Albrighton៖ Leicester អាច​ស្រោច​ស្រង់​វិញ​នៅពេល​ជួប Man City រាត្រីនេះ

ខ្សែ​បម្រើ​ស្លាប Marc Albrighton របស់​ Leicester City បាននិយាយ​ថា ក្រុម​ឈរ​លេខ​១​ក្នុង​ក្រប​ខ័ណ្ឌ Premier League មួយនេះ អាច​​ធ្វើ​ការ​ស្រោច​ស្រង់​វិញ​ពីការ​រង​បរា​ជ័យ​ក្រោម​ស្នា​ដៃ​ក្រុម Liverpool នៅពេល​ប្រកួត​ជា​មួយនឹង​ក្រុម​គូ​ប្រជែង​ដណ្តើម​ពាន Manchester City នៅ​កីឡដ្ឋាន King Power នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​។

leicester-mancityខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​របស់ Leicester គឺ Jamie Vardy ដែល​បាន​រក​គ្រាប់​បាល់ប​ញ្ចូល​ទី​១៥​គ្រាប់ ត្រូវ​បាន​រំពឹង​​ថា នឹង​មាន​ភាព​រឹងមាំ​ឡើង​វិញ Man City នឹង​​ត្រូវ​អវត្ត​មាន​ប្រធានក្រុម​របស់​ខ្លួន Vincent Kompany ដោយ​សារ​តែ​បញ្ហា​របួស​​។ Albrighton បាន​ធ្វើការ​​ព្រមាន​ដល់ Man City ថា Leicester មិន​មាន​ការ​បាក់​​ទឹក​ចិត្ត​ឡើយ ក្រោយ​ពី​​បាន​រង​បរា​ជ័យ​ជា​លើក​ទី​២​របស់​ពួក​គេ​នៅ​រដូវកាល​នេះ​​កាលពី​ថ្ងៃ Boxing Day​។ ខ្សែ​បម្រើ​ស្លាប​រូប​នេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «យើង​​ចាត់​ទុក នេះ​គឺ​ជា​សាក​ល្បង​មួយ​។ វា​ប្រហែល​ជា​មាន​អ្នក​​​អធិ​ប្បាយ​ជា​ច្រើន និង​បណ្តាញ​សារ​ព័ត៌មាន​ដែល​អាច​គិត​ថា នៅពេល​នេះ​យើង​នឹង​​សម្រាក និង​ពេញ​ចិត្ត​ជា​មួយនឹង​ការ​រក​បាន​ច្រើន​ជាង​៣០​ពិន្ទុ​របស់​យើង​។ យើង​មិនមែន​ជាក្រុម​ដែល​ធ្វើ​បែប​នេះ​ឡើយ​។ យើង​​នឹង​ជួប Manchester City នៅ​​រាត្រី​ថ្ងៃ​អង្គារ ហើយ​យើងនឹង​សម្លឹង​រក​ការ​ស្រោច​ស្រង់​ឡើង​វិញនៅពេល​ប្រកួត​ជា​មួយនឹង​ពួកគេ»​។ Albrighton បាន​ប្រាប់​បន្ថែម​ទៀត​ថា៖ «យើង​​បាន​ធ្វើ​ឲ្យ​ខ្លួន​យើង​ផ្ទាល់​ស្ថិតក្នុង​​ទី​តាំង​ដ៏​ឡ្អ ហើយ​យើង​កំពុង​តែ​ធ្វើ​រឿង​ដ៏​ល្អ​អស្ចារ្យ​។ គ្រប់​គ្នា​​​បាន​​គិត​ថា យើង​នឹង​ត្រដាប​ត្រដួស​នៅ​​​បាត​តា​រាង​នៃ​រដូវកាលនេះ ប៉ុន្តែ យើង​ស្ថិត​​នៅកន្លែង​ដែល​ត្រឹម​ត្រូវ ហើយ​​​យើង​ពិត​ជា​ស័ក្តិ​សមក្នុង​ការ​នៅកន្លែង​ដែល​យើង​ត្រូវ​នៅ​»​។ ការ​លេង​​ស៊ី​ចង្វាក់​គ្នា​យ៉ាង​ល្អ​របស់ Vardy និង​កីឡាករ​ដ៏​ឆ្នើម​សញ្ជាតិ​អាល់​ហ្សេ​រី Riyad Mahrez បានក្លាយ​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​ភាព​ជោគ​ជ័យ​របស់​ក្រុម Leicester នៅ​រដូវ​កាល​នេះ ខណៈ​ដែល​ពួក​គេ​ទាំង​ពីរ​បាន​រួម​គ្នា​ស៊ុត​បាល់​បញ្ចូល​ទី​២៩​គ្រាប់​គ្រាប់​ក្នុង​ចំណោម​គ្រាប់​បាល់​៣៧​គ្រាប់​របស់ Leicester​។ ការ​ប្រកួត​នៅ​រាត្រីនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​២:៤៥​​ទៀប​ភ្លឺ​៕
05.03.15 Manchester City 2-0 Leicester
13.12.14 Leicester 0-1 Manchester City
18.12.13 Leicester 1-3 Manchester City