កង​កម្លាំង​​អ៊ីរ៉ាក់លើក​​ទង់​ជាតិលើ​អគារ​រដ្ឋាភិបាល​នៅ​ក្រុង​ Ramadi

កង​កម្លាំង​​អ៊ីរ៉ាក់លើក​​ទង់​ជាតិលើ​អគារ​រដ្ឋាភិបាល​នៅ​ក្រុង​ Ramadi

កង​កម្លាំង​អ៊ីរ៉ាក់​ម្នាក់​កាន់​ទង់​ជាតិ​​នៅ​លើ​ដំបូល​អគារ​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​ Ramadi នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​

ក្រុម​មន្ត្រី​យោធា​នៃ​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​និយាយ​ថា​ ពួក​គេ​បាន​បង្ហូត​ទង់ជាតិ​ឡើង​នៅ​លើ​អគារ​រដ្ឋាភិបាល​ធំ​បំផុត​នៅ​ក្នុង​ក្រុង​ Ramadi ៧​ខែក្រោយ​ពី​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​វាយ​យក​ទីក្រុង​សំខាន់នៃ​ខេត្ត Anbar។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ ​ក៏​ពួក​មេដឹកនាំ​យោធា​អ៊ីរ៉ាក់​បាន​និយាយ​ខុស​គ្នា​ពី​ការ​វាយតម្លៃ​លើ​ភាពជោគជ័យ​របស់​ពួក​គេ​នៅ​ក្នុង​ក្រុង​នេះ​ នា​ផ្នែក​ខាងលិច​នៃ​ប្រទេស​អ៊ីរ៉ាក់។​

លោក​ឧត្តមសេនីយ៍​ត្រី Yahya Rasool បាន​ប្រកាស​នៅ​ក្នុង​ទូរទស្សន៍​រដ្ឋ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ក្រុង Ramadi ត្រូវ​បាន​«រំដោះ»ហើយ។ ​ក៏​ប៉ុន្តែ​លោក​ឧត្តម​សេនីយ៍ Ismail al-Mahlawi ប្រធាន​កិច្ចប្រតិបត្តិការ​យោធា​នៅ​ក្នុង​ខេត្ត Anbar បាន​និយាយ​ថា ​ផ្នែក​ខ្លះ​នៃ​ក្រុង​នេះ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ឡើយ។​

មន្ត្រី​យោធា​ស.រ.អា.ម្នាក់​បាន​និយាយ​ថា​ ក្រុម​យុទ្ធជន​រដ្ឋ​ឥស្លាម​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ «ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់» ក្នុង​ក្រុង​ Ramadi​ ហើយ ក៏​ប៉ុន្តែ​លោក​បាន​ប្រកែក​មិន​ព្រម​ប្រកាស​អំពី​ជ័យជំនះ​ទាំង​ស្រុង​សម្រាប់​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​នៅ​ក្នុង​ក្រុង​នេះ​ទេ។​

មន្ត្រី​រូប​នេះ​បាន​និយាយ​ប្រាប់​ VOA កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ក្រុង​រដ្ឋធានី​វ៉ាស៊ីនតោន​ (Washington) ថា វា​ជា​ការ​ «សមរម្យជាងដោយ​ហៅ​ការ​ណ៍នេះ​ថា​ជា​ជំហាន​យុទ្ធសាស្ត្រ​មួយ​នៅ​ក្នុង​ទិសដៅ​ត្រឹមត្រូវ។»

ដោយ​មាន​ការ​គាំទ្រ​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា. កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ជម្រុល​ទៅ​មុខ​ទៅ​កាន់​ផ្នែក​កណ្តាល​ក្រុង Ramadi កាល​ពី​សប្តាហ៍​មុន៕