វី ស្រីខួច ឆ្ពោះ​​ទៅ​ការ​ប្រកួត​​ក្នុង​ទ្រុង​នៅ​ក្រៅ​ប្រទេស​ប៉ះ​​កីឡា​ការិនី​បារាំង​

វី ស្រីខួច ឆ្ពោះ​​ទៅ​ការ​ប្រកួត​​ក្នុង​ទ្រុង​នៅ​ក្រៅ​ប្រទេស​ប៉ះ​​កីឡា​ការិនី​បារាំង​

កីឡា​ការិនី​ប្រដាល់​សាកល​ជម្រើស​ជាតិ​កម្ពុជា វី ស្រីខួច កំពុង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ដើម្បី​ត្រៀម​ឡើង​សង្វៀន Full Metal Dojo នៅ​ខេត្ត​ភូកេត ប្រទេស​ថៃ នា​ថ្ងៃ​ទី១០ ខែ​មករា​ខាង​មុខ ជាមួយ​កីឡា​ការិនី​ជើង​ខ្លាំង​មក​ពី​ប្រទេស​បារាំង Khadja Aiyada Verpoest។

 

វី ស្រីខួច ឆ្ពោះ​​ទៅ​ការ​ប្រកួត​​ក្នុង​ទ្រុង​នៅ​ក្រៅ​ប្រទេស​ប៉ះ​​កីឡា​ការិនី​បារាំង​

 

នេះ​ជា​លើក​ទី​ពីរ​សម្រាប់​កីឡា​ការិនី វី ស្រីខួច ដែល​មាន​ឱកាស​បង្ហាញ​ខ្លួន​លើ​សង្វៀន​ដាក់​ទ្រុង ក្នុង​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ MMA។ សព្វ​ថ្ងៃ​អតីត​កីឡា​ការិនី​ជម្រើស​ជាតិ​វ៉ូវីណាម​​​រូប​នេះ កំពុង​ប្រឹង​ប្រែង​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​នៅ​ក្លឹប Selapak ជាមួយ​កីឡាករ ចាន់ រតនា ដើម្បី​ដណ្ដើម​ជ័យ​ជម្នះ​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ បើ​ទោះ​បី​មិន​ទាន់​ស្គាល់​កីឡា​ការិនី​បារាំង​ច្បាស់​ក៏​ដោយ។

 

ស្រីខួច បាន​បញ្ជាក់​ប្រាប់ Sabay ថា៖ «ចំពោះ​ការ​ប្រកួត​នេះ​ខ្ញុំ​ថា​មិន​ទាន់​ត្រូវ​ទេ ព្រោះ​អី​មិន​ទាន់​ស្គាល់​ក្បាច់​ច្បាស់ តែ​​កំពុង​ខំ​ហាត់…. និយាយ​ទៅ​គឺ​ប្រឹង​ប្រែង​ខ្លាំង»។ កីឡា​ការិនី​សម្បុរ​ស្រអែម​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នឹង​ចេញ​ទៅ​ប្រទេស​ថៃ​នា​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ ដើម្បី​ហាត់​ត្រៀម​នៅ​ទី​នោះ​តែ​ម្ដង។

 

វី ស្រីខួច ជា​អតីត​កីឡា​ការិនី​ជម្រើស​ជាតិ​វ៉ូវីណាម ដែល​ធ្លាប់​ដណ្ដើម​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធិ។ នៅ​ក្នុង​ឆ្នាំ​២០១២ កីឡា​ការិនី​រូប​នេះ បាន​ប្ដូរ​មក​ហាត់​ប្រដាល់​ជា​ថ្មី​វិញ បន្ទាប់​គ្មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​វ៉ូវីណាម(មាន​បញ្ហា​ជាមួយ​គ្រូ)។ នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៣ ស្រីខួច មាន​ឱកាស​បាន​ឡើង​សង្វៀន​ប្រដាល់​សេរី​ជាមួយ​កីឡា​ការិនី​មក​ពី​ថៃ និង​ទទួល​បាន​ជ័យ​ជម្នះ​រហូត​មាន​ឈ្មោះ​ក្នុង​កីឡា​ប្រដាល់​ដល់​សព្វថ្ងៃ។ កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៥ កីឡា​ការិនី វី ស្រីខួច ធ្លាប់​តំណាង​កម្ពុជា​ចូល​រួម​ក្នុង​វិញ្ញាសា​ប្រដាល់​​សាកល​ព្រឹត្តិការណ៍​ស៊ីហ្គេម​​នៅ​ប្រទេស​សិង្ហបុរី​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ៕

 

វី ស្រីខួច ឆ្ពោះ​​ទៅ​ការ​ប្រកួត​​ក្នុង​ទ្រុង​នៅ​ក្រៅ​ប្រទេស​ប៉ះ​​កីឡា​ការិនី​បារាំង​
វី ស្រីខួច និង​ម្ដាយ

 

អត្ថបទ៖ គង់ វិសាល