ម្ចាស់​​រថយន្ត​ដែល​ធ្វើឱ្យ​បាក់ស្ពានថ្ងូរ​ដូចព្រាប សុំ​ឱ្យ​ជួយ​បន្ធូរ​បន្ថយសំណង​

ខេត្តមណ្ឌលគិរី ៖ ម្ចាស់​រថយន្ត​យី​ឌុ​ប​ឈ្មោះ​ថៃ ថា​ន ភេទ​ប្រុស ដែល​បាន​ដឹក​សម្ភា​លើស​ទម្ងន់ ពាក់ព័ន្ធ​ករណី​បាក់​ស្ពាន​បា​ឡេ អូរ​ប្លាយ ត​ភ្ជាប់​ទៅ​កាន់​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ កន្លង​មក ត្រូវ​ក្រុម​គ្រួ​សារ​បាន​ធ្វើការ​សំណូមពរ​ដល់​លោក​ម៉ៅ ធន​រ័ក្ស ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត និង​ក្រសួង​សាធារណៈការ សូម​ជួយ​បន្ធូរបន្ថយ​ប្រាក់​សំណង​ជួសជុល​ស្ពាន ។

បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ​ក្នុងស្រុក​ពេ​ជ្រា​ដា រួម​ទាំង​អាជ្ញា​ភូមិ​-​ឃុំ​ស្រែ​អំ​ពូ​ម និង​ឃុំ​ប៊ូ​ស្រា បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ស្ពានដែក​អូរ​ប្លាយ​នេះ បាន​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០០៦ បើ​គិត​ពី​អាយុកាល​របស់​វា​មិន​ក្រោម​១០​ឆ្នាំ​នោះ​ឡើយ ហើយ​នៅ​មុន​ថ្ងៃ​កើតហេតុ​បាក់​ស្ពាន​នេះ បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​មានការ​ទ្រុឌទ្រោម​ខ្លាំង​ទៅ​ហើយ ។

ទាក់ទង​បញ្ហា​នេះ លោក​ម៉ៅ  ធន​រ័ក្ស ប្រធាន​មន្ទីរ​សាធារណៈការ​បាន​បញ្ជាក់​ថា ខាង​មន្ទីរ​ផ្ដល់​ជម្រើស​២ ឱ្យ​ភាគី​ម្ចាស់​រថយន្ត គឺ​ទី​១-​សូម​ឱ្យ​ម្ចាស់​រថយន្ត​ទៅ​រក​ក្រុម​ជំនាញ​ស្ពាន​ថ្នល់ ដើម្បី​ឱ្យ​គេ​វាយតម្លៃ​ទំហំ​ខូចខាត និង​ប៉ាន់ស្មាន​ចំនួន​ទឹកប្រាក់​ដែល​ម្ចាស់​រថ​យន្ត​ត្រូវ​ចេញ​សង ។ ទី​២-​បើ​រក​ក្រុម​ជំនាញ​វិស្វករ​ខាង​ស្ពាន​ថ្នល់​មិន​បាន​ទេ ភាគី​ខាង​ម្ចាស់​រថយន្ត​អាច​មក សហការ​ជាមួយ​ក្រុម​ការងារ​ជំនាញ​របស់​មន្ទីរ ដើម្បី​ធ្វើការ​ជួសជុល​ដោយ​ខាង​ម្ចាស់​រថយន្ត​ជា​អ្នក​ចាំ​ចំណាយ ។

ដោយឡែក ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​ការ​ខូចខាត​នោះ លោក​មិន​ទាន់​បញ្ជាក់​ទេ គ្រាន់តែ​ធ្វើការ​ប៉ាន់ស្មាន​ទៅ​មិន​ក្រោម​៥​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក​ទេ ។

លោក​ថៃ ថា​ន ជា​ភាគី​ម្ចាស់​រថយន្ត​បង្ក​បាន​និយាយ​ថា បើ​ការ​ចំណាយ​ប្រាក់​សំណង​ជួសជុល​ស្ពាន​ច្រើន​បែប​នេះ ខាង​លោក ក៏​ដូច​ក្រុម​គ្រួសារ អត់​មាន​លទ្ធភាព​ទេ មាន​តែ​ក្រុម​គ្រួសារ​គាត់​សំណូមពរ​ដល់​ថ្នាក់លើ​ជួយ​បន្ធូរបន្ថយ​ប្រាក់​សំណង​ជួសជុល​ឱ្យមក​នៅ​កម្រិត​ទាប ដែល​អាច​ឱ្យ​ក្រុម​គ្រួសារ​របស់​លោក​ដើរ​រក​ចងការ​ប្រាក់​គេ​យក​មក​សង​សំណង​ការ​ជួសជុល​នេះ​។

លោក​ស្វាយ សំ​អ៊ា​ង អភិបាលរង​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា បញ្ហា​នេះ​អាជ្ញាធរ​ខេត្ត​នឹង​ធ្វើការ​ពិនិត្យ​មើល​​ពិភាក្សា​សម្របសម្រួល​ជាមួយ​ជំនាញ​ឈាន​ទៅ​រក​ភាព​រលូន និង​ល្អ​ប្រសើរ​អាច​ទទួលយក​បាន​ទាំង​សងខាង ។