២០០នាក់ស្លាប់ និង របួស ក្នុងករណី ផ្ទុះគ្រាប់បែក នៅនីហ្សេរីយ៉ា

ឡាហ្គោស៖ យោងតាមប្រភព ពីសមត្ថកិច្ច និងសាក្សីឃើញផ្ទាល់ភ្នែក បានឲ្យដឹងថា មនុស្ស ជាង ៧០នាក់បានស្លាប់ និងជាង ១០០នាក់ផ្សេងទៀត រងរបួសក្នុងហេតុការណ៍ បំផ្ទុះគ្រាប់ បែកអត្តឃាត កើតឡើងនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃចន្ទម្សិលមិញនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នេះ ដោយដកស្រង់ ពីប្រភពខាងលើបន្ដទៀតថា មនុស្សរាប់សិបនាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាត នៅវិហារអ៊ីស្លាម ជាយក្រុងមេដឌូហ្គូរី បង្កឲ្យមាន ការជ្រួលច្របល់ដល់រដ្ឋធានី ភាគខាងជើងប្រទេសថែមទៀត។

អ្នកនាំពាក្យប៉ូលិសរដ្ឋលោក វ៉ិកទ័រ អ៊ីស៊ូគូ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា “ខ្ញុំអាច បញ្ជាក់បានថា ហេតុការណ៍នេះកើតឡើង នៅព្រហាមថ្ងៃចន្ទ ប៉ុន្ដែខ្ញុំមិនអាចបញ្ជាក់ ពីតួរលេខ អ្នកស្លាប់ និងរបួសថាមានប៉ុន្មាននាក់បាននោះទេ ព្រោះពេលនេះក្រុមជួយសង្គ្រោះ កំពុងធ្វើការងារនៅឡើយ។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង ក្រោយយោធារដ្ឋាភិបាល វាយប្រហារទៅលើ ក្រុមឧទ្ទាមបំបែកខ្លួន បូកូ ហារ៉ាម (Boko Haram) នៅតំបន់ភាគខាងលិចទីក្រុងមេដឌូហ្គូរី (Maiduguri) ក្នុងរដ្ឋ Borno ដែលជា មូលដ្ឋានបង្កើតក្រុមឧទ្ទាមរដ្ឋឥស្លាម ក្នុងប្រទេសនៅ តំបន់ អាហ្រ្វិច មួយនេះ៕

២០០នាក់ស្លាប់ និង របួស ក្នុងករណី ផ្ទុះគ្រាប់បែក នៅនីហ្សេរីយ៉ា