ឆែក​ផ្ទះ​មួយ​កន្លែង​នៅ​ស្រុក​មេ​មត់​រក​ឃើញ​ឈើគ្រញូងខុស​ច្បាប់ជា​ច្រើន​ដុំ​

ខេត្ត​ត្បូង​ឃ្មុំ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ក្រោម​បញ្ជា​ពី​លោក​ឧត្តម​សេនីយ៍​ត្រី ម៉ៅ ពៅ ស្នង​ការ​នគរ​បាល​ខេត្ត​បាន​ចាត់​ឱ្យ​កម្លាំង​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ឡោម​ព័ទ្ធ​ផ្ទះ​មួយ​កន្លែង​ដែល​មាន​ផ្ទុក​ឈើ​គ្រញូង​ខុស​ច្បាប់​ ស្ថិត​ក្នុង​ភូ​មិ​សង្គម​មាន​ជ័យ​ថ្មី ឃុំ​មេមត់ ស្រុក​មេ​មត់​ កាល​ពី​យប់​ថ្ងៃ​ទី​២៨ ធ្នូ ដោយ​មិន​ឱ្យ​ឈ្មួញ​យក​ឈើ​គ្រញូង​ចល័ត​ចេញ​ឡើយ​ រហូត​​​មក​ដល់​ព្រឹក​​ថ្ងៃ​ទី​២៩ ធ្នូ នេះ​ ទើប​សុំ​គោល​ការណ៍​ពី​លោក​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ចុះ​ឆែក​ឆេរ​។

បើ​តាម​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ឈើ​ជា​ច្រើន​ដុំ​ត្រូវ​បាន​គេ​ចល័ត​ចេញ​ពី​ក្រោម​ផ្ទះ​ទៅ​ដាក់​តាម​ចំការ​ម្រេច​ដែល​មាន​ចម្ងាយ​៦០​០ម៉ែត្រ​ពី​ផ្ទះ​​​ តែ​ត្រូវ​សមត្ថ​កិច្ច​រក​ឃើញជា​ប្រភេទ​ឈើ​គ្រញូង​ជា​ច្រើន​ដុំ​ ហើយ​សមត្ថ​កិច្ច​​​ប្រមូល​បាន​១​រថ​យន្ត​ហើយ​ និង​កំពុង​ដឹក​ជា​បន្ត​បន្ទាប់​ទៀត​យក​ទៅ​រក្សា​ទុក​បណ្តោះ​អាសន្ន​នៅ​អធិការ​ដ្ឋាន​ស្រុក​មេមត់​៕