើយ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៤​មក​៕