សរុប​ព្រឹត្តិការ​ណ៏​ចោរប្លន់​ក្នុង​ឆ្នាំ​២០១៥​នៃ​ខេត្តកំពង់ស្ពឺ​ ដែល​សមត្ថកិច្ច​បង្ក្រាប​អត់​បាន គឺ​បញ្ជាក់​ថា​ អន់​ណាស់​

ខេត្តកំពង់ស្ពឺ ៖ ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ ករណី​ចោរប្លន់​ប្រដាប់​អាវុធ​បាន​កើត​មាន​ឡើងជា​បន្តបន្ទាប់ ក្នុង​នោះ សមត្ថកិច្ច​ខេត្តកំពង់​ស្ពឺ មិន​ដែល​បង្ក្រាប​បាន​មួយ​ករណី​ណា​សោះ ដែល​នេះ​សបញ្ជាក់​ឱ្យ​មជ្ឈដ្ឋាន​ប្រពល​រដ្ឋ​ឃើញ​ថា ជា​សញ្ញា​អវិជ្ជមាន​របស់​សមត្ថ​កិច្ច​​ក្នុង​ការ​ការពារ​បង្ការ​បង្ក្រាប​បទល្មើស ដើម្បី​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៥ មក​រា ២០១៥ មាន​ករណី​ចោរប្លន់​ប្រដាប់​អាវុធ​ប្រដាប់​ដោយ​កាំភ្លើង​អាកា បាន​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​លក់​ចាប់ហួយ​ឈ្មោះ​លិ​ន ប៊ុ​ន​លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ដូង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ យក​បាន​៥​ជី​ប្លា​ទី​ន​ទូរស័ព្ទ​២​គ្រឿង​, លុយ​ខ្មែរ​១​លាន​រៀល ហើយ​គេចខ្លួន​បាត់ ។

ករណី​ទី​២ វេលា​ម៉ោង​០៦ និង​២០​នាទី​យប់​ថ្ងៃ​ទី​២៩ មេ​សា ២០១៥ ប្លន់​ផ្ទះ​ថៅកែ​ទិញ​ស្រូវ​នៅ​ភូមិ​ននលគក ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ យក​លុយ​ពី​ម្ចាស់ផ្ទះ​បាន​២០.០០០​ដុល្លារ ។ ម្ចាស់ផ្ទះ​រង​គ្រោះ​មានឈ្មោះ​សៅ វណ្ណៈ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ។

ករណី​ទី​៣ វេលា​ម៉ោង​០៧ និង​២០​នាទី​យប់​ថ្ងៃ​ទី​៩ ឧសភា ២០១៥ បាញ់​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​គិរី​រស្មី ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ ម្ចាស់ផ្ទះ​មានឈ្មោះ​ជុន សុខ​ហៀ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ យក​លុយ​បាន​ជិត​១០.០០០​ដុល្លារ​ហើយ​គេចខ្លួន​បាត់ ។

ករណី​ទី​៤ វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​២ កក្កដា ២០១៥ នៅ​ភូមិ​ប្រសព្វ​ជុំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចោរ​មួយ​ក្រុម​បាន​ចូល​ទៅ​បាញ់​ប្លន់​ផ្ទះ​គ្រូបង្រៀន​ម្នាក់​ឈ្មោះ​សុំ ណុ​ប ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ យក​លុយ​បាន​១០​លាន​រៀល និង​គ្រឿងអលង្ការ​មួយ​ចំនួន ហើយ​គេចខ្លួន​បាត់ ។

រំលង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង វេលា​ម៉ោង​០៧ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២០ កក្កដា ២០១៥ បាន​កើត​មាន​ឡើង​នៅ​ភូមិ​ស្លាប​លែង​ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ម្ចាស់ផ្ទះ​រង​គ្រោះ​មានឈ្មោះ​ហេង វណ្ណៈ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ថៅកែ​ឈើ ក្រុម​ចោរ​មួយ​ក្រុម​បាន​ចូល​ទៅ​បាញ់​ប្លន់ តែ​ត្រូវ​ម្ចាស់ផ្ទះ​តបត​វិញ ធ្វើ​ឱ្យ​ក្រុម​ចោរ​ភ័យ​ព្រលឹង​ចុង​សក់ រត់​យក​ប្រាស​អា​យ៉ូ​ស មិន​បាន​យក​ទ្រព្យ​សម្បត្តិ​​ម្ចាស់ផ្ទះ​នោះ​ទេ​។

ករណី​ទី​៥ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥ នៅ​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​​ទង ខេត្តកំពង់ស្ពឺ ក្រុម​ចោរ​មួយ​ក្រុម​បាន​ចូល​ទៅ​វាយ​ធ្វើបាប​ម្ចាស់ផ្ទះ​យក​គ្រឿងអលង្ការ​បាន​៤​ជី និង​ទ្រព្យសម្បត្តិ (​លុយ​ដុល្លា​)១២.០០០​ដុល្លារ ហើយ​បាន​បាញ់​គំរាម​មក​លើ​សមត្ថកិច្ច​ហើយ​គេចខ្លួន​បាត់​អស់ ។ ម្ចាស់ផ្ទះ​ផ្ទះ​រង​គ្រោះ​មានឈ្មោះ​ហ៊ី​ម សុខ​ហេង ជា​ថៅកែ​លក់​គ្រឿងសំណង់ ។

ករណី​ទី​៦ វេលា​ម៉ោង​០៦​ល្ងាច ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ ក្រុម​ចោរ​ចូល​ប្លន់​ផ្ទះ​ប្រធាន​ព​ន្ឋ​ដារ​ខេត្តកណ្តាល លោក​ទាវ សា​វឿ​ន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ នៅ​ភូមិ​ព្រៃ​រកា ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ យក​បាន​កាំភ្លើង​បេ​រ៉េ​តា​១​ដើម ហើយ​គេចខ្លួន​បាត់ ។​ករណី​នេះ​សមត្ថកិច្ច បាន​បើក​ការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ តែ​លទ្ធផល​ចុង​ក្រោយ​បញ្ជាក់​ថា ជា​រឿងប្រឌិត​របស់​កូន​ម្ចាស់​ផ្ទះ​។

ករណី​ទី​៧ វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៦ ធ្នូ ២០១៥ នៅ​ភូមិ​ប្រសព្វ​ជុំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រុម​ចោរ​បាន​កាប់​និង​បាញ់​ម្ចាស់ផ្ទះ ព្រមទាំង​កូន និង​ប្អូន បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ប្រមូល​យក​បាន​នូវ​ទ្រព្យសម្បត្តិ​មួយ​ចំនួន ដូច​ជា​មាស​៣​ដំឡឹង​, ចិញ្ចៀនពេជ្រ​១​វង់​, លុយ​៣០០០​ដុល្លារ​, ខ្សែ​.​ក​ប្លា​ទី​ន​២​ដំឡឹង​៨​ជី ។ ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ប៉ាន់ សុ​គឿ​ត ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ ជា​ថៅកែ​ស្វាយ ។ ក្រោយ​ធ្វើ​សកម្ម​ភា​បរ​យ​ច​ក្រុម​ចោរ​បាន​បាញ់កាំភ្លើង​អាកា​២​គ្រាប់ ហើយ​គេចខ្លួន​បាត់​។

ករណី​ទី​៨ វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ធ្នូ ២០១៥ ក្រុម​ចោរ​មួយ​ក្រុម បាន​ធ្វើ​សកម្មភាព​ចូល​បាញ់​ប្លន់​ផ្ទះ​លក់​មាស​នៅ​ផ្សារ​តា​ឡា​ត់ ឃុំ​អូរ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ម្ចាស់ផ្ទះ​មានឈ្មោះ​ផា​ន ផា​ន់​នី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ក្នុង​សកម្មភាព​នោះ​ក្រុម​ចោរ​បាន​បាញ់​បណ្តាល​អោយ​បុរស​ម្នាក់​ឈ្មោះ​អ៊ិ​ន ធឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​ស្មៀនឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម ។ ក្រុម​ចោរ​បាន​ប្រមូល​យក​គ្រឿងអលង្ការ​បាន​ចំនួន​២៦​ដំឡឹង ហើយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

សូម​រំលឹក​ថា សកម្មភាព​បាញ់​ប្លន់​ដែល​កើត​មាន​ឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តកំពង់ស្ពឺ​នេះ គឺ​ភាគច្រើន​ក្រុម​ចោរ​បាន​ប្រើប្រាស់​អាវុធ​អាកា​តែ​ម្តង ។ ក្នុង​នោះ​ផង​ដែរ ប្រជាពលរដ្ឋ​បាន​បន្ទោស​ទៅ​លើ​សមត្ថកិច្ច​ថា​អសមត្ថភាព ក្នុង​ការ​ការពារ និង​ធានា​សុវត្ថិ​ភាព​​ដល់​ពួក​គាត់ ជា​ពិសេស គឺ​ស្រុក​ភ្នំស្រួច​តែ​ម្តង ដែល​នៅ​ទីនោះ​សំបូរ​ទៅ​ដោយ​ល្បែង​គ្រប់​ប្រភេទ ដូច​ជា​កន្ទុយលេខ និង​ល្បែង​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។

ក្នុង​នោះ គេ​បាន​បន្ទោស​ចំ​ៗ​ទៅ​លើ​លោក​អធិកា​នគរបាល​ស្រុក​ភ្នំស្រួច ក៏​ដូច​ជា​អធិកា​នគរបាល​ស្រុក​ផ្សេង​ៗ​ទៀត​ថា អសមត្ថ​ភាព​​ក្នុង​ការ​ដឹកនាំ​បង្កា​បង្ក្រាប​រាល់​បទល្មើស​ដែល​កើត​មាន​ឡើង​ក្នុង​មូលដ្ឋាន​។ ករណី​នេះ ល្មម​មាន​វិធានការ​ចំពោះ​អាជ្ញាធរ​ខេត្ត​ម្តង​​ហើយ ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នកមាន​សមត្ថភាព ដែល​ថ្នាក់លើ​បាន​មើលឃើញ​បម្រើ​ប្រជាពលរដ្ឋ កុំឱ្យ​មានការ​ភ័យ​ខ្លាច​តទៅ​ទៀត ។