ឡាន​ដឹក​កម្មករ បុក​ឡាន​កុងតឺន័រ ពីក្រោយ របួស ៥ នាក់

​កណ្តាល: កម្មការិនី​ចំនួន ៥​នាក់ ក្នុងចំណោម ២០​នាក់ បាន​រងរបួស ក្នុងករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​ដឹក​កម្មករ បើក​បុក​រថយន្ត​កុងតឺន័រពីក្រោយ កា​ពី​វេលា​ម៉ោង​ប្រមាណ ៥ និង ៣០ នាទី ល្ងាច​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤-២៦ ភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

​រថយន្ត​ដឹក​កម្មករ​ដែល​ជួប​គ្រោះ ថ្នាក់​ម៉ាក ទី​តាន់ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AD-1506 បើកបរ​ដោយ​ឈ្មោះ​ដា វិចិត្រ ភេទ​ប្រុស អាយុ​២៥ ឆ្នាំ មាន​ស្រុ​កំណើត ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង សព្វថ្ងៃ​បើកបរ​រថយន្ត​ដឹក​កម្មករ​អោយ​រោងចក្រ​កាត់ដេរ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ដោយឡែក​រថយន្ត​ដឹក​កុងតឺន័រ​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​ក្រោយ​កើតហេតុ​បើក​គេច​បាត់ ។​

​សាក្សី​ឃើញ​ហេតុ​ការ​ណី​បានអោយដឹងថា មុនពេល​គ្រោះថ្នាក់​រថយន្ត​កុងតឺន័រ ២-៣​គ្រឿង បើក​បន្តកន្ទុយ​គ្នា ក្នុងទិសដៅ​ពី​ភ្នំពេញ ទៅ​កៀនស្វាយ ដោយឡែក​រថយន្ត​ដឹក​កម្មករ បើក​នៅ​ពីក្រោយ ពោលគឺ​ស្រប​ទិស​គ្នា​។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​កុងតឺន័រ ដែល​បើក​នៅ​ពីមុខ​បាន​ជួប​ឧបសគ្គ ហើយ​ជាន់​ហ្វ្រាំង​បង្ខំ ហើយ​រថយន្ត​ដឹក​កម្មករ ជាន់​ហ្វ្រាំង​ដែរ តែ​មិន​ស៊ី ក៏​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ ពីក្រោយ បណ្តាលអោយ​កម្មការិនី​ចំនួន ៥​នាក់ រងរបួស ដោយឡែក ១៥​នាក់​ទៀត ស្រែក​ឡើង​ផ្អើល​អ្នកភូមិ​។​

​អ្នកបើករថយន្ត​ដឹក​កម្មករ​ឈ្មោះ ដា វិចិត្រ បាន​ប្រាប់ថា ដោយសារ​អ្នកបើករថយន្ត​កុងតឺន័រ​ជាន់​ហ្វ្រាំង​បង្ខំ ធ្វើអោយ​រូបគេ​ជាន់​ហ្វ្រាំង​ដែរ តែ​មិនសូវ​ស៊ី ក៏​ជ្រុល​ល្បឿន​ទៅបុក​រថយន្ត​ដឹក​កុងតឺន័រ ពីក្រោយ​តែម្តង​។​

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​នោះទេ ព្រោះ​កម្មករ កម្មការិនី ដែល​ជិះ​នៅលើ​រថយន្ត មិនបាន​ដាក់ពាក្យ​បណ្តឹង ដោយ​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ​។ មួយផ្នែក​ទៀត មិនមាន​ប៉ះពាល់​ដល់​អ្នកដំណើរ​ផ្សេង​ឡើយ ហើយ​អ្នកបើកបរ​រថយន្ត ជា​អ្នកធានា​ព្យាបាល ដល់ក​ម្មករ ដែល​រងរបួស ទើប​សមត្ថកិច្ច មិន​យក​រថយន្ត​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​៕​H/S

ឡាន​ដឹក​កម្មករ បុក​ឡាន​កុងតឺន័រ ពីក្រោយ របួស ៥ នាក់

ឡាន​ដឹក​កម្មករ បុក​ឡាន​កុងតឺន័រ ពីក្រោយ របួស ៥ នាក់