ប្រធានការិយាល័យ​សុរិយោដី​ស្រុក​អូរជ្រៅ ជា​មេ​កន្ទុយលេខ​នៅ​ក្រុង​ប៉ោយប៉ែត

ល្បែង​កន្ទុយលេខ​និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត​ក្នុង​ក្រុង​ប៉ោយប៉ែត នៅតែ​រាលដាល​យ៉ាង​អនាធិបតេយ្យ ហើយ​លោក គោ​ស៊ុំ សារឿ​ត ជា​អភិបាលខេត្ត និង​លោក អាត់ ខែម ជា​ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ក្នុងនោះ​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា មេ​កន្ទុយលេខ​ធំជាងគេ​ក្នុង​ក្រុង​ជាប់​ព្រំដែន​ខ្មែរ​-​សៀម​នេះ មានឈ្មោះ សំ ហេង ជា​ប្រធានការិយាល័យ​សុរិយោដី​ស្រុក​អូរជ្រៅ​ទៀតផង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មោះ សំ ហេង មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ក្បែរផ្លូវ​ជាតិ​លេខ​៥ ទល់មុខ​សណ្ឋាគារ​ប៉ោយប៉ែត​ផាស​។

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា លោក សំ ហេង ប្រធានការិយាល័យ​សុរិយោដី​ស្រុក​អូរជ្រៅ គឺជា​មេ​ឆ្នោត​យួន​ធំជាងគេ​នៅ​ក្រុង​ប៉ោយប៉ែត ច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ការដែល​លោក សំ ហេង ធ្វើជា​មេ​កន្ទុយ​លេខឆ្នោត​យួន​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​បំផុត​ជាមួយ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត និង​លោក ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​។ ដោយសារតែ​លោក សំ ហេង ចេះ​បែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​បែបនេះហើយ ទើប​អាចឈរជើង​ធ្វើជា​មេ​កន្ទុយលេខ​ក្នុង​ក្រុង​ប៉ោយប៉ែត ប្រកបដោយ​សុវត្ថិភាព​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​។

​មន្ត្រី​អាជ្ញាធរ​តូចតាច​ថ្នាក់ភូមិ​-​សង្កាត់ បាន​ឲ្យ​ដឹងថា លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត អាចជា​ខ្នងបង្អែក​របស់លោក សំ ហេង ដែលជា​មេ​កន្ទុយលេខ​ទើប​មុខរបរ​ខុសច្បាប់​របស់លោក សំ ហេង អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ការរំខាន​។ ការដែល​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជាពិសេស​កន្ទុយលេខ​រីក​រាលដាល​កាន់តែខ្លាំង​ឡើងៗ​នៅ​ក្រុង​ប៉ោយប៉ែត ទើប​នៅ​ក្រុង​នេះ​មាន​បទល្មើស​ផ្សេងៗ​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​ដូចជា អំពើចោរកម្ម​លួច​ឆក់​ប្លន់ បទល្មើស​គ្រឿងញៀន និង​អំពើ​ឃាតកម្ម​ជាដើម​។ ដូច្នេះ​លោក គោ​ស៊ុំ សារឿ​ត ជា​អភិបាលខេត្ត និង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ គួរ​បង្ក្រាប​ល្បែង​កន្ទុយលេខ​នៅ​ក្រុង​ប៉ោយប៉ែត​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​មេ​កន្ទុយលេខ​ធំជាងគេ​ត្រូវបាន​មហាជន​ស្គាល់​ច្បាស់​ហើយ ឈ្មោះ សំ ហេង ដែលជា​ប្រធានការិយាល័យ​សុរិយោដី​ស្រុក​អូរជ្រៅ​៕

nak-game-500x307លោកសំ ហេង ជា​ប្រធានការិយាល័យ​សុរិយោដី​ស្រុក​អូរជ្រៅ​