សម្តេច​ហ៊ុនសែន បញ្ជាក់ថា ទុកពេល​អប់រំ​អ្នក​ប្រមាថ​សម្តេច​តាម​ហ្វេ​ស​ប៊ុ​ក​

ភ្នំពេញ: ​ជាថ្មី​ម្តងទៀត នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច នា​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ​ហ៊ុនសែន បានប្រកាសថា សម្តេច​ទុកពេល​អប់រំ​ចំពោះ​អ្នក​ជេរប្រមាថ​សម្តេច​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​មិន​ចាត់វិធានការ​ផ្លូវច្បាប់​នោះទេ​។ ក្នុងន័យនេះ សម្តេច​ហ៊ុនសែន លើកឡើងថា សម្តេច​ទុកពេល​អប់រំ​ឱយគេ​កែប្រែ ប្រសើរ​ជាង​ការ​វាយបក ដែលនាំឱយ​ខាត​ពេល និង​មាន​គុំនំ​កាន់តែខ្លាំង​។​

​ឆ្លើយតប​នឹង comment របស់​មិត្ត​ហ្វេ​ស​ប៊ុ​ក សម្តេច​ហ៊ុនសែន បានសរសេរថា "​សុំ​អរគុណ​ចំពោះ​ការ​កោត​ស​សើរ​ចំពោះ​ការអត់ធ្មត់ ចំពោះមុខ​ការប្រមាថ​ម​កលើ​រូបខ្ញុំ​។ អ្នក​ជេរ​ខ្ញុំ​ច្រើនជាងគេ គឺ​ពួក ប៉ុល ពត តែ​ទីបំផុត​ពួកគេ ត្រូវ​រលំរលាយ​ក្រោម​នយោបាយ​ឈ្នះៗ​របស់ខ្ញុំ​"​។

​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​ទុកពេល​អប់រំ​ឱយគេ​កែប្រែ ប្រសើរ​ជាង​ការ​វាយបក​ដែលនាំឱយ​ខាត​ពេល និង​មាន​គុំនំ​កាន់តែខ្លាំង​។ បើ​គេ​ខុស យើង​កុំ​ខុស​តាម​គេ នេះ​ជា​បទពិសោធន៍​មួយ​នៃ​ការងារ​នយោបាយ​រយៈពេល​វែង​របស់ខ្ញុំ​"​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើនេះ សម្តេច​ហ៊ុនសែន ក៏បាន​ភ្ជាប់​មក​នូវ​ការបញ្ចេញ​យោបល់​របស់​មិត្ត​ហ្វេ​ស​ប៊ុ​ក ដែល​សម្តេច​មិន​ចេញ​ឈ្មោះ "​ប្រជាពលរដ្ឋ​: តើ​នេះ​ជា facebook របស់​សម្តេច ហ៊ុន សែន មែន ឬ​មិនមែន​?? បើ​មែន ខ្ញុំ​សរសើរ​ដោយស្មោះ​ថា សម្តេច​ជាម​នុស្ស​តែ​១​គាត់ ដែល​ខ្ញុំ​គោរព ព្រោះ​ក្នុង account នេះ​ត្រូវបាន​គេ​ជេ គេ​ប្រមាតកាតទាន​យ៉ាង​ចាស់ដៃ ហើយ​មិន​តបត​សោះ ត្រង់នេះ​ហៅថា​វិ​រ​:​ជន​ខ្មែរ​ពិត តឺ​ផ្ទុយទៅវិញ បើ​មិនមែន​នោះ ខ្ញុំ​មានការ​ខកចិត្ត និង​សោកស្តាយ​ជាទីបំផុត​"​។​

​សូម​រម្លឹកថា ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ច្បាប់​បញ្ចប់​ការសិក្សា កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​ហ៊ុនសែន ក៏បាន​បង្ហាញ​នូវ​អ្នក​រិះគន់​ប្រមាថ​សម្តេច​ម្នាក់ តាម​ហ្វេ​ស​ប៊ុ​ក​។ សម្តេច​ក៏បាន​ព្រមាន​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងឡាយ ប្រុងប្រយ័ត្ន និង​បញ្ឈប់​ការរិះគន់​ប្រមាថ​លើស​ម្តេច ព្រោះថា អ្នកនោះ ទោះបីជា​លាក់​ឈ្មោះ លាក់​អត្តសញ្ញាណ​យ៉ាងណាក៏ដោយ ក៏​សម្តេច​អាច​រកឃើញ ហើយ​មិន​ដល់ ៧ ម៉ោង​ទេ គឺ​សមត្ថកិច្ច អាច​ចុះទៅ​នាំខ្លួន​ដល់ផ្ទះ​។​

​សម្តេច​ហ៊ុនសែន ក៏បាន​អំពាវនាវ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បញ្ចេញយោបល់ រិះគន់ ក្នុងន័យ​ស្ថាបនា ហើយ​សម្តេច ស្វាគមន៍​ទទួល និង​ដោះស្រាយ​រាល់​កង្វល់ បញ្ហា​របស់​ប្រជាពលរដ្ឋ និង​មិន​ចាប់កំហុស អូស​ដំណើរ​អ្វី​ទេ​៕​

សម្តេច​ហ៊ុនសែន បញ្ជាក់ថា ទុកពេល​អប់រំ​អ្នក​ប្រមាថ​សម្តេច​តាម​ហ្វេ​ស​ប៊ុ​ក​

សម្តេច​ហ៊ុនសែន បញ្ជាក់ថា ទុកពេល​អប់រំ​អ្នក​ប្រមាថ​សម្តេច​តាម​ហ្វេ​ស​ប៊ុ​ក​