មេ​យោធា​ខេត្តមណ្ឌលគិរី បើកដៃ​ឲ្យ​កូនចៅ​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក​ឧត្ដមសេនីយ៍ ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ទៅនឹង​ជំនួញ​ឈើ​ខុសច្បាប់ ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក​វរសេនីយ៍ ខាត់ សាក់ មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​អូររាំង គឺជា​អ្នកប្រមូល​ទិញ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ឃិន ម៉េង​ស្រេង និង​បក្ខពួក​ផងដែរ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​ការពារជាតិ​ទាំងមូល​។

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក ខាត់ សាក់ គឺជា​មេខ្លោង​ប្រមូល​ទិញ​ឈើ​ក្នុង​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ហើយ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក ខាត់ សាក់ បាន​បោះ​លុយរាប់​ម៉ឺន​ដុល្លារ​អាមេរិក​ឲ្យ​មនុស្ស​ជំនិត​របស់ខ្លួន​ឈ្មោះ តា​ជា នៅក្នុង​ឃុំ​មេ​ម៉​ង់ ជា​អ្នកប្រមូល​ទិញ​ឈើ​ប្រណីត​និង​ឈើ​លេខ​១​គ្រប់​ប្រភេទ​។ ក្នុង​មួយថ្ងៃៗ​តា​ជា ដែលជា​មនុស្ស​ជំនិត​របស់លោក ខាត់ សាក់ ប្រមូល​ទិញ​ឈើ​សុ​ក្រំ គគីរ នាងនួន និង​ធ្នង់​ជាដើម បាន​ប្រមាណ​ពី​១០​ទៅ​២០​ម៉ែត្រគូប ហើយ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។

មន្ត្រី​យោធា​នៅក្នុង​ខេត្តមណ្ឌលគិរី​មួយចំនួន បាន​ឲ្យ​ដឹងថា ការដែល​លោក ខាត់ សាក់ ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ចាត់តាំង​មេការ​ឲ្យ​ឈរជើង​ចាំ​ទិញ​ឈើ​នៅក្នុង​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា គឺ​ដោយសារ​អាង​លោក​ឧត្ដមសេនីយ៍ ឃិន ម៉េង​ស្រេង នៅ​ពី​ក្រោយខ្នង​ចាំ​ការពារ​គ្រប់ពេលវេលា​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ខាត់ សាក់ គឺជា​អ្នករត់​ការបើកផ្លូវ​នៅពេល​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ផងដែរ ដោយមាន​ការសម្របសម្រួល​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តមណ្ឌលគិរី ជាដើម​។ ដោយសារតែ​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​បែបនេះហើយ ទើប​លោក ខាត់ សាក់ អាច​ប្រើប្រាស់​ឥទ្ធិពល​លោក ឃិន ម៉េង​ស្រេង ក្នុង​ការប្រមូលទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ក្រអឺតក្រទម​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

khin-meng-sreng3លោក ឃិន ម៉េងស្រេង មេបញ្ជាការយោធាខេត្តមណ្ឌលគិរី
a-dim-ka1-500x271 a-dim-koa-500x271